(​ព្រុច​សែ​ល​)៖ ប៉ូលិស​បែលហ្ស៊ិក បានឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​មីនា​នេះ​ថា មាន​មនុស្ស ៦​នាក់ ត្រូវបាន​ចាប់ខ្លួន​ពាក់ព័ន្ធ​នឹង​ករណី​បំផ្ទុះ​គ្រាប់បែក​នៅ​កណ្ដាល​ទីក្រុង​ព្រុច​សែ​ល ដែល​ជា​ទង្វើ​របស់​ក្រុម​ឧទ្ទាម ISIS នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​សារព័ត៌មាន AP ចេញផ្សាយ​មុន​នេះ​បន្ដិច​។​

​មនុស្ស​ទាំង ៦​នាក់ ដែល​ត្រូវ​ចាប់ខ្លួន​នោះ មិន​ត្រូវបាន​ប៉ូលិស​បង្ហាញ​អត្តសញ្ញាណ​ឡើយ ប៉ុន្តែ​ជនសង្ស័យ​៣​នាក់ ដែល​ថត​បាន​ដោយ​កាមេរ៉ា CCTV នៅក្នុង​អាកាសយានដ្ឋាន​គឺ​ត្រូវបាន​ប៉ូលិស​ស្គាល់​អត្តសញ្ញាណ និង​កំពុងតែ​តាម​ស្វែងរក ខណៈ​របាយការណ៍​ស៊ើបអង្កេត​ថ្មី​បានបង្ហាញ​ថា ក្រុម​ភេរ​វករ​មាន​ផែនការ​វាយប្រហា​ររ​ស្ថានីយ​ថាមពលនុយក្លេអ៊ែរ​បែលហ្ស៊ិក ប៉ុន្តែ​បាន​ប្ដូរ​គោលដៅ​មក​វាយប្រហារ​នៅ​អាកាសយានដ្ឋាន និង​នៅ​ចំណត​រថភ្លើង​ក្រោម​ដី​ទៅ​វិញ​។​

​គួរ​បញ្ជាក់​ផង​ដែរ កាលពី​ថ្ងៃ​អង្គារ ទី​២២ ខែ​មីនា​កន្លងទៅនេះ មាន​ករណី​បំផ្ទុះ​គ្រាប់បែក​ផ្ទួនៗ​នៅ​អាកាសយានដ្ឋាន និង​ចំណត​រថភ្លើង​ក្រោម​ដី កណ្ដាល​ទីក្រុង​ព្រុច​សែ​ល បណ្ដាលឲ្យ​មនុស្ស​៣៤​នាក់​ស្លាប់ និង​របួស​ជាង ២៥០​នាក់​៕​