(បាត់ដំបង)៖ មន្រ្តីអាវុធហត្ថស្រុកមោងឫស្សី បានប្រាប់បន្ថែមដល់ភ្នាក់ងារព័ត៌មាន Fresh News នៅយប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦នេះថា ករណីរថយន្តធន់ធំ បុករថយន្តតួរីស នៅតាមផ្លូវជាតិ​លេខ៥ ស្រុកមោងឫស្សីនោះ បានបណ្តាលឲ្យជនរងគ្រោះស្លាប់ម្នាក់ និងរបួស១២នាក់ ។

បើតាមមន្រ្តីអាវុធហត្ថ ក្រុមជនរងគ្រោះទាំង​អស់មានចាស់ មានក្មេង និងទារក ព្រមទាំងកូនកម្លោះផងដែរនោះ ​គឺរស់នៅស្រុកបារាយណ៍ ខេត្តកំពង់ធំ​ ហើយធ្វើដំណើរទៅ​ការប្រពន្ធ នៅភូមិអូសទូក ឃុំកំពង់​ព្រៀង​ ស្រុកសង្កែ ខេត្តបាត់ដំបង។

ជនរងគ្រោះដែលស្លាប់នោះមានឈ្មោះ ឈ្មោះ អ៊ុត ម៉ៅ ភេទប្រុសអាយុ៣៦ឆ្នាំ ស្លាប់តាមផ្លូវពេលដឹមកមន្ទីរពេទ្យ ដោយឡែកជនរងគ្រោះរងរបួសផ្សេងទៀត មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។

សូមបញ្ជាក់ថា មានគ្រោះថ្នាក់ចរាចរណ៍ ដ៏គួរឲ្យរន្ធត់ទៀតហើយ តាមបណ្ដោយផ្លូវជាតិលេខ៥ ត្រង់គីឡូម៉ែត្រលេខ២៥៦ ស្រុកមោងឬស្សី ខេត្តបាត់ដំបង រវាងរថយន្តធន់ធំ និងរថយន្តតួរីសបណ្តាល​ឲ្យស្លាប់ និងរបួសជាង១០នាក់។

សេចក្តីរាយការណ៍បានឲ្យដឹងថា ក្រោយកើតហេតុភ្លាមៗ មានប្រជាពលរដ្ឋ ជាច្រើននាក់ បានជួយគាស់ ជនរងគ្រោះចេញពីរថយន្ត ដែលបុករមូលចូលគ្នាដែលគៀបមនុស្សជាប់នៅក្នុងរថយន្ត មានទាំង​ក្មេង ចាស់ និងទារកផងដែរ ជាពិសេសម្តាយ ដែលអោបកូនជាប់នៅគៀបក្នុងឡាន។

រថយន្តតួរីសពាក់ស្លាកលេខ PP2A-B5075 ជារថយន្តពណ៌ស្លែ  និងរថយន្តកូរ៉េ​ធំពាក់ស្លាកលេខ​PP3C​-5472 ៕