(កណ្តាល)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកោះធំ ខេត្តកណ្តាល នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១នេះ បានដឹកនាំ កិច្ចប្រជុំផ្សព្វផ្សាយផែនការសកម្មភាព និងកម្មវិធីការងារសំខាន់ៗ ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៥ ឆ្នាំ២០២២ ដោយមានការចូលរួមពី ប្រធាន-អនុប្រធានក្រុមការងារគណបក្សចុះជួយស្រុក ប្រធាន-អនុប្រធានក្រុមការងារគណៈបក្សចុះជួយឃុំ សមាជិកសមាជិកាគណៈអចិន្ត្រៃយ៍គណបក្សស្រុក និងប្រធានគណបក្សឃុំទាំង១១ នៅស្រុកកោះធំ ខេត្តកណ្តាលសរុបទាំងអស់៦៨រូប។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានណែនាំឱ្យក្រុមការងារគណបក្សពាក់ព័ន្ធ ចុះបំពាក់អំពូលភ្លើងសូឡាបំភ្លឺផ្លូវនានានៅតាមបណ្តាភូមិទាំងឡាយ ក្នុងស្រុកដើម្បី ជួយសម្រួលដល់ការរស់នៅ ក៏ដូចជាធ្វើឱ្យប្រសើរឡើងដល់សន្តិសុខ និងសុវត្ថិភាពជូនប្រជាជននៅស្រុកកោះធំ និងបានស្នើសុំឱ្យក្រុមការងារគណបក្សចុះជួយស្រុក និងក្រុមការងារគណបក្សចុះជួយឃុំសហការគ្នាឱ្យបានជិតស្និទ្ធ ដើម្បីផ្គូផ្គងបេក្ខភាពចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៥ ឱ្យបានចប់សព្វគ្រប់យ៉ាង យូរត្រឹមខែតុលា ឆ្នាំ២០២១ ដើម្បីដាក់ជូនថ្នាក់ដឹកនាំពិនិត្យចុងក្រោយ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏សំណូមពរឱ្យក្រុមការងារពាក់ព័ន្ធទាំងអស់ចុះជួយស្រុក ចុះជួយឃុំសហការនិងសាមគ្គីភាពគ្នាឱ្យបានជិតស្និទ្ធ ដើម្បីទទួលបាន ជោគជ័យក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅទី៥ ខែមិថុនា ឆ្នាំ២០២២ និងបានស្នើឱ្យក្រុម ការងារពាក់ព័ន្ធទាំងអស់ ខិតខំប្រឹងប្រែងជួយផ្សព្វផ្សាយ អំពីសមិទ្ធផលសម្រេចបានទាក់ទងនឹងការចាក់ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីឱ្យប្រជាពលរដ្ឋបានដឹងជ្រួត ជ្រាបទូលំទូលាយអំពីកិច្ចខិតខំប្រឹងប្រែងនេះ។

គួរកត់សម្គាល់ថា យោងតាមរបាយការណ៍វឌ្ឍនភាពស្ដីពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់អនុគណៈកម្មការតាមដាន និងវាយតម្លៃនៃគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេសគិតចាប់ពីថ្ងៃទី១០ ខែកុម្ភៈ រហូតដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ ការចាក់វ៉ាក់សាំងជូនប្រជាជនដែលមាន អាយុចាប់ពី១៨ឆ្នាំ ឡើងសម្រេចបាន ៨៩.៤២%ធៀបនឹងប្រជាជនដែលត្រូវចាក់វ៉ាក់ សាំងចំនួន១០លាននាក់និងការចាក់វ៉ាក់សាំងជូន ប្រជាជនដែល មានអាយុចាប់ពី១២ឆ្នាំ រហូតដល់ក្រោមអាយុ១៨ឆ្នាំ សម្រេចបាន៦៩.៤៧% ធៀបនឹងចំនួនប្រជាជនដែលត្រូវចាក់វ៉ាក់សាំងចំនួន ១ ៩៦៦ ៩៣១នាក់ និងជារួមការចាក់វ៉ាក់សាំងជូន ប្រជាជនក្នុងក្របខណ្ឌទូទាំងប្រទេស សម្រេចបាន ៦៤.៤៣% ធៀបនឹងប្រជាជនចំនួន១៦លាននាក់៕