(ភ្នំពេញ)៖ ព្រោះតែចង់បានប័ណ្ណបើកបរដោយមិនឆ្លងកាត់ការប្រឡងនោះ បានធ្វើឱ្យប្រជាពលរដ្ឋមួយចំនួនចាញ់បោកជនកំហូចដែលបន្លំខ្លួនធ្វើជាមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនជាបន្តបន្ទាប់។

កាលពីខែមីនា ឆ្នាំ២០២១នេះ អង្គភាពព័ត៌មាន Fresh News បានទទួលសេចក្តីរាយការណ៍រឿងឆបោកនេះមួយករណីពីប្រជាពលរដ្ឋនៅក្នុងខេត្តកណ្តាល។ នៅថ្ងៃទី៣១ ខែកក្កដានេះ ក៏ទទួលបានករណីឆបោកដូចគ្នានេះមួយករណីទៀត ពីប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ស្ពឺ។

ប្រជាពលរដ្ឋរងការចាញ់បោកទាំងពីរករណីនេះ គឺចាញ់បោកបុគ្គលប្រើប្រាស់ហ្វេសប៊ុកមានគណនីឈ្មោះ «ភក្ត្រា សាធារណការ និងដឹកជញ្ជូន» ដូចគ្នា។ បើតាមប្រជាពលរដ្ឋរងការចាញ់បោកនេះ បានអះអាងប្រាប់ Fresh News បុគ្គលរូប បានអះអាងថា រូបគេអាចធ្វើប័ណ្ណបើកបររថយន្តដោយមិនចាំបាច់ឆ្លងការប្រឡងជាមួយក្រសួងសាធារណការ និងដឹកជញ្ជូននោះឡើយ។

ដើម្បីទទួលបានប័ណ្ណបើកបរដោយមិនបាច់ប្រឡងនេះ គឺត្រូវចំណាយថវិកាប្រមាណ ៥០០ដុល្លារ។ វិធីនៃការឆបោកនេះ គឺជនឆបោកបានល្បួងឱ្យអ្នកចង់ធ្វើប័ណ្ណបើកបរនេះផ្ញើឯកសារពាក់ព័ន្ធ បន្ទាប់មកក៏ណែនាំឱ្យផ្ញើលុយតាមវីងជាពីរដំណាក់។

ករណីឆបោកទី១ ជនឆបោក បានឱ្យជនរងការចាញ់បោកផ្ញើលុយទៅតាមលេខទូរស័ព្ទ 096 64 202 52។ ករណីឆបោកទី២ ជនឆបោក បានឱ្យជនរងការចាញ់បោក ផ្ញើលុយទៅតាមលេខទូរស័ព្ទ 081 336 609។

ទង្វើឆបោករបស់ជនខិលខូចរឿងធ្វើប័ណ្ណបើកបរដោយមិនបាច់ប្រឡងនេះ មិនមែនមានតែពីរករណីខាងលើនេះទេ។ កន្លងទៅក៏មានសេចក្តីរាយការណ៍ក្រោមរូបភាពបែបនេះជាច្រើនករណីផងដែរ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោយពេលមកដឹកនាំក្រសួងនេះ បានប្រឹងប្រែងយ៉ាងខ្លាំងក្នុងការលុបបំបាត់ភាពស្មុគស្មាញលើសេវាធ្វើប័ណ្ណបើកបរ ក៏ដូចជាលុបបំបាត់អំពើពុករលួយលើការធ្វើប័ណ្ណបើកបរ ដែលជាបញ្ហាចាក់ស្រេះនៅក្នុងក្រសួង។

លោកទេសរដ្ឋមន្ត្រី ធ្លាប់បានអះអាងថា មិនមានការធ្វើប័ណ្ណបើកបរណាមួយដោយគ្មានការប្រឡងនោះឡើយ។ លោកក៏ធ្លាប់បានព្រមានចាត់វិធានការតាមច្បាប់ចំពោះមន្ត្រី ដែលគប់គិតប្រព្រឹត្តអំពើពុករលួយលើការធ្វើប័ណ្ណបើកបរនេះផងដែរ។

លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់បានប្រាប់ Fresh News ថា ក្រសួងបានទទួលករណីបែបនេះជាច្រើនករណី ហើយកំពុងចាត់វិធានការស្វែងរកជនឆបោកនេះផងដែរ។

បើតាមលោក សុទ្ធាយុត្តិ ជនខិលខូចនេះ តែងតែងព្យាយាមបង្កើតគណនីហ្វេសប៊ុកផ្សេងៗ ដើម្បីធ្វើសកម្មភាពឆបោក ជាហេតុនាំឱ្យពិបាកតាមរកជនឆបោកនេះមកផ្តន្ទាទោស។

លោក សុទ្ធាយុត្តិ ក៏បានអំពាវនាវទៅដល់ប្រជាពលរដ្ឋឱ្យគិតគូរ និងពិចារណាឱ្យច្បាស់លាស់មុនលង់ជឿលើការលួងលោមពីជនខិលខូចបែបនេះ។ លោកបានបញ្ជាក់ថា ក្រសួងមិនអនុញ្ញាឱ្យមានការធ្វើប័ណ្ណបើកបរដោយគ្មានការប្រឡងឱ្យបានត្រឹមត្រូវនោះឡើយ៕