(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ក្នុងការឧបត្ថម្ភជូនមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងមន្រ្តីចូលនិវត្តន៍ សម្រាប់បុណ្យចូលឆ្នាំខ្មែរ ខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជា ត្រូវចំណាយ ប្រមាណ៦លានដុល្លារសហរដ្ឋអាមេរិក។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦ បានសម្រេចឧបត្ថម្ភថវិកា ៥ម៉ឺនរៀល ដល់មន្រ្តីរាជការ គ្រប់ក្រសួងស្ថាប័ន នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ នៅខែមេសា ឆ្នាំ២០១៦នេះ។ ប្រាក់ឧបត្ថម្ភនេះ ក្រសួង ស្ថាប័នសាមី ត្រូវរៀបចំជូនមន្រ្តីរាជការ បុគ្គលិក និង ភ្នាក់ងារសាធារណៈរបស់ខ្លួន ឱ្យបានរួចរាល់បន្ទាប់ពីបើក គណនីបៀវត្សរ៍។

សម្តេចបានអះអាងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា តែងតែនិយាយហើយធ្វើ មិនធ្វើការសន្យាខ្យល់ដូចគណបក្សមួយចំនួននោះទេ។ សម្តេចថា ទោះជាយ៉ាងណា រាជរដ្ឋាភិបាល នឹងខិតខំប្រឹងប្រាក់ ដំឡើងប្រាក់ខែជូនមន្រ្តីរាជការ ឱ្យបាន១លានរៀល នៅឆ្នាំ២០១៨ ខាងមុខនេះ៕