(ភ្នំពេញ)៖ លោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦នេះ បានសម្រេចចោទប្រកាន់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ពីបទបរិហារកេរ្តិ៍សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ហើយសំណុំរឿង នេះត្រូវបានបញ្ចូនទៅបើកសវនាការជំនុំជម្រះបន្ត ដោយមានលោក រស់ ពិសិដ្ឋ ចៅក្រមជំនុំជម្រះ។

សូមជំរាបថា កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ កន្លងទៅ លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិបានបង្ហោះវីដេអូ សម្តេចព្រះនរោត្តម សីហនុ ដែលក្នុងវីដេអូនោះ សម្តេចព្រះនរោត្តម សីហនុ បានរិះគន់ទៅដល់ជនជាតិវៀតណាម។ ជាមួយគ្នានេះ លោក សម រង្ស៊ី ក៏បានចោទរបបរដ្ឋកម្ពុជា ដែលដឹកនាំដោយសម្តេច ហេង សំរិន ថាបានដាក់ទោស សម្តេច សីហនុ ព្រះវររាជបិតាជាតិខ្មែរថា ជាជនក្បត់ជាតិ។

លោក សម រង្ស៊ី បានសរសេរនៅលើហ្វេសប៊ុករបស់លោកភ្ជាប់ជាមួយវីដេអូមួយថា «យើងចងចាំថា របបកើតថ្ងៃ ៧ មករា ១៩៧៩ បានឲ្យតុលាការរបស់គេ កាត់ទោសប្រហារជីវិត សម្តេចព្រះ នរោត្តម សីហនុ ដោយចោទព្រះអង្គថាជាជនក្បត់ជាតិ»

លោក គី តិច មេធាវីការពារក្តីឱ្យសម្តេច ហេង សំរិន បានបញ្ជាក់ថា សម្តេច ហេង សំរិន បានប្តឹងឱ្យតុលាការចាត់ការទៅតាមផ្លូវច្បាប់ និងទាមទារសំណងជំងឺចិត្តចំនួន៣០០លានរៀល ហើយថាករណីនេះ លោកបានប្តឹងតែបុគ្គលលោក សម រង្ស៊ី ម្នាក់ប៉ុណ្ណោះ ដោយសារតែ Facebook នោះ ជាទំព័រផ្ទាល់ខ្លួនរបស់លោក៕