(ភ្នំពេញ)៖ ក្នុងសន្និបាតក្រុមប្រឹក្សាគណបក្សសង្រ្គោះជាតិ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៦ លោក កឹម សុខា ប្រធានស្តីទីគណបក្សនេះ បានឱ្យបន្តរក្សាភាពអត់ធ្មត់តាមជំហរ «មិន៣» គឺមិនឈ្លោះ មិនឆ្លើយ និងមិនឆ្លង។ លោកថា សមាជិកទាំងអស់ ត្រូវមានការអត់ធ្មត់។

លោក កឹម សុខា បានលើកឡើងថា «គណបក្សសង្រ្គោះជាតិ ប្រកាន់យកគោលការណ៍ អហិង្សាមិនគុំគួនសងសឹក ខ្មែរតែមួយ ទោះបីកន្លងមក ការសន្ទនាមានភាពរអាក់រអួល ប៉ះពាល់ដល់គណបក្សសង្រ្គោះជាតិ និងប៉ះពាល់ដល់ប្រជាពលរដ្ឋខ្មែរក៏ដោយ ក៏យើងនៅតែអត់ធ្មត់រហូតដល់ ងាកមករកភាពស្ងប់ស្ងៀម មិនឈ្លោះ មិនឆ្លើយ និងមិនឆ្លង ដើម្បីបន្តនូវការសន្ទនាតទៅទៀត»

លោកបានបន្ថែមថា «ខ្ញុំក៏ប្រមើល មើលឃើញផងដែរថា យើងនឹងអាចឆ្លងកាត់ឧបសគ្គ ព្យុះភ្លៀង បន្ថែមទៀត ដរាបណាយើងនៅតែ ប្រកាន់គោលជំហរច្បាស់លាស់ ដើម្បីប្រយោជន៍ជាតិ ដើម្បីប្រជាពលរដ្ឋខ្មែរ ក៏ប៉ុន្តែខ្ញុំស្នើសុំឱ្យថ្នាក់ដឹកនាំទាំងអស់នៅតែបន្តព្យាយាម តស៊ូដោយអហិង្សា ដោយអត់ធ្មត់ទៅទៀត»

តាំងពីចុងខែកុម្ភៈ រហូតដល់ពេលនេះ រឿងអាស្រូវស្នេហា តាមរយៈសំឡេងខ្សែអាត់ ដែលអង្គភាពប្រឆាំងអំពើពុករលួយជឿជាក់ថា ជាលោក កឹម សុខា និងនារីវ័យក្មេង បានបែកធ្លាយជាបន្តបន្ទាប់ នៅលើបណ្តាញសង្គម Facebook និងប្រព័ន្ធផ្សព្វផ្សាយ។ មជ្ឈដ្ឋានមួយចំនួន បានចាត់ទុកថា ការបែកធ្លាយរឿងអាស្រូវស្នេហា ដែលនិយាយអំពីរឿងលើគ្រែនេះ បង្ហាញឱ្យឃើញ អំពីភាពអសិលធម៌របស់អ្នកនយោបាយ។

នាពេលថ្មីៗនេះ រដ្ឋសភា បានចេញលិខិតមួយ ស្នើឱ្យលោក កឹម សុខា បំភ្លឺរឿងអាស្រូវដែលបែកធ្លាយតាមសំឡេងខ្សែអាត់នោះ ហើយអង្គភាពប្រឆាំងអំពើពុករលួយ ក៏សម្រេចស៊ើបអង្កេតទៅលើ ករណីពុករលួយមួយ ចំពោះការយកលុយអ្នកគាំទ្រទៅទិញ សម្ភារៈទំនើបៗ និងផ្ទះ ជូននារីវ័យក្មេង ដែលបង្ហាញតាមរយៈខ្សែអាត់ ដែលគេសង្ស័យថាធ្វើឡើងដោយ លោក កឹម សុខា ផងដែរ បន្ទាប់ពីមានពាក្យបណ្តឹងរបស់ក្រុមនិស្សិត។ ចំណែក កញ្ញា ធី សុវណ្ណថា អតីតអ្នកគាំទ្រគណបក្ស សង្រ្គោះជាតិ ក៏បានដាក់ពាក្យ ប្តឹងទៅតុលាការផងដែរ ចំពោះរឿងសំឡេងខ្សែអាត់មួយ ដែលគេសង្ស័យថារបស់លោក កឹម សុខា ដែលបានបរិហារកេរ្តិ៍នាង។

នៅក្នុងពិធីចែក សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យន័រតុន នៅកោះពេជ្រ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា យុទ្ធសាស្រ្ត «មិន៣» ដែលសម្តៅលើ ការមិនឆ្លើយ មិនឆ្លង មិនឈ្លោះ ក្នុងរឿងអាស្រូវ ផ្លូវភេទ មិនអាចលាក់បាំងការពិត ឬជំរុញឱ្យរឿងអាស្រូវបែបនេះ ស្ងប់ស្ងាត់ទៅវិញបាននោះទេ។

សម្តេចបានថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំគ្រាន់តែរំលឹកទេ “៣មិន១រាយការណ៍” អនុវត្តបានតែក្នុងទស្សវត្ស៨០ប្រឆាំងខ្មែរក្រហមប៉ុណ្ណោះ ប៉ុន្តែ “៣មិន” (មិនឆ្លើយ មិនឆ្លង មិនឈ្លោះ) លើបញ្ហាអាស្រូវផ្លូវភេទ មិនអាចលាក់បាំងកើតទេ គ្រាន់តែផ្តាំ ! ហើយសុំឱ្យអ្នកដទៃទៀត កុំច្រលើសបើស»