(ភ្នំពេញ)៖ ដើម្បីទប់ស្កាត់បទល្មើសយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងការពារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឲ្យស្ថិតស្ថេរ រឹងមាំគង់វង្ស និងជាប់ធន់ តាមអាយុកាលបច្ចេកទេសសាងសង់ គណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្រេចបើកដំណើរការស្ថានីយជញ្ជីងអចល័តថ្មីមួយទៀតគឺ ស្ថានីយពុកឆ្មា ខេត្តបាត់ដំបង ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចគីឡូម៉ែត្រ ២៨១+៥០០ ក្នុងភូមិដំបូកខ្ពស់ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង។

នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនដែល Fresh News ទទួលបាននៅរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១នេះ បានឱ្យដឹងទៀតថា ស្ថានីយពុកឆ្មា ខេត្តបាត់ដំបង នឹងចាប់ផ្តើមដំណើរការថ្លឹងសាកល្បងរថយន្តដឹកជញ្ជូនធុនធ្ងន់ទាំងអស់ ក្នុងរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី២៣ សីហា ដល់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ និងអនុវត្តវិធានការផាកពិន័យចំពោះរថយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់តាមបទប្បញ្ញត្តិនៃច្បាប់ជាធរមាន ចាប់ពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ តទៅ៕

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន៖