(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានឲ្យដឹងថា សម្តេចមានសិទ្ធិឈឺ តែមិនមានសិទ្ធិឈប់ទេ, សម្តេចខំធ្វើការងារ និងព្រមទាំងបានដឹកនាំប្រជុំគណៈរដ្ឋមន្ត្រី និងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅចូលរួមកិច្ចប្រជុំនៅប្រទេស ចិនទៀត ទាំងមានជំងឺគ្រុនផ្តាសាយ ហើយក៏គ្មានកម្មវិធីណាមួយទាំងក្នុង និងក្រៅប្រទេសត្រូវបានលុបចោលនោះទេ នេះបើយោងតាម Facebook របស់សម្តេចបង្ហាញនៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦នេះ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងយ៉ាងដូច្នេះថា៖ «ខ្ញុំមានសិទ្ធិឈឺ តែមិនមានសិទ្ឋិឈប់នោះទេ។ បងប្អូនមួយចំនួន បានធ្វើការកត់សំគាល់ថា ទឹកមុខខ្ញុំមិនសូវសប្បាយចិត្ត។ តាមពិតខ្ញុំគ្រុនផ្តាសាយតាំងពីខ្ញុំដឹកនាំប្រជុំគណៈរដ្ឋមន្ត្រី ថ្ងៃសុក្រសប្ដាហ៍មុនមកម្ល៉េះ។ ខ្ញុំព្យាបាលផង និងធ្វើការផង ដោយពុំមានកម្មវិធីណាមួយទាំងក្នុងប្រទេស និងក្រៅប្រទេស ត្រូវបានលុបចោលនោះទេ។ សង្ឃឹមថា ចុងសប្ដាហ៍នេះ ខ្ញុំនឹងជាសះស្បើយ»។

សូមជំរាបថា ពីម្សិលមិញ សម្តេចតេជោ ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តី​នៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ត្រឡប់មកដល់ប្រទេសកម្ពុជា នៅវេលាម៉ោងប្រមាណ១៦៖១០នាទីរសៀល បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាង នៅទីក្រុងសាន់យ៉ា (Sanya) និងចូលរួមសន្និសីទប្រចាំឆ្នាំនៃវេទិកាបូអាវ នៅទីក្រុងបូអាវ (Bo Ao) នៅខេត្តហៃណាន ប្រទេសចិន រយៈពេល៣ថ្ងៃ៕