(ព្រុចសែល)៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាលបែលហ្ស៊ីក លោកស្រី Maggie De Block បានប្រកាសឲ្យដឹងថា ចំនួន​អ្នក​ស្លាប់ដោយសារបំផ្ទុះគ្រាប់បែកនៅកណ្ដាលទីក្រុងព្រុចសែល សរុបទាំងអស់មានចំនួន ៣៥នាក់ ខណៈដែលអ្នក​របួស​មានចំនួនជាង ២៥០នាក់ នេះបើយោងតាមការចេញផ្សាយរបស់​សារព័ត៌មាន AP ចេញផ្សាយ Update នៅយប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦។

លោកស្រី Maggie De Block បានបញ្ជាក់ឲ្យដឹងថា ក្នុងចំណោមអ្នកស្លាប់ទាំង ៣៥នាក់នោះ ក៏មាន៣នាក់ ជាជនបំផ្ទុះគ្រាប់បែក និង៤នាក់ផ្សេងទៀត ជាជនរងគ្រោះរងរបួស ហើយបានស្លាប់នៅក្នុងមន្ទីរពេទ្យ បើតាមការប៉ាន់ប្រមាណ ​អ្នក​ស្លាប់អាចនឹងកើនឡើងបន្តទៀត ព្រោះមានអ្នកជំងឺមួយចំនួនរងរបួសធ្ងន់។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃអង្គារ ទី២២ ខែមីនាកន្លងទៅនេះ មានករណីបំផ្ទុះគ្រាប់បែកនៅអាកាសយានដ្ឋាន និង​ចំណតរថភ្លើងក្រោមដី ក្នុងទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក ដោយក្នុងនោះ​ក្រុមឧទ្ទាម ISIS បាន​ចេញមុខ​ទទួល​ស្គាល់ថាជាទង្វើរបស់ខ្លួន៕