(ភ្នំពេញ)៖ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦នេះ ក្រសួងទេសចរណ៍ បានបើកសិក្ខាសាលា​មួយស្តីពី​ការរៀបចំរបាយការណ៍​មុខងារបញ្ជីវិភាគមុនងារ និងការពិនិត្យមើលមុខងារឡើងវិញ ដើម្បីរកដំណោះ​ស្រាយល្អ ឈានទៅសម្រេចគោល​ការណ៍ផ្ទេរមុខងារ និងធនធានទៅរដ្ឋបាល​ថ្នាក់ក្រោមជាតិ។

សិក្ខាសាលានេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ដោយមានមន្រ្តីពាក់ព័ន្ធនានាចូលរួម។

លោក ថោង ខុន រដ្ឋមន្រ្តីទេសចរណ៍ បានស្នើឱ្យមន្ត្រីក្រសួងទេសចរណ៍ យកចិត្តទុកដាក់និងពិភាក្សាគ្នា ដើម្បីស្វែងរកចំណុចល្អ និងគន្លឹះថ្មីៗបន្ថែមទៀត ក្នុងការរៀបចំរបាយការណ៍ បញ្ចប់បញ្ជីវិភាគ​មុខងារ ការពិនិត្យមើលមុខងារឡើងវិញ និងពិនិត្យលទ្ធភាពផ្ទេរមុខងារ និងធនធានឱ្យទៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីឆ្លើយតបទៅនឹងស្ថានភាពជាក់ស្តែង និងសំណូមពររបស់ប្រជាពលរដ្ឋចំពោះមុខ និងទៅអនាគត។

លោក ថោង ខុន បានថា សិក្ខាសាលានេះ បានរកឃើញចំណុចល្អៗ និងការប្រឈមនានា នៅក្នុងដំណើរការអនុវត្តមុខងារដែលបានចែងនៅក្នុងលិខិតបទដ្ឋានគតិយុត្តិ និងមិនបានចែង នៅក្នុងលិខិត​បទដ្ឋាន​គតិយុត្តិ ដើម្បីរកដំណោះស្រាយឈានទៅសម្រេចគោលការណ៍ផ្ទេរមុខងារ និងធនធានទៅរដ្ឋបាលថ្នាក់ក្រោមជាតិ។

លោករដ្ឋមន្ត្រី បានថ្លែងបន្ថែមទៀតថា យុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល បានដាក់ចេញនៅកំណែទម្រង់ជាច្រើន ដែលបាននិងកំពុងអនុវត្ត ហើយទទួលបានជោគជ័យជាបន្តបន្ទាប់ដូចជា កម្មវិធីកំណែទម្រង់រដ្ឋបាលសាធារណៈ៕