(ភ្នំពេញ)៖ អាជ្ញាធរខេត្តកណ្តាល បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ បំប្លែងថ្មី Detal ចំនួន២ករណី ដោយក្នុងនោះ ១ករណី ត្រូវបានរកឃើញលើអ្នកជំងឺនៅស្រុកល្វាឯម និង ១ករណីទៀត ត្រូវបានរកឃើញនៅស្រុកកោះធំ ដែលរកឃើញនាថ្ងៃទី១ ខែសីហា ម្សិលមិញ។ នេះបើតាមលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២ ខែសីហានេះ។

លោកអភិបាលខេត្ត បានអះអាងថា ១ករណីដែលគេរកឃើញទៅលើមនុស្សម្នាក់ នៅស្រុកល្វាឯម ជាអ្នកធ្វើការមកពីភ្នំពេញ និង ១ករណីទៀតនៅឯស្រុកកោះធំ មានមុខរបរជាចុងភៅ តែពុំទាន់ដឹងច្បាស់ពីសាវតានៅឡើយទេ ខណ:មន្រ្តីសុខាភិបាល និងអាជ្ញាធរកំពុងស្រាវជ្រាវបន្តទៀត។

ចំពោះករណីនេះ លោក គង់ សោភ័ណ្ឌ បានបញ្ជាឱ្យអភិបាលស្រុកទាំង២ស្រុក ធ្វើការលើរឿងនេះឱ្យម៉ត់ចត់បំផុត ដោយតាមយកអ្នកពាក់ព័ន្ធទាំងអស់មកធ្វើសំណាក និងធ្វើចត្តាឡីស័កទាំងអស់ ពិសេសគឺត្រួតពិនិត្យឱ្យម៉ត់ចត់មនុស្សក្នុងភូមិ អ្នកជិតខាងជាដើម។

ជាមួយគ្នានេះ វិធានការបិទខ្ទប់ទីតាំងប្រឈមហានិភ័យខ្ពស់ត្រូវបានរិតត្បិតនៅទូទាំងខេត្តកណ្ដាល ហើយអាជ្ញាធរនឹងចាត់វិធានការផ្លូវច្បាប់ទៅលើទីតាំងទាំងឡាយណាដែលហ៊ានប្រព្រឹត្តិល្មើសនឹងបម្រាមនេះ។

សូមជម្រាបថា នៅយប់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីប្រកាសរកឃើញវីរុសកូវីដ១៩ បំប្លែងថ្មី Delta ចំនួន១០៩ករណី បន្ថែមទៀត នៅចន្លោះថ្ងៃទី៣១ ខែកក្កដា និងថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១៕