(ភ្នំពេញ)៖ នៅថ្ងៃទី២៥ ខែមិនា ឆ្នាំ២០១៦ នេះ អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ បានរៀបចំកិច្ចប្រជុំជាមួយដៃគូអភិវឌ្ឍ និងអង្គការមិនមែនរដ្ឋាភិបាល នៃវិស័យពិការភាព ដើម្បីពិគ្រោះយោបល់ និងពិនិត្យលើវឌ្ឍនភាពក្នុងវិស័យពិការភាពក្នុងឆ្នាំ២០១៥-២០១៦ នាទីស្តីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដោយមានការចូលរួមពីលោក ឯម ច័ន្ទមករា អគ្គលេខាធិការ និងលោក យី វាសនា អនុប្រធានក្រុមក្រុមប្រឹក្សាសកម្មភាពជនពិការ ព្រមទាំងតំណាងអង្គការ មិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ ប្រមាណ៦០អង្គការ។

ថ្លែងក្នុងកិច្ចប្រជុំនោះ អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា បានអំពាវនាវដល់បណ្តាលអង្គការសង្គមស៊ីវិល ពាក់ព័ន្ធវិស័យពិការភាពទាំងអស់នៅកម្ពុជា គួរពិនិត្យចងក្រងបង្កើតទៅជាគណៈកម្មាធិការ ឬជាសម្ព័ន្ធអង្គការមិនមែនរដ្ឋាភិបាលដើម្បីសិទ្ធិជនពិការ ដើម្បីធ្វើជាតំណាងដល់ជនពិការ ក៏ដូចជាតំណាងឲ្យអង្គការទាំងអស់ដែលធ្វើការពាក់ព័ន្ធវិស័យពិការនៅកម្ពុជា។

លោក ឯម ច័ន្ទមករា បានបន្តទៀតថា គំនិតនៃការចង់ឲ្យបង្កើតគណៈកម្មាធិការ ឬសម្ព័ន្ធអង្គការមិនមែនរដ្ឋាភិបាលដើម្បីសិទ្ធិជនពិការនេះឡើង គឺដើម្បីបង្កើនគុណភាពការងារក្នុងវិស័យពិការ ក្នុងគោលបំនងធ្វើយ៉ាងណាឲ្យអង្គការដែលធ្វើការពាក់ព័ន្ធជនពិការទាំងអស់ក៏ដូចជា ជនពិការទទួលបានផលប្រយោជន៍បន្ថែម ហើយមានភាពងាយស្រួលក្នុងការផ្តល់មតិ ឬសំណូមពរមករាជរដ្ឋាភិបាលកម្ពុជា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឬក្រុមប្រឹក្សាសកម្មភាពជនពិការដើម្បីដោះស្រាយបញ្ហាពិការភាពបានទាន់ពេលវេលា ហើយមានភាពរឹងមាំ។ ម្យ៉ាងវិញទៀតសម្ព័ន្ធអង្គការមិនមែនរដ្ឋាភិបាល ដើម្បីសិទ្ធិជនពិការ នឹងក្លាយទៅជាអង្គការតំណាងស្របច្បាប់ ដើម្បីរៀបចំសរសេររបាយការណ៍ ស្រមោលស្តីពីការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិពិការ ។ល។

គួរបញ្ជាក់ផងដែលថា នៅកម្ពុជាសម្រាប់វិស័យផេ្សងៗដូចជា វិស័យកិច្ចការនារី វិស័យកុមារ ឬការងារសិទ្ធិមនុស្ស។ល។ គឺតំណាងអង្គការមិនមែន រដ្ឋាភិបាលតាមវិស័យនោះ បានចងក្រងទៅជាបណ្តាញ ឬសម្ព័ន្ធអង្គការមិនមែនរដ្ឋាភិបាលដើម្បីវិស័យនិមួយៗនោះ ប៉ុន្តែសម្រាប់វិស័យពិការ នៅមិនទាន់មានអង្គការមិនមែនរដ្ឋាភិបាល ចងក្រងទៅជាសម្ព័ន្ធ ឬគណៈកម្មាធិការដើម្បីសិទ្ធិជនពិការនោះទេ៕