(ភ្នំពេញ)៖ វ៉ាក់សាំងកូវីដ១៩ Johnson & Johnson ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនអាមេរិក ចំនួន៦០៩៦០០ដូសបន្ថែមទៀត តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់ នឹងដឹកមកដល់ប្រទេសកម្ពុជានៅវេលាម៉ោង១២យប់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ ដែលចំនួននេះជាជំហានទី២ នៃជំនួយសរុប១លានដូសមកកាន់កម្ពុជា។

នេះបើយោងតាមលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅមុននេះបន្តិច។

តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់សាំង, សហរដ្ឋអាមេរិក បានប្រកាសផ្តល់វ៉ាក់សាំងចំនួន ១លាន៦ម៉ឺន១០០ដូស (1,060,100) ដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដោយជំនួយលើកទី១ ទទួលបានរួចហើយចំនួន ៤៥០,៥០០ដូស និងលើកទី២នេះ ចំនួន ៦០៩,៦០០ដូស។

ស្ថានទូតអាមេរិក បានប្រកាសថា អំណោយនេះគឺជាផ្នែកមួយនៃការគាំទ្រជាបន្តបន្ទាប់របស់សហរដ្ឋអាមេរិក ចំពោះប្រជាជនកម្ពុជា និងនៅក្នុងតំបន់ ក្នុងពេលកំពុងតែប្រឹងងើបចេញពីជំងឺរាតត្បាតយ៉ាងធ្ងន់ធ្ងរនេះ៕