(ភ្នំពេញ)៖ កម្លាំងនគរបាល នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវីធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយកម្លាំងស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពី ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យ និងឃាត់ខ្លួន ជនជាតិវៀតណាមចំនួន២៧នាក់ មានស្រីចំនួន៥នាក់ ពីបទ «លួចឆ្លងដែន កំពុងស្នាក់នៅគ្មានលិខិតឆ្លងដែន និងធ្វើការងារខុសច្បាប់» នៅរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦នេះ។

លោកឧត្តមសេនីយ៍ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវីធី បានឲ្យដឹងថា ប្រតិបត្តិការចុះឃាត់ខ្លួន ជនជាតិវៀតណាមទាំងនេះ បានធ្វើឡើងនៅទីតាំងចំនួន២ រួមមានទី១ ស្ថិតនៅភូមិខ្វាខាងលិច សង្កាត់ដង្កោ ខណ្ឌដង្កោ ដែលមានគ្រួសារជាជនជាតិវៀតណាម និងសាច់ញាតិមកប្រកបរបរធ្វើស្រែត្រកួន និងទី២-សិប្បកម្មឈើរបស់ជនជាតិវៀតណាម ស្ថិតនៅភូមិម័ល សង្កាត់-ខណ្ឌដង្កោ។

សម្រាប់ជនជាតិវៀតណាមទាំងនេះ ត្រូវបានយកទៅសួរនាំបន្តទៀតនៅនាយកដ្ឋានដើម្បីអនុវត្តតាមច្បាប់ របស់ប្រទេសកម្ពុជា៕