(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦នេះ បានប្រកាសបើកជាផ្លូវការ នូវការប្រកួតប្រជែងពានរង្វាន់ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានវិទ្យា ឆ្នាំ២០១៦​ ដើម្បីឲ្យក្រុមហ៊ុនឯកជន អង្គការនានា ក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ចូលរួមប្រកួតប្រជែងដណ្តើមពានរង្វាន់នេះ ឲ្យបានច្រើន។

លោក កាន ច័ន្ទមេតា រដ្ឋលេខាធិការក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍កម្ពុជា បានថ្លែងក្នុងពិធីនោះថា ការប្រកួតប្រជែងពានរង្វាន់ Camboia ICT Awards 2016 នេះ ជាកម្មវិធីថ្នាក់ជាតិមួយ ដែលបង្កើតឡើងក្នុងគោលបំណង លើកតម្កើននូវការយល់ដឹងខាងផ្នែក បច្ចេកវិទ្យាទូរគមនាគមន៍ និងព័ត៌មានវិទ្យា ក្នុងស្រទាប់សាធារណជន និងជួយកាត់បន្ថយគម្លាត Digital នៅក្នុងសហគមជំនួញ និងរវាងប្រជាជនដែលរស់នៅតាមខេត្តនិងទីក្រុង។

លោកបន្តថា នេះជាឆ្នាំទី២ហើយ ដែលក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ រៀបចំការប្រកួតប្រជែងថ្នាក់ជាតិនេះឡើង ហើយកម្មវិធីនេះនិងផ្តល់ឱកាស ក្នុងការជំរុញនវានុវត្តន៍ (ការស្វែងរកគំនិតច្នៃប្រឌិតថ្មី) ក្នុងវិស័យ ICT ក៏ដូចជាលើកទឹកចិត្ត លើការបង្កើតគំនិតថ្មីៗ ក្នុងចំណោមក្រុមហ៊ុនឯកជន និងស្ថាប័នពាក់ព័ន្ធនិងវិស័យ ICT នៅកម្ពុជា។

ជាមួយគ្នានេះ ដែលលោករដ្ឋលេខាធិការ ក៏បានអំពាវនាវឲ្យក្រុមហ៊ុនឯកជន ក្នុងវិស័យ ICT នៅកម្ពុជាចួលរួមឲ្យបានច្រើន ក្នុងការប្រកួតប្រជែងថ្នាក់ជាតិ ដើម្បីលើកស្ទួយវិស័យនេះ ឲ្យកាន់តែរីកចម្រើនថែមទៀត។

លោក សេង សុភាព នាយកវិទ្យាស្ថានជាតិ ប្រៃសណីយ៍ ទូរគមនាគមន៍ បានថ្លែងថា កម្មវិធីប្រកួតប្រជែងថ្នាក់ជាតិនេះ ក៏និងផ្តល់ឱកាសឲ្យបេក្ខជនឬក្រុមហ៊ុន ដែលទទួលបានជ័យលាភីក្លាយ ទៅជាតំណាងប្រទេសកម្ពុជា ទៅចូលរួមប្រកួតប្រជែងពានរង្វាន់ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានថ្នាក់អាស៊ាន ឆ្នាំ២០១៦ ផងដែរ។

លោក សេង សុភាព បន្ថែមថា សម្រាប់ម្ចាស់ជយលាភី ក្នុងកម្មវិធីប្រកួតប្រជែងនេះ និងទទួលបានវិញ្ញាបណ្ណបត្រជយលាភី និងប្រាក់រង្វាន់ដូចជា៖ លេខ១ ទទួលបានទឹកប្រាក់៥ពាន់ដុល្លារ, លេខ២ ទទួលបាន២ពាន់ដុល្លារ និងលេខ៣ ទទួលបាន១ពាន់ដុល្លារ។

ការទទួលពាក្យចូលរួមប្រកួតប្រជែង នឹងត្រូវចាប់ផ្តើមនៅថ្ងៃទី២៥ ខែមីនា ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦ ហើយការប្រកាសលទ្ធផលជ្រើសរើស វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នឹងធ្វើឡើងនៅថ្ងៃទី៣១ ខែឧសភា ខណៈប្រកួតប្រជែងវគ្គផ្តាច់ព្រ័ត្រ នឹងត្រូវធ្វើឡើងនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦។ ក្នុងការប្រកួតពានរង្វាន់ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានវិទ្យាឆ្នាំ២០១៦នេះ អង្គភាពព័ត៌មាន Fresh News ក៏បានចូលរួមជា Media sponsor ផងដែរ។

សម្រាប់ការទាញយក សំណុំបែបបទចូលរួមប្រកួតប្រជែង អាចរកបានតាមរយៈគេហទំព័រ www.cambodiaictaward.com ដោយផ្ទាល់ រួចបំពេញឈ្មោះតាមរយៈទំរង់ពាក្យ អេឡិចត្រូនិក រួចផ្ញើ URL វិដេអូលើ Youtube មុននឹងចុចប៊ូតុង Submit។ បេក្ខជន/ ក្រុមហ៊ុន ត្រូវដាក់សំណុំបែបបទចូលរួម កម្មវិធីប្រកួតប្រជែង និងឯកសារពាក់ព័ន្ធដទៃទៀត ក្នុងស្រោមសំបុត្របិទជិតដោយដៃ ជាមួយត្រាបញ្ជាក់ក្រុមហ៊ុនរបស់សាម៉ីខ្លួន ហើយផ្ញើទៅកាន់ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ ឬអ៊ីម៉ែលអាស័យដ្ឋាន [email protected]