(ពោធិ៍សាត់)៖ អង្គភាពពន្ធនាគារខេត្តពោធិ៍សាត់ នាថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ បានទទួលអំណោយពីសភាពាណិជ្ជកម្មខេត្ត ដែលបានឧបត្ថម្ភ គ្រឿងសម្ភារបរិក្ខារ រួមមាន៖ ម៉ាស់ អាល់កុល និងថ្នាំវីតាមីន C សម្រាប់ប្រើប្រាស់ក្នុងវិធានការបង្ការ ការពារ និងទប់ស្កាត់ ជំងឺកូវីដ១៩ នៅក្នុងអង្គភាព។

ក្នុងពិធីប្រគល់ទទួលអំណោយនេះ ត្រូវបានធ្វើឡើងនៅទីស្នាក់ការសភាពាណិជ្ជកម្មខេត្តពោធិ៍សាត់ ដោយបានការចូលរួមពីលោក កែវ រិទ្ធី អនុប្រធានសភាពាណិជ្ជកម្មខេត្ត តំណាងលោកឧកញ៉ា ទុយ គី អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មខេត្តពោធិ៍សាត់ និងលោក អ៉ី សំអុល ប្រធានពន្ធនាគារខេត្ត។

សម្ភារបរិក្ខា ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដែលត្រូវផ្តល់ជូនពន្ធនាគារខេត្តពោធិ៍សាត់ រួមមាន៖ ម៉ាស់ ចំនួន៤កេសធំ ស្មើនឹង១ម៉ឺនម៉ាស់, អាល់កុលចំណុះ៣០លីត្រ ចំនួន៦០កាដុង និងថ្នាំពេទ្យវីតាមីនC ចំនួន១៦០ប្រអប់តូច។

ក្នុងនាមជាថ្នាក់ដឹកនាំពន្ធនាគារខេត្តពោធិ៍សាត់, លោក អ៉ី សំអុល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះលោកឧកញ៉ា ទុយ គី អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មខេត្ត ព្រមទាំងសហការី ដែលបាននាំយកអំណោយ មកផ្តល់ជូន សម្រាប់ប្រើប្រាស់ក្នុងវិធានការបង្ការ ការពារ និងទប់ស្កាត់ ជំងឺកូវីដ១៩ នៅក្នុងដល់អង្គភាពពន្ធនាគារខេត្ត។

លោក អ៉ី សំអុល បានចាត់ទុកថា កាយវិការមនុស្សធម៌ របស់លោកឧកញ៉ា ទុយ គី និងសហការីនាពេលនេះ គឺបានបង្ហាញពីទឹកចិត្តយ៉ាងល្អប្រពៃ និងជាវប្បធម៌នៃការចែករំលែក ចេះជួយគ្នា ក្នុងគ្រាដែលជួបទុក្ខលំបាក ជាការជួយទាន់ពេលវេលា និងចំគោលដៅ សម្រាប់តម្រូវការចាំបាច់ក្នុងអង្គភាព ដែលសកម្មភាពនេះ ជាការចូលរួមចំណែកយ៉ាងសកម្មជាមួយរដ្ឋបាលខេត្ត ក៏ដូចជារាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ជំងឺកូវីដ១៩៕