(​ទ្រី​ប៉ូ​លី​)៖ រដ្ឋាភិបាល​ដែល​ឡើង​កាន់​អំណាច​ដោយ​ខ្លួនឯង​នៅ​ទីក្រុង​ទ្រី​ប៉ូ​លី បាន​ធ្វើ​ការប្រកាសអាសន្ន​នៅ​ទូទាំង​ប្រទេស បន្ទាប់​ពី​ទទួលបាន​របាយការណ៍​មក​ថា សមាជិក​នៃ​រដ្ឋាភិបាល​និរទេស ដែល​គាំទ្រ​ដោយ​អង្គការសហប្រជាជាតិ (UN) នឹង​ធ្វើដំណើរ​មក​កាន់​រដ្ឋធានី​នេះ​។ នេះ​បើ​តាម​ការផ្សាយ​របស់​ទីភ្នាក់ងារ ព័ត៌មាន​ចិន​ស៊ិន​ហួរ​មុន​នេះ​បន្តិចនៅ​ថ្ងៃ​សុក្រ ទី​២៥ ខែ​មីនា ឆ្នាំ​២០១៦​។​

​រដ្ឋាភិបាល ដែល​មិន​មាន​ការគាំទ្រ​ដោយ​អន្តរជាតិ​ខាងលើនេះ បានប្រកាស​ដូច្នេះ​ថា «​ការប្រកាសអាសន្ន​ក្នុងប្រទេស ត្រូវបាន​ធ្វើឡើង​ហើយ​។ គណរដ្ឋមន្ត្រី​របស់​យើង​គឺ​ស្របច្បាប់​»​។ លោក Khalifa Ghwell នាយករដ្ឋមន្ត្រី​លី​ប៊ី បាន​និយាយទៀតថា លោក​បាន​បញ្ជា​ឲ្យ​ភ្នាក់ងារ​សន្តិសុខ និង​ក្រុម​ប្រដាប់អាវុធ​ធ្វើ​ការបង្កើន​កងកម្លាំង​សន្តិសុខ​នៅ​តាម​ប៉ុស្តិ៍​ត្រួតពិនិត្យ និង​តំបន់​យាម​ល្បាត​។​

​ដោយឡែក​លោក Feyez Serraj នាយករដ្ឋមន្ត្រី​នៃ​រដ្ឋាភិបាល​និរទេស​លី​ប៊ី ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ទុយ​នី​ស៊ី និង​គាំទ្រ​ដោយ UN នោះ​បាន​អះអាង​ថា​ក្រុម​របស់​លោក នឹង​វិល​ចូល​ទៅ​រដ្ឋធានី​ទ្រី​ប៉ូ​លី​វិញ នៅ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ទៀត ដែល​ជាហេតុ​នាំឲ្យ​មាន​ការព្រួយបារម្ភ​ផ្នែក​សន្តិសុខ​យ៉ាងខ្លាំង​។ បើទោះបីជា មាន​ការសម្របសម្រួល​ពី UN ក្តី ក៏​ភាគី​ជម្លោះ​ទាំងពីរ មិនទាន់​មាន​ការស្រុះស្រួល​គ្នា​ទាំងស្រុង​ដែរ​៕​