(ភ្នំពេញ)៖ ដោយមានការណែនាំពី នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការកង រាជអាវុធហត្ថលើផ្ទៃប្រទេស នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានអញ្ជើញ នាយ នាយរង និងពលអាវុធហត្ថក្រោមឱវាទលោកទាំងអស់ មកជួបសំណេះសំណាលជាបន្តបន្ទាប់ ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មី ភ្ជាប់ជាមួយកាដូចំណងដៃ ក្នុងម្នាក់ៗទទួលបាន ទឹកក្រូចមួយកេស អាវយឺតមួយ ទឹកសុទ្ធ និងនំពាគ្រប់ៗគ្នា។

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានលើកឡើងថា ជានិច្ចជាកាល នាយឧត្តមសេនីយ៍ សៅ សុខា តែងតែយកចិត្តទុកដាក់គិតគូរ ពីសុខទុក្ខរបស់ អាវុធហត្ថគ្រប់ៗរូប បើទោះជាថ្ងៃនេះនាយឧត្តមសេនីយ៍ មិនបានអញ្ជើញមកជួបបងប្អូនដោយផ្ទាល់ ប៉ុន្តែឧត្តមសេនីយ៍បានផ្តាំផ្ញើសួរសុខទុក្ខ និងជូនពរបងប្អូនព្រមទាំងក្រុមគ្រួសារគ្រប់ៗគ្នា ពីចម្ងាយផងដែរ។

ឧត្តមសេនីយ៍ រ័ត្ន ស្រ៊ាង បានបន្ថែមទៀតថា ក្នុងនាមជាមេបញ្ជាការ ពិតជាមានមោទនភាពខ្លាំងណាស់ ដែលបានឃើញ កម្លាំងអាវុធហត្ថទូទាំង រាជធានីភ្នំពេញ មានសាមគ្គីភាពផ្ទៃក្នុងល្អ ឯកភាពគ្នាតែមួយបំពេញភារកិច្ចសម្រេចបាន ស្នាដៃធំៗជាច្រើនពិសេសការបង្ក្រាបក្រុមចោរប្លន់ ប្រដាប់អាវុធដ៏សកម្ម និងសាហាវឃោរឃៅ ដោយបានប្លន់និងបាញ់ជនរងគ្រោះ ឲ្យស្លាប់និងរបួសជាច្រើននាក់ក្នុងរាជធានីភ្នំពេញ បង្រ្កាបក្រុមជួញដូរគ្រឿងញៀនធំៗជាច្រើន ដែលថ្មីៗនេះ បង្រ្កាបបានគ្រឿងញៀន រហូតដល់ទៅ ជាង១៣គីឡូក្រាម និងបានជួយសង្គ្រោះប្រជាពលរដ្ឋ ចេញពីគ្រោះអគ្គីភ័យ ទទួលបានការគោរព និងកោតសរសើរពីគ្រប់មជ្ឈដ្ឋាន។

ការសម្រេចស្នាដៃទាំងអស់នេះ ជាការរួមចំណែកមួយយ៉ាងធំ ក្នុងការថែរក្សា សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ក្នុងរាជធានីភ្នំពេញយើងទាំងមូល។ ឧត្តមសេនីយ៍ រ័ត្ន ស្រ៊ាង បន្តទៀតថា ទឹកក្រូចចំនួនពីរពាន់កេស ដែលបានរៀបចំចែកជូនដល់បងប្អូននៅពេលនេះ សង្ឃឹមថា បានចូលរួមចំណែក ក្នុងការអបអរសាទរបុណ្យចូលឆ្នាំថ្មី ជាមួយក្រុមគ្រួសារ សាច់ញាតិ ប្រពន្ធកូនបងប្អូនផងដែរ រីឯអាវយឺតដែល ចែកជូនម្នាក់មួយ នៅពេលនេះ គឺសម្រាប់ពាក់ចូលរួម ក្នុងពិធីជប់លៀង អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិជាមួយគ្នា ក្នុងទីបញ្ជាការ នៅថ្ងៃទី២៨ ខែមីនា ខាងមុខនេះ។

ជាចុងក្រោយ ឧត្តមសេនីយ៍ រ័ត្ន ស្រ៊ាង បានសំណូមពរដល់នាយ នាយរង និងពលអាវុធហត្ថទូទាំងរាជធានីក្រោមឱវាទលោកទាំងអស់ សូមបន្ត វប្បធម៌ សាមគ្គីភាពផ្ទៃក្នុង ឯកភាពគ្នាតែមួយ ប្រឹងប្រែងបំពេញភារកិច្ច បំរើ ការពារ សង្គ្រោះ ប្រជាពលរដ្ឋ គោរពច្បាប់និងសិទ្ធមនុស្ស លះបង់កម្លាំងកាយចិត្តចូលរួមថែរក្សា សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម និងស្ថេរភាពនយោបាយកម្ពុជា ឲ្យកាន់តែល្អប្រសើរតទៅមុខទៀត កុំបីរុញរាឡើយ៕