(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១នេះ បានដឹកនាំគណៈប្រតិភូក្រសួង ចូលរួមគោរពវិញ្ញាណក្ខន្ធសពឧបាសិកា ង៉ូវ ស៊ីណា ត្រូវជាម្តាយក្មេកលោក វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅគេហដ្ឋាន ផ្ទះលេខ៣៤ ផ្លូវលេខ១៩៦៦ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ឧបាសិកា ង៉ូវ ស៊ីណា បានទទួលមរណភាព កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ ត្រូវនឹងថ្ងៃអង្គារ ១រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ព.ស. ២៥៦៥ វេលាម៉ោង០៩៖ ៤៨នាទីព្រឹក ក្នុងជន្មាយុ៨៤ឆ្នាំ ដោយជរាពាធ។ មរណភាពរបស់ឧបាសិកា ង៉ូវ ស៊ីណា គឺជាការបាត់បង់នូវម្តាយបង្កើត ម្តាយក្មេក ជីដូន និងជីដូនទួត ជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅ និងប្រកបដោយព្រហ្មវិហារធម៌របស់ឯកឧត្តម លោកជំទាវ ព្រមទាំង ក្រុមគ្រួសារ ព្រោះកន្លងមកឧបាសិកា ង៉ូវ ស៊ីណា តែងតែខិតខំប្រឹងប្រែងយកអស់ កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ដើម្បីចិញ្ចឹមបីបាច់ថែរក្សា និងអប់រំទូន្មានបុត្រធីតា និងចៅៗ ប្រកបដោយគន្លងធម៌រហូតក្លាយជា បញ្ញវន្តគ្រប់ៗគ្នា។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ព្រមទាំងគណៈប្រតិភូ តំណាងឱ្យមន្ត្រីរាជការ បុគ្គលិក និងកម្មករនៃក្រសួងសាធារណការ និងដឹកជញ្ជូន បានចូលរួមរំលែកនូវមរណទុក្ខ ដ៏ក្រៀមក្រំ និងសេចក្ដីសង្វេគជាទីបំផុត ជាមួយឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងបានលំឱនកាយវាចាចិត្តឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ របស់ឧបាសិកា ង៉ូវ ស៊ីណា សូមឱ្យបានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕