(បន្ទាយមានជ័យ)៖ ឆ្លៀតក្នុងឱកាសបំពេញបេសកកម្មលើទឹកដីខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៦នេះ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានដឹកនាំក្រុមការងារ រួមជាមួយអំណោយជាថវិកា ៣លាន ៦សែនរៀល និងគ្រឿងឧបភោគបរិភោគជាច្រើនផ្សេងទៀត ទៅជួបសួរសុខទុក្ខ និងចែកជូនគ្រួសារទីទ័លក្រចាស់ជរា និងគ្រួសារពិការភ្នែកពីរនាក់ឪពុកកូន ចំនួនបីគ្រួសារ ដែលលោកឧត្តមសេនីយ៍ឯក បានសន្យាជួយផ្គត់ផ្គង់ជីវភាពពួកគាត់អស់មួយជីវិត។

គិតមកទល់ពេលនេះ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានឧបត្ថម្ភពួកគាត់បានជាង ៦ឆ្នាំហើយ តាំងពីលោកឧត្តមសេនីយ៍ឯកនៅជាមេបញ្ជាការកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ដោយក្នុង ១គ្រួសារទទួលបាន អង្ករ ១ការ៉ុង និងថវិកា ២០ម៉ឺនរៀល ជារៀងរាល់ខែ។

ក្រៅពីនេះ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានចែកថិវិកាបន្ថែមជូនដល់ចាស់ៗ និងក្មេងៗដែលបានជួបជាក់ស្តែងនៅទីកន្លែង ដែលឧត្តមសេនីយ៍ឯកទៅដល់ ក្នុងនោះជូនចាស់ៗម្នាក់ ១ម៉ឺនរៀល និងក្មេងៗម្នាក់ ៥ពាន់រៀល ។

ទាំងបីគ្រួសារដែលឧត្តមសេនីយ៍ឯកបានជួយឧបត្ថម្ភមួយជីវិតឯកឧត្តមរួមមាន៖
១-គ្រួសារលោកតា អ៉ឹម ផ្លែក អាយុ៨៧ឆ្នាំ ពិការភ្នែកទាំងពីរ (ប្រពន្ធស្លាប់ចោល) រស់នៅជាមួយកូនស្រីពិការភ្នែកដូចគ្នា ក្នុងភូមិអង្គារបុស្ស ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
២-លោកយាយ ហុក តោត អាយុ៧៩ឆ្នាំ មេម៉ាយទីទ័លក្រគ្មានទីពឹងរស់នៅក្នុងភូមិហ្លួង ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
៣- លោកតា គង់ រស់ អាយុ ៨៧ឆ្នាំ (ប្រពន្ធទើបស្លាប់ចោល) ចាស់ជរាទីទ័លក្រគ្មានទីពឹងរស់នៅក្នុងភូមិហ្លួង ឃុំឬស្សីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ៕