(ភ្នំពេញ)៖ លោក ឡេង ប៉េងឡុង អគ្គលេខាធិការនៃរដ្ឋសភា បានបញ្ជាក់ថា រដ្ឋសភា នឹងចាប់ផ្តើមបើកបវេសនកាលឡើងវិញ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦ ខាងមុខនេះ បន្ទាប់ពីឈប់សម្រាក ក្នុងការអនុម័តច្បាប់ អស់រយៈពេល ៣ខែ កន្លងមក។

រដ្ឋសភាបានប្រកាសពីការឈប់សម្រាក (វ៉ាកង) រយៈពេល៣ខែ ចាប់ពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៥ រហូតដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦នេះ បន្ទាប់ពីបានអនុម័តច្បាប់ចំនួន១២ ដែលស្នើដោយរាជរដ្ឋាភិបាលកម្ពុជា។ វិស្សមកាលរយៈពេល ៣ខែនេះ ដើម្បីអនុញ្ញាតឱ្យតំណាងរាស្រ្ត មានពេលចុះធ្វើមូលដ្ឋាន។

រយៈពេលនៃការធ្វើការនោះ រដ្ឋសភាបានអនុម័តលើសេចក្តីព្រាងច្បាប់ចំនួន១២ និងអនុម័តលើសេចក្តីស្នើច្បាប់ចំនួន១ ដែលស្នើដោយ តំណាងរាស្រ្ត។ ក្រៅពីនោះក៏មានការអនុម័តលើសេចក្តីស្នើវិសោធនកម្មរដ្ឋធម្មនុញ្ញ១៦ប្រការ សេចក្តីស្នើវិសោធកម្មច្បាប់ ស្តីពីវិសោធនកម្ម មាត្រា២១ នៃច្បាប់លក្ខន្តិកៈសមាជិកព្រឹទ្ធសភា ការបោះឆ្នោតទុកចិត្តលោក អ៊ុក សារាវុធ ជាអគ្គសវនកររង នៃសវនកម្មជាតិ រួមទាំងការបោះឆ្នោតទម្លាក់លោក កឹម សុខា ពីអនុប្រធានទី១ នៃរដ្ឋសភា ផងដែរ។

យ៉ាងណាមិញ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦ ខាងមុខនេះ រដ្ឋសភាបានសម្រេចថា នឹងប្តូរពីកិច្ចប្រជុំវិសមញ្ញា មកជាការបើកសម័យប្រជុំសមញ្ញ លើកទី៦ នីតិកាលរបស់ខ្លួនវិញ ក្នុងនោះមានរបៀបវារៈមួយចំនួន ពាក់ព័ន្ធនឹងការរុះរើគណៈរដ្ឋមន្រ្តី ការបោះឆ្នោតជ្រើសតាំង សមាជិកក្រុមប្រឹក្សាធម្មនុញ្ញមួយរូបជាដើម៕