(ភ្នំពេញ)៖ យុវជនម្នាក់ត្រូវបានគេសង្ស័យថា មានជំងឺសសៃប្រសាទ បានសម្រេចចិត្តលោតពីលើស្ពានជ្រោយចង្វារចាស់ ដើម្បីសម្លាប់ខ្លួន តែមិនស្លាប់ ហើយត្រូវបានទូកអ្នកនេសាទជួយសង្គ្រោះ ដោយស្រង់ពីទឹកបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១១និង៣៥នាទីព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៦ ត្រង់ចំណុចក្នុងទឹកទន្លេ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។ 

មន្ត្រីនគរបាលដែលយាមប្រចាំការនៅស្ពានជ្រោយចង្វារ បាននិយាយថា ជនរងគ្រោះឈ្មោះ ភូមិ ចំរើន អាយុ២៨ឆ្នាំ មានមុខរបរជាកសិករមានប្រពន្ធ ឈ្មោះស៊ី ណា និងមានកូនស្រីម្នាក់អាយុ៤ឆ្នាំ ស្រុកកំណើត នៅឃុំពពេល ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុខ្លួនទើប តែជិះរថយន្ដមកពីខេត្តត្បូងឃ្មុំ មករាជធានីភ្នំពេញ ក្នុងតម្លៃ១៥០០០រៀល ទាំងខ្លួនពុំមានថវិកាមួយរៀលព្រោះជិះរថយន្ដអស់ថវិកា ហើយនៅសល់តែទូរស័ព្ទ១គ្រឿងប៉ុណ្ណោះ ក្នុងគោលបំណងមកបើកថ្នាំជំងឺសសៃប្រសាទ នៅមន្ទីរពេទ្យរុស្ស៊ី ប៉ុន្តែបើកថ្នាំមិនបាន ក៏សម្រេចចិត្តហៅម៉ូតូឌុបជិះពីពេទ្យ រុស្ស៊ីមកស្ពានជ្រោយចង្វារ។

ជនរងគ្រោះគ្មានថវិកាឲ្យថ្លៃម៉ូតូឌុបក៏ប្រគល់ទូរស័ព្ទអិនចុចពិល១គ្រឿង ឲ្យទៅម៉ូតូឌុបតែម្ដងទៅ។ រួចជនរងគ្រោះបានដើរមកដល់ចំណុចលើស្ពានជ្រោយចង្វារចាស់ រួចលោតសម្លាប់ខ្លួនតែម្ដង តែមហាសំណាងមិនស្លាប់និងត្រូវបានទូកអ្នកនេសាទត្រីជួយសង្គ្រោះភ្លាមៗផងដែរ៕