(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា មេដឹកនាំដែលត្រូវ ទទួល «ខុស» ឱ្យច្រើនជាងការទទួល «ត្រូវ» ហើយ «កុំថើបខាងលើ ធាក់ខាងក្រោម»

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងបែបនេះ ជាដំបូន្មានដល់និស្សិតកំពុងសិក្សានៅវិទ្យាស្ថាន «តេជោសែនសាធារណការ និងដឹកជញ្ជូន» នៅក្នុងជំនួបសំណេះសំណាលនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ម្សិលមិញនេះ។

ក្នុងជំនួបសំណេះសំណាលដែលផ្តោតលើការអប់រំចរិយាធម៌ដល់និស្សិតនេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានផ្តល់នូវការអប់រំជាច្រើនដល់និស្សិត ក្នុងនោះរួមមានការរៀបចំខ្លួនជាអ្នកដឹកនាំសម្រាប់ក្រសួងស្ថាប័ន ក៏ដូចជាកន្លែងធ្វើការនាពេលអនាគតផងដែរ។

លោកទេសរដ្ឋមន្ត្រី បានផ្តាំថា ជាមេដឹកនាំល្អ គឺត្រូវចេះទទួល «ខុស និងត្រូវ» មិនត្រូវឱបក្រសោបយកតែ «ត្រូវ» ហើយកំហុសទម្លាក់ឱ្យកូនចៅនោះឡើយ។

រដ្ឋមន្ត្រីដែលមានកេរ្តិ៍ឈ្មោះល្បាញល្បីរូបនេះ បានលើកឡើងថា «ខ្ញុំព្រះករុណាតែងតែប្រាប់ថា បើយើងចង់ក្លាយជាថ្នាក់ដឹកនាំល្អ កុំថើបខាងលើ ធាក់គេខាងក្រោម ដើម្បីខ្លួនឯង មិនបានទេ ហ្នឹងមិនមែនជាថ្នាក់ដឹកនាំទេ។ ត្រូវទទួលខុសឱ្យបានច្រើន ហើយ [ត្រូវ] ត្រូវបញ្ជូនទៅមន្ត្រីរបស់យើង។ នេះជាការងារដែលខ្ញុំព្រះករុណាតែងតែលើកជាមួយថ្នាក់ដឹកនាំ»

ក្នុងកិច្ចសំណេះសំណាលនោះ លោកទេសរដ្ឋមន្ត្រី បានផ្តល់នូវដំបូន្មាន និងការអប់រំជាច្រើនទៀត ជូនដល់និស្សិត ដើម្បីជាទុនបន្ថែមលើជំនាញដែលពួកគេកំពុងសិក្សានៅវិទ្យាស្ថាន «តេជោសែន សាធារណការ និងដឹកជញ្ជូន»