(ឧត្តរមានជ័យ)៖ អភិបាលខេត្តឧត្តរមានជ័យ លោក ស ថាវី បានត្រៀមនំបញ្ចុកប្រមាណ ១តោនគីឡូក្រាម រៀបចំពិធីជួបជុំសប្បាយ ដ៏អធឹកអធមមួយជូនប្រជាពលរដ្ឋនៅក្នុងភូមិ «ស្រះកែវថ្មី» ដែលជាភូមិទើបបង្កើតថ្មី ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ។

ក្នុងពិធីចុះបើកការដ្ឋានបង្កើតភូមិ «ស្រះកែវថ្មី» ស្ថិតក្នុងឃុំចុងកាល់ ស្រុកចុងកាល់ នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦នេះ លោក ស ថាវី បានប្រកាសថា លោកនឹងរៀបចំពិធីជប់លៀង​ជូនប្រជាពល​រដ្ឋ​ភូមិស្រះកែវ ដោយហូបនំបញ្ចុកជុំគ្នាចំនួន ១តោនគីឡូក្រាមមុនបុណ្យចូលឆ្នាំខ្មែរ ដើម្បីបង្កើតភាពសប្បាយរីករាយ ក៏ដូចជាបង្កើតនូវចំណងសាមគ្គីភាពរបស់ប្រជាពលរដ្ឋក្នុងភូមិផងដែរ។ ក្រៅពីហូប​នំបញ្ចុកជុំគ្នាហើយនោះ ក៏មានការលេងភ្លេងស្គរពក ភ្លេងខ្មែរបុរាណលេងកំដរផងដែរ។

សូមបញ្ជាក់ថា ភូមិស្រះកែវថ្មី ដែលបានបើកការដ្ឋាននៅថ្ងៃនេះ គឺដើម្បីជម្លៀសប្រជាពលរដ្ឋពីភូមិស្រះកែវចាស់ ដែលប្រឈមការជន់លិចផ្ទះសំបែង និងផលដំណាំពីអាងស្តុកទឹកស្ទឹងស្រែងទី២។

លោក ស ថាវី បានបញ្ជាក់ទៀតថា ដីភូមិថ្មីនេះ ក្នុងមួយគ្រួសារទទួលបាន ៥០ម៉ែត្រ គុណ ១០០ម៉ែត្រ ដីបង្កបង្កើនផលក្នុងមួយគ្រួសារ ២ហិកតា ហើយក៏មានដីសម្រាប់ធ្វើសាលារៀន មណ្ឌលសុខ​ភាព ផ្សារ វត្តអារ៉ាមផងដែរ។

ប្រជាពលរដ្ឋ បានសម្តែងក្តីសប្បាយរីករាយខ្លាំង ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជា ហ៊ុន សែន ជាប្រមុខតែងតែង គិតគូរយកចិត្តទុកដាក់ដល់សុខទុក្ខរបស់ប្រជាពលរដ្ឋ ជាហេតុធ្វើឲ្យ​មានភាពកក់ក្តៅ និងជំនឿងចិត្តលើការដឹកនាំរបស់សម្តេច។

ក្នុងឱកាសនោះ លោកអភិបាលខេត្ត ក៏បាននាំអំណោយយកទៅចែកជូនប្រជាពលរដ្ឋចូលរួមដោយក្នុងម្នាក់ៗ ទទួបានសារុង១ អ្នកដែលមិនបានសារុងទទួលបានថវិកា ១០,០០០រៀល យាយជីតាជីម្នាក់ ១០,០០០រៀល លោកគ្រូ អ្នកគ្រូម្នាក់ៗ ថវិកា ២០,០០០រៀល សិស្សានុសិស្សម្នាក់១០,០០០រៀល៕