(ភ្នំពេញ)៖ ប្រជាពលរដ្ឋ និងអាជីវករលក់ដូរនៅផ្សារអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ជាច្រើនគ្រួសារ បានបង្ហាញក្តីព្រួយបារម្ភពីសុខភាព និងផលប៉ះពាល់លើការលក់ដូរ របស់ពួកគាត់យ៉ាងខ្លាំង ដោយសារតែនៅក្នុងផ្សារ នៅជុំវិញផ្សារមាន ភក់ជ្រាំ សំរាមគរដូចភ្នំ និងទឹកលិច៣ឆ្នាំមកហើយ នៅតំបន់នោះ។

ដោយសារតែទ្រាំមិននូវសោភ័ណភាពដ៏អាក្រក់បែបនេះ ក្រុមអាជីវករ និងប្រជាពលរដ្ឋជាច្រើននាក់ នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦នេះ បានចេញមកប្រាប់អ្នកកាសែតឲ្យដឹងថា «ទឹកលិចនេះ មិនមែនទើបតែលិច១ខែ ២ខែនោះទេ គឺពួកគាត់ទ្រាំហិតក្លិនស្អុយជាង៣ឆ្នាំមកហើយ មិនថាក្មេង ឬមនុស្សចាស់នោះទេ បង្កឲ្យមានជម្ងឺសឹងគ្រប់គ្នា»

ពួកគាត់បានបន្តថា ប្រធានរដ្ឋបាលផ្សារឈ្មោះ គង់ កុសល និងជាតំណាងក្រុមហ៊ុន សែន សុខ ចំកាត់ឲ្យតែដល់ខែគឺមកប្រមូលលុយថ្លៃជួលតូបហើយ បើសិនអាជីវករបង់លុយយឺតតែមួយថ្ងៃ ពីរថ្ងៃនោះខាងក្រុមហ៊ុន នឹងពិន័យពួកគាត់ ក្នុងមួយតូបពីរពាន់រៀល ហើយទៅវិញបាត់ មិនដែលយកភ្នែកមើលទឹកសំអុយហូរលាយឡំ និងលាមួកហូរចូលពេញក្នុងផ្សារ និងផ្ទះពួកគាត់ នៅជុំវិញផ្សារនោះទេ មកពីក្នុងផ្សារទឹកលិចស្អុយកខ្វក់បែបនេះ ទើបធ្វើឲ្យគ្មានភ្ញៀវចូលទិញ។

ក្រុមអាជីវករបានឲ្យដឹងថា ពួគគាត់បានស្នើសុំទៅថៅកែផ្សារឈ្មោះ នួន សំវិជ្ជា ឲ្យបន្ធូបន្ថយនូវការផាកពិន័យ ចំពោះការបង់លុយយឺតត្រឹមមួយថ្ងៃ ឬពីថ្ងៃ។ ប៉ុន្តែនៅពេលក្រុមអាជីវករស្នើបែបនេះ ស្រាប់តែលោកថៅផ្សារបានឆ្លើយតបមកថា «បើអ្នកណានៅលក់បាន ក៏នៅទៅ បើលក់មិនបានសូមទៅរកកន្លែងថ្មីចុះ»។ កន្លងមកក្រុមប្រជាពលរដ្ឋ និងអាជីវករ បានស្នើទៅលោក កែវ សុភា អភិបាលរងខណ្ឌ ឲ្យចុះមកពិនិត្យ និងអប់រំដល់ប្រធានផ្សារផងដែរ ដើម្បីរកវិធីរំដោះទឹកកខ្វក់នេះចេញ ឲ្យបានលឿនបំផុត ប៉ុន្តែនៅតែគ្មានលទ្ធផល៕

Posted by Sheet on Monday, March 28, 2016