(​ព្រុច​សែ​ល​)៖ រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​របស់​បែលហ្ស៊ិក បាន​ដាក់​ពាក្យ​សុំ​លាលែង​ពី​តំណែង បន្ទាប់ពី​មាន​ករណី​វាយប្រហារ​កណ្ដាល​ទីក្រុង​ព្រុច​សែ​ល ដែល​ជា​ទង្វើ​របស់​ក្រុម​ឧទ្ទាម ISIS នេះ​បើ​យោងតាម​ការចេញផ្សាយ រ​បស់​សារព័ត៌មាន Reuters ចេញផ្សាយ​នៅ​ថ្ងៃទី​២៦ ខែ​មីនា​។​

​លោក Jan Jambon រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​របស់​បែលហ្ស៊ិក បាន​ថ្លែង​ប្រាប់​ទូរទស្សន៍​ជាតិ​ថា ក្រោយ​ពី​ដឹង​ថា ជន​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ឈ្មោះ Ibrahim El Bakraoui គឺជា​សកម្មប្រយុទ្ធ ISIS ដែល​ត្រូវបាន​ប្រទេស​តួ​ក​គី​និរទេស​ចេញពី​ប្រទេស​កាលពី​ឆ្នាំ​២០១៥ នោះ លោក​បាន​សម្រេច​ដាក់​ពាក្យ​សុំ​លាលែង​ពី​តំណែង ព្រោះ​តែ​លោក​បាន​ប្រព្រឹត្ត​កំហុស​ដោយ​ឲ្យ​សកម្មប្រយុទ្ធ​រូបនេះ ចូលមក​រស់នៅ​ក្នុង​ប្រទេស​បែលហ្ស៊ិក​បាន​។​

​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​រូបនេះ បាន​បញ្ជាក់​បន្ថែម​ទៀត​ថា លិខិត​សុំ​លាលែង​ពី​ការងារ​ត្រូវបាន​បញ្ជូន​ទៅ​ដល់​ការិយាល័យ​ លោកនាយក​រដ្ឋមន្ត្រី​ហើយ ប៉ុន្តែ​លោក Charles Michel នាយករដ្ឋមន្ត្រី​បែលហ្ស៊ិក មិន​បាន​អនុញ្ញាត​តាម​សំណើ​ឡើយ ផ្ទុយទៅវិញលោកនាយក​រដ្ឋមន្ត្រី​បាន​ស្នើ​ឲ្យ​រូបលោក​បន្ត​កាន់តំណែង និង​បាន​និយាយថា «​នៅក្នុង​អំឡុង​ពេល​មាន​សង្គ្រាម មិន​អាច​មាន​នរណា​ម្នាក់​លាឈប់​ពី​តំណែង​បាន​ឡើយ​»​។​

​ចំណែក​លោក Koen Geens រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ ដោយសារតែ​លោក​បាន​ការធ្វេសប្រហែស និង​មិន​បាន​យកចិត្តទុកដាក់​ទៅតាម​ការព្រមាន​របស់​តួ​ក​គី ពាក់ព័ន្ធ​នឹង​បុរស​ឈ្មោះ Ibrahim El Bakraoui ដែល​ជា​សកម្មប្រយុទ្ធ ISIS​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា បុរស​ឈ្មោះ Ibrahim El Bakraoui ត្រូវបាន​ប្រទេស​តួ​ក​គី​និរទេស​ចេញពី​ប្រទេស​ចំនួន​ពីរ​ដង​មកហើយ ដោយសារតែ​មាន​ប្រវត្តិ​ពាក់ព័ន្ធ​នឹង​ក្រុម ISIS ហើយ​ក្រោយពី​និរទេស តួ​ក​គី​ក៏បាន​ព្រមាន​ដល់​បណ្ដា​ប្រទេស​ជាប់​ព្រំដែន និង​អឺរ៉ុប​ទាំងអស់ឲ្យ​មាន​ការប្រុ​ង​ប្រយ័ត្ន​ចំពោះ​បុរស​ម្នាក់​នេះ ហើយ​នៅ​ទីបំផុត​គឺ​បុរស​រូបនេះ​បាន​មក​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​នៅ​បែលហ្ស៊ិក បណ្ដាលឲ្យ​មនុស្ស​ជាង ៣០​នាក់​ស្លាប់ និង​របួស​ជាង ២៥០​នាក់​៕​