(ត្បូងឃ្មុំ)៖ ព្រះពុទ្ធសាសនា ដែលត្រូវបានចែងក្នុងរដ្ឋធម្មនុញ្ញថាជាសាសនារបស់ពលរដ្ឋកម្ពុជា បាននិងកំពុងរីកចម្រើនខ្លាំងនៅក្នុង រាជរដ្ឋាភិបាលគ្រប់គ្រង ដោយគណបក្សប្រជាជនកម្ពុជានាពេលបច្ចុប្បន្ន បន្ទាប់ពីសាសនាមួយនេះ ត្រូវបានលុបបំបាត់ទាំងស្រុងរបប ប៉ុលពត។ រយៈពេលជិត ៤០ឆ្នាំ ក្រោយពីរបបអាវខ្មៅនេះ បានដួលរលំ (៧ មករា ១៩៧៩) ទីវត្តអារាម ព្រះវិហារ សាលា កុដ្ឋិ និង ហេដ្ឋារចនាសម្ព័ន្ធបម្រើដល់ព្រះពុទ្ធសាសនាត្រូវកកើតឡើងជាបន្តបន្ទាប់ទាំងនៅទីក្រុង និងទីជនបទ ដែលបង្ហាញពីជំនឿមុតមាំ របស់ពុទ្ធសាសនិកជន។

នៅថ្ងៃទី២៧ ខែមីណា ឆ្នាំ២០១៦ ព្រះវិហារ ដ៏ល្អប្រណីត នៅក្នុងវត្តឧត្តមមុនីសុវណ្ណព្រឹក្សា ហៅវត្តត្រពាំងរំសែង តម្លៃប្រមាណ ៤៣០,៦៥៧,០០០រៀល និង ១០០ដុល្លារ ត្រូវបានកាត់ខ្សែបូរសម្ពោធដាក់ឲ្យ ដើម្បីបម្រើដល់ពុទ្ធសាសនិកជន។ វត្តឧត្តមមុនី សុវណ្ណព្រឹក្សាស្ថិតនៅឃុំត្រពាំង ផ្លុង ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលជាខេត្តទើបបង្កើតថ្មីកាលពីឆ្នាំ២០១៥។

ព្រះវិហារដ៏ប្រណីតនេះ ត្រូវបានកាត់ខ្សែបូរសម្ពោធដោយលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងភរិយា តំណាងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។

លោក ឡុង ធាម អភិបាលស្រុកពញាក្រែក បានឲ្យដឹងថា វត្តឧត្តមមុនីសុវណ្ណព្រឹក្សា ហៅវត្តត្រពាំងរំសែង បានកសាងឡើងអំឡុងឆ្នាំ ១៩៦២ មានអាយុកាលប្រមាណ ៥៤ឆ្នាំហើយ។ ព្រះវិហារថ្មីមានទំហំ ១២ម x ២២ម បានចាប់ផ្តើមដំណើរការសាងសង់ នៅថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ២០០២ និងបានបញ្ចប់ការសាងសង់រួចរាល់ជាស្ថាពរនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦ ដោយត្រូវចំណាយថវិកាចំនួន  ៤៣០,៦៥៧,០០០ រៀល និង ១០០ ដុល្លារ ដែលសុទ្ធសឹងជាថវិកាកើតឡើងដោយកម្លាំងសាមគ្គីរបស់សប្បុរសជន និង ពុទ្ធបរិស័ទ ជិតឆ្ងាយទាំងអស់ តាមរយៈការធ្វើបុណ្យផ្កាសាមគ្គីជាដើម ។

ជាពិសេសក្រោមការជួយឧបត្ថម្ភថវិកាផ្ទាល់ពីសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងលោកជំទាវ សម្តេចតេជោ  ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត។

មានមតិសំណេះសំណាលក្នុងពិធីនោះ លោក វង សូត រដ្ឋមន្រ្តី បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ប្រមុខរដ្ឋាភិបាល ស ម្តេចតេជោ ហ៊ុន សែន សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដែលតែងតែគិតគូរពីការរស់នៅប្រចាំថ្ងៃ ធ្វើយ៉ាងណាឲ្យមាន ភាពប្រសើរឡើងជាបន្តបន្ទាប់។

លោករដ្ឋមន្រ្តី ក៏បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់នូវកម្លាំងកាយចិត្ត និងបច្ច័យ ដោយសទ្ធាជ្រះថ្លា របស់ពុទ្ធសាស និកជននានា ដើម្បីចូលរួមចាប់មគ្គផលកសាងសមិទ្ធិផលនានានៅក្នុងវត្តនេះ ដែលជាតំបន់ដាច់ស្រយាលកៀកនឹងព្រំដែនប្រទេសវៀ តណាម។

លោករដ្ឋមន្រ្តី បានលើកឡើងទៀតថា «កាលដែលយើងសព្វថ្ងៃ មានវត្តអារាម ផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ ប្រព័ន្ធធារាសាស្រ្ត និង សមិទ្ធិផលជាច្រើនទៀតរាប់មិនអស់ ក៏ដោយសារតែប្រទេសជាតិយើងមានសុខសន្តិភាព ស្ថេរភាពនយោបាយ ប្រាសចាកពីរបបប្រ  ល័យពូជសាសន៍ ប៉ុល ពត បានបំផ្លិចបំផ្លាញជីវិតមនុស្ស សត្វ ហេដ្ឋារចនាសម្ព័ន្ធ គ្មានសិទ្ធិសេរីភាព បន្សល់ទុកនូវស្លាកស្នាមដ៏ជូរ ចត់ដល់ពេលបច្ចុប្បន្ន។ ប៉ុន្តែក្រោយថ្ងៃរំដោះ ០៧ មករា ១៩៧៩ ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល ប្រទេសជាតិត្រូវបានក សាងឡើងពីបាតដៃទទេររហូតមានការអភិវឌ្ឍលើគ្រប់វិស័យដូចពេលនេះ»

លោក វង សូត បន្តថា «ក្នុងនោះវិស័យព្រះពុទ្ធសាសនា ក៏ត្រូវបានយកចិត្តទុក្ខដាក់យ៉ាងខ្លាំង ដោយបានកសាងវត្តអារាមជាច្រើន ពាសពេញផ្ទៃប្រទេស មិនថាទីប្រជុំជន ឬ ជនបទដាច់ស្រយាលឡើយ លើសពីនេះទីអារាមគឺជាកន្លែងដែលផ្តល់នូវចំណេះដឹងដល់ កូនចៅជំនាន់ក្រោយមិនថាទាំងវិស័យអាណាចក្រ ឬពុទ្ធចក្រក៏ដោយ ព្រោះថា ព្រះពុទ្ធសាសនា គឺជាសាសនារបស់រដ្ឋ»

លោក វង សូត ក៏បាបានគូសបញ្ជាក់ផងដែរថា នៅក្នុងស្រុកពញាក្រែក លោកបានរួមចំណែកកសាងសមិទ្ធិផលបានយ៉ាងច្រើន។  លោក វង សូត បានស្នើប្រជាពលរដ្ឋ ពុទ្ធបរិស័ទ្ធ ខិតខំរួមគ្នាថែរក្សា សមិទ្ធផលដែលមាន និង ទំនៀមទំលាប់ប្រពៃណី តាមរយៈការ គោរពវិន័យធម៌អារជាដើម។

លោក វង សូត និង ភរិយា ក៏បាននាំយកបច្ច័យរបស់សម្តេចអគ្គមហពញាចក្រី ហេង សំរិន រួមទាំងថវិការបស់លោកផ្ទាល់ ចំនួន ២០ លានរៀល ជូនដល់គណៈកម្មការវត្ត ដើម្បីទុកចាត់ចែងកសាងសមិទ្ធិផលផ្សេងទៀត និងឧបត្ថម្ភថវិកាមួយចំនួនជូនដល់យាយជីតាជី  លោកគ្រូអ្នកគ្រូ សិស្សានុសិស្សផងដែរ៕