(ភ្នំពេញ)៖ ការស្រោចវ៉ាក់សាំងជូនប្រជាពលរដ្ឋ និងការខិតខំប្រឹងប្រែងរបស់អាជ្ញាធរខណ្ឌទាំង១៤ សហការជាមួយ និងអនុគណៈកម្មការទាំង៣ បានធ្វើឲ្យការឆ្លងរីករាលដាលជម្ងឺកូវីដ១៩ មានការថយចុះយ៉ាងខ្លាំង។ ការថយចុះនេះជាសញ្ញាដ៏ល្អមួយក្នុងការបើករាជធានីភ្នំពេញទៅជាធម្មតាឡើងវិញ ទាំងវិស័យទេសចរណ៍និងសាលារៀន ស្របទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។
នេះបើតាមការបញ្ជាក់របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំតាមរយៈការបញ្ជូនរូបភាព និងសម្លេង (Video Conference) ជាមួយអាជ្ញាធរខណ្ឌទាំង១៤ នារសៀលថ្ងៃទី០១ កញ្ញា ឆ្នាំ២០២១នេះ នៅសាលារាជធានីភ្នំពេញ ដើម្បីរិះរកគ្រប់មធ្យោបាយឈានទៅរក ការកាត់ផ្តាច់ឲ្យបាននូវការរីករាលដាលនៃជំងឺកូវីដ១៩ពិសេសមេរោគបំប្លែងខ្លួនថ្មីប្រភេទដែលតា (Delta)។
លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ជម្ងឺកូវីដ១៩បានថយចុះយ៉ាងខ្លាំងក្នុងរយៈពេល២ ទៅ ៣សប្តាហ៍ចុងក្រោយនេះ ដែលពីមុនមានអ្នកជម្ងឺកវីដ១៩ មានការថយចុះនេះជាសញ្ញាដ៏ល្អមួយ ដើម្បីបើករាជធានីភ្នំពេញឲ្យមកជាធម្មតាវិញ ទាំងវិស័យទេសចរណ៍និងការបើកសាលារៀនឡើងវិញ ស្របទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។
លោកបន្តថា ការថមថយនៃឆ្លងជម្ងឺកូវីដ១៩នេះ ពិតជាបានមកពីការស្រោចវ៉ាក់សាំងជូនប្រជាលរដ្ឋ របស់សម្តេចតេជោ ហ៊ុន សែន និងការខិតខំប្រឹងប្រែងរបស់អាជ្ញាធរខណ្ឌទាំង១៤ សហការជាមួយនិងអនុគណៈកម្មការទាំង៣។ លោក ឃួង ស្រេង បន្តថា យើងបានអនុវត្តការងារ លើការទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ១៩នេះ បានល្អប្រសើរហើយ ដោយពីមុនមានអ្នកជម្ងឺកវីដ-១៩ កើតមានរហូតបន្តចុះថែមទៀត ចំណែកអ្នកស្លាប់ដោយជម្ងឺកូវីដ-១៩ បានថយចុះពី៣០នាក់ មកនៅត្រឹម៦នាក់ ឬ២នាក់ប៉ុណ្ណោះក្នុង១ថ្ងៃ។ ដែលនេះជាមោទនភាពរបស់យើងទាំងអស់គ្នា ដែលយើងត្រូវតែខិតខំប្រឹងប្រែងបន្តទៀត។
ក្នុងនោះដែរលោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ ក៏បានមានប្រសាសន៍បញ្ជាក់ឲ្យដឹងផងដែរថា រាជធានីភ្នំពេញបានឈានទៅរកភាពល្អប្រសើរហើយ បើយើងមើលទៅលើលទ្ធផលនៃការឆ្លងជម្ងឺកូវីដ១៩ ក្នុងរយៈពេល២ទៅ៣សប្តាហ៍ចុងក្រោយនេះ ពោលគឺក្នុងចំនួនមនុស្ស១៨៩៨នាក់ដែលត្រូវយកសំណាក់ រកឃើញមានវិជ្ជមានកូវិដ-១៩ ចំនួនតែ២៨នាក់ប៉ុណ្ណោះ ស្មើនឹង៣,៥៦ភាគរយក្នុងនោះមានប្រភេទ ដែលតា ចំនួន១១នាក់ស្មើនឹង១,៤៨ភាគរយ។
លទ្ធផលនេះគឺពិតជាបានមកពីការស្រោចវ៉ាក់សាំងជូនប្រជាពលរដ្ឋ និងការខិតខំប្រឹងប្រែងរបស់អាជ្ញាធរខណ្ឌទាំង១៤ សហការជាមួយនិងអនុគណៈកម្មការទាំង៣៕