(បាត់ដំបង)៖ ថ្លែងចេញពីខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦នេះ លោក ហ៊ុន ម៉ាណែត មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការបញ្ជាការដ្ឋានជាតិ​កម្លាំងពិសេស ប្រឆាំងភេរវកម្មជា បានប្រាប់ទៅមន្រ្តីយោធា និងគ្រួសារកងទ័ពនៅកងពលតូចថ្មើជើងលេខ៥៣ថា ក្នុងមួយខែៗ រាជរដ្ឋាភិបាល បានចំណាយលុយជាង១០០០លានដុល្លារ សម្រាប់បើកប្រាក់បៀរវត្សរ៍ ជូនដល់មន្រ្តីរាជការ ក្នុងនោះមានទាំងកម្លាំង​ប្រដាប់អាវុធផងដែរ។

នៅព្រឹកថ្ងៃនេះ លោក ហ៊ុន ម៉ាណែត តំណាងសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងលោកបណ្ឌិត វង្ស ប៊ុនឥន្ទ្រាវុធ អគ្គនាយក នៃអគ្គនាយកដ្ឋាន​រតនាគារជាតិ បានចុះជួបសំណេះ​សំណាល សាកសួរសុខទុក្ខនាយទាហាន-ពលទាហាន និវត្តន៍ជន យោធិនពិការ និងគ្រួសារ យោធិននៅទីបញ្ជាការដ្ឋាន កងពលតូចថ្មើរជើងលេខ៥៣ នាខេត្តបាត់ដំបង។ លោក ហ៊ុន ម៉ាណែត បាន​បញ្ជាក់ថា រាជរដ្ឋាភិបាល បានខិតខំដោយយកចិត្តទុកដាក់លើការ បើកប្រាក់បៀវត្សរ៍ទាន់ពេលវេលា និងដោយរលូនជូនបងប្អូនមន្រ្តីរាជការ នគរបាល និងកងទ័ពទាំងអស់ ហើយបានតម្លើង​ប្រាក់បៀវត្សរ៍ប្រ​ហែល១២%​ថែមទៀត នៃប្រាក់បៀវត្សរ៍មូលដ្ឋាន ក្នុងខែមករាឆ្នាំ២០១៦ កន្លងមកនេះ។ សរុបមក បងប្អូនជានាយទាហានទាំងអស់ ទទួលបានប្រាក់បៀវត្សរ៍ប្រហែលជាង ៧០០,០០០រៀល​ក្នុងមួយខែ ហើយរដ្ឋាភិបាល ក៏កំពុងរៀបចំតម្លើង​ប្រាក់បំណាច់មុខងារ នៅក្នុងខែមេសាខាងមុខនេះទៀតផងដែរ។

លោក ម៉ាណែត បានថ្លែងថា «ដើម្បីអាចតម្លើងប្រាក់បៀវត្សរ៍នេះ រាជរដ្ឋាភិបាល បាននិងកំពុងខិតខំកៀរគរ ចំណូលយ៉ាងចិត្តទុកដាក់ព្រោះការ ចំណាយលើការបើកប្រាក់បៀវត្សរ៍ ក្នុងមួយខែយ៉ាងហោច​ណាស់ក៏ជាង១០០០លានដុល្លារដែរ ហើយប្រភពចំណូលដែលធំ គឺទទួលបានពីអង្គភាពគយ ដែលបានត្រឹមតែអាចស៊ីសងគ្នាប៉ុណ្ណោះគឺពុំមានសល់ទេ។ រីឯសម្រាប់ចំណាយផ្សេងៗ​ទៀត គឺត្រូវយក ប្រភពពីអង្គភាពចំណូលនានាដែល​ពាក់ព័ន្ធដូចជាអង្គភាព​ពន្ធដារជាដើម»

ជាមួយគ្នានេះលោកឧត្តមសេនីយ៍ ឯក ហ៊ុន ម៉ាណែត មានចិត្តសប្បាយរីករាយយ៉ាងខ្លាំង នៅពេលដែលទទួលព័ត៌មានថា សន្តិសុខព្រំដែន ទិសរបស់អង្គភាពមានភាពស្ងប់ស្ងាត់ ដោយនៅតែបន្ត​អនុវត្តម៉ឺងម៉ាត់តាម​បទបញ្ជារបស់សម្តេច នាយករដ្ឋមន្ត្រី ក្នុងការបង្កើនទំនាក់ទំនងទ្វេភាគី ជាមួយប្រទេសជាប់ព្រំដែន ដើម្បីជាមូលដ្ឋានរក្សាបានស្ថិរភាពសន្តិសុខ ជូនប្រជាពលរដ្ឋទាំងសងខាង។ សភាពការសន្តិសុខក្នុងភូមិសាស្ត្រ ក៏មានភាពល្អប្រសើរ ដោយមានការសហការរវាងកងទ័ព ជាមួយអាជ្ញាធរមូលដ្ឋាន ជំនាញមានសមត្ថកិច្ចពាក់ព័ន្ធ ចូលរួមសកម្មភាពបង្ក្រាបបទល្មើសនានាជាពិសេស ការចូលរួមអនុវត្តតាមគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព៩ចំណុច។ លោកបណ្ឌិត វង្ស ប៊ុនឥន្ទ្រាវុក៏បានថ្លែងថា ការបន្តប្រពៃណីចំណងសម្ព័ន្ធសាមគ្គីភាព មេត្រីភាពរវាងអង្គភាពស៊ីវិល និងអង្គភាពទ័ពគឺជាការសំខាន់ណាស់ ក្នុងការពង្រឹងទំនាក់ទំនងរវាងសមរភូមិមុខនិងសមរភូមិក្រោយ ប្រសិនបើគ្មានអ្នកសមរភូមិមុខខិតខំ ការពារព្រំដែនទេនោះ ក៏អ្នកសមរភូមិក្រោយមិនអាច នៅសុខគេងលក់ស្រួលអត់បារម្ភពី សន្តិសុខ និងបូរណភាពទឹកដីនោះឡើយ។ ជាក់ស្តែងអគ្គនាយកដ្ឋានរតនាគារជាតិ តែងតែបានចុះជួបសំណេះសំណាលសួរសុខទុក្ខ និងបានជួយឧបត្ថម្ភ​ដល់កងទ័ពនិងគ្រួសារទ័ពនូវសម្ភារៈបរិក្ខា អគារស្នាក់នៅ អគារប័ណ្ណាល័យ ឧបករណ៍ ផ្សេងៗ និងគ្រឿងឧបភោគបរិភោគដល់កងពលតូចថ្មើជើងលេខ៥៣ ជាបន្តបន្ទាប់។

លោកបណ្ឌិតក៏បានបញ្ជាក់ដែរថា រូបលោកផ្ទាល់ក៏ដូចជា បងប្អូនទាំងអស់គ្នា ពិតជាសំណាងណាស់ដែលកើត មកមាន "អគ្គមហារដ្ឋបុរស" ដូចជាសម្តេចតេជោនាយករដ្ឋមន្រ្តី​កើតចេញមក ពីប្រជាជន​ជានិច្ចជាកាល នៅជាមួយប្រជាជនផ្សារភ្ជាប់ខ្លួនជាមួយប្រជាជនយកចិត្តទុកដាក់ ជាមួយប្រជាជននិងកងកម្លាំងប្រដាប់អាវុធ ។ ទាំងនេះសុទ្ធតែជាសំណាង របស់យើងដូចនេះ​មិនត្រូវឱ្យ​សំណាងទាំងនេះ បាត់ទៅវិញនោះទេគឺយើង ទាំងអស់ ត្រូវតែការពារសម្តេចការពារសមទ្ធិផល ដែលសម្តេចបានកសាងឡើងការពាររដ្ឋ ធម្មនុញ្ញការពាររាជរដ្ឋាភិបាល ស្របច្បាប់នោះយើង​នឹងទទួល​បាន​នូវសុខសន្តិភាពនិងការអភិវឌ្ឍន៏បន្ថែមទៀត។ បើមានសម្តេចតេជោដឹកនាំប្រទេសជាតិ​យើងសង្ឃឹម​ថាប្រទេសជាតិ​នឹងបន្តទទួលបាននូវសុខ​ស្ថេរភាពដោយចីរភាព​យូរអង្វែងនិងទទួល​បាននូវការអភិវឌ្ឍន៍​កាន់តែល្អប្រសើរ​បន្ថែមទៀត៕