(ប៉ាគីស្ថាន)៖ បក្ខពួករបស់ក្រុមឧទ្ទាមតាលីបង់ នៅព្រឹកថ្ងៃទី២៨ ខែមីនានេះ បានចេញមុខ​ទទួលស្គាល់ថា ការវាយប្រហារនៅក្បែរ​សួន​សាធារណៈក្នុងទីក្រុង Lahore ប្រទេសប៉ាគីស្ថាន បណ្ដាលឲ្យមនុស្ស ៦៥នាក់ស្លាប់ និង​ជិត ៣០០នាក់រងរបួស នេះបើយោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅមុននេះ​បន្ដិច។

បុរសម្នាក់ឈ្មោះ Ehsanullah Ehsan ជាអ្នកនាំពាក្យរបស់ក្រុមឧទ្ទាម Jamaat-ul-Ahrar ដែលជាសម្ព័ន្ធមិត្តរបស់ក្រុមឧទ្ទាមតាលីបង់ និង ISIS បានចេញមុខទទួលស្គាល់ថា ករណីវាយប្រហារនៅក្នុងទីក្រុង Lahore គឺជាទង្វើរបស់ពួកគេ ដោយគោលដៅធំគឺពួកកាន់សាសនាគ្រិស្ត។

គួរបញ្ជាក់ផងដែរថា នៅវេលាម៉ោងប្រមាណ៦៖៤០នាទីល្ងាច ម៉ោងនៅប៉ាគីស្ថាន ថ្ងៃទី២៧ ខែមីនា មានករណីបំផ្ទុះ​គ្រាប់បែកនៅក្បែរសួន Gulshan-e-Iqbal Park ក្នុង Lahore ប្រទេសប៉ាគីស្ថាន បណ្ដាលឲ្យ​មនុស្ស​ស្លាប់៦៥នាក់ និងរបួសជាង ២៨០នាក់ ក្នុងនោះអ្នកស្លាប់ និងរបួសភាគច្រើនជាស្រ្តី និងកុមារ៕