(ភ្នំពេញ)៖ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងវិទ្យាសា្ថនបច្ចេកវិទ្យាកម្ពុជាជាគ្រឹះស្ថានឧត្តមសិក្សាដែលបានកំពុងសហការជាមួយសាកលវិទ្យាល័យក្នុងតំបន់ និងសហគមន៍អឺរ៉ុប ដើម្បីពង្រឹងវិស័យអប់រំផ្នែកបច្ចេកវិទ្យាស្វ័យប្រវត្តិកម្មសម្រាប់ផលិតកម្មក្នុងរោងចក្រក្នុងបរិបទឧហ្សាហកម្ម 4.0 ក្នុងតំបន់អាស៊ាន ក្រោមគម្រោង ASEAN FACTORI 4.0 ដែលមានរយៈពេល៣ឆ្នាំ ហើយជាគម្រោងឧបត្ថម្ភរបស់កម្មវិធីសហគមន៍អឺរ៉ុប Erasmus Plus។

គម្រោងនេះ មានសមាជិកសាកលវិទ្យាល័យចំនួន១០ ដែលក្នុងនោះប្រទេសកម្ពុជា មាន២ សាកលវិទ្យាល័យ ជាសមាជិក (សាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងវិទ្យាសា្ថនបច្ចេកវិទ្យាកម្ពុជា) ប្រទេសថៃមានពីរសាកលវិទ្យាល័យជាសមាជិក ប្រទេសឡាវ មាន៣សាកលវិទ្យាល័យជាសមាជិក និងសហគមន៍អឺរ៉ុប មាន៣ សាកលវិទ្យាល័យជាសមាជិក។

ក្រោមការដឹកនាំ និងសម្របសម្រួលដោយសាកលវិទ្យាល័យ Université Claude Bernard Lyon1 នៃប្រទេសបារាំង គម្រោង ASEAN FACTORI 4.0 មានគោលបំណងពង្រឹងវិស័យអប់រំផ្នែកបច្ចេកវិទ្យាស្វ័យប្រវត្តិកម្មសម្រាប់ផលិតកម្មក្នុងរោងចក្រ ដល់សាលកលវិទ្យាល័យអាស៊ានទាំង៧ ដែលជាសមាជិកក្នុងគម្រោង។

នៅក្នុងប្រទេសកម្ពុជា រចនាសម្ព័ន្ធនៃឧស្សាហកម្មស្ថិតនៅក្រោមដំណាក់កាលនៃការចាប់ផ្តើមតែនៅឡើយ ដោយមានការប្រើប្រាស់កម្លាំងពលកម្មច្រើនដែលទទួលបានកម្រៃទាប បុគ្គលិកនៅមានគុណវុឌ្ឍិខ្សោយ ហើយក៏កំពុងជួបនូវបញ្ហប្រឈមច្រើនផ្នែកអប់រំលើវិស័យឧស្សាហកម្មនេះផងដែរ។

បញ្ហប្រឈមមួយ គឺកង្វះអ្នកជំនាញដើម្បីធ្វើការលើបច្ចេកវិទ្យាថ្មីៗទាក់ទងស្វ័យប្រវត្តិកម្មនៅក្នុងប្រព័ន្ធដំណើរការ និងសង្វាក់ផលិតកម្មក្នុងរោងចក្រ។ រោងចក្រជាច្រើនបានជួលអ្នកជំនាញបរទេសដែលមានសម្ថតភាព ខណៈពេលសាកលវិទ្យាល័យក្នុងស្រុកពុំទាន់មានមន្ទីរពិសោធន៍ និងការអនុវត្តដែលអាចផ្តល់នូវជំនាញសម្រាប់និស្សិត។

ជាការឆ្លើយតបនឹងបញ្ហាប្រឈមនេះ គម្រោង ASEAN FACTORI 4.0 នឹងចូលរួមចំណែកក្នុងការដោះស្រាយ តាមរយៈការបង្កើតមន្ទីរពិសោធន៍ស្វ័យប្រវត្តិកម្មឧស្សាហកម្ម និងកម្មវិធីបណ្តុះបណ្តាលសាស្រ្តាចារ្យនៅសាកលវិទ្យាល័យទាំងពីរ ដែលជាជំហ៊ានផ្តួចផ្តើមបង្កើតជាមជ្ឈមណ្ឌលឧត្តមភាពស្វ័យប្រវត្តិកម្ម (Center of Excellence in Automation)។

មន្ទីរពិសោធន៍នីមួយៗ ត្រូវបានបំពាក់ដោយកុំព្យូទ័រ និងម៉ាស៊ីនPLC (Programmable Logic Controller)ដែលជាម៉ាស៊ីនសម្រាប់ការគ្រប់គ្រងដំណើរការសង្វាក់ផលិតកម្ម។

សាស្រ្តាចារ្យនៃសាកលវិទ្យាល័យទាំងពីរនឹងត្រូវទទួលបានការបណ្តុះបណ្តាលនៅសហគមន៍អឺរ៉ុប និងនៅក្នុងស្រុក ដោយអ្នកជំនាញនៃសាកលវិទ្យាល័យអឺរ៉ុបជាដៃគូ។ ចំណែកឯនិស្សិតក៏បានចូលរួមវគ្គបណ្តុះបណ្តាល online ជាមូលដ្ឋានដែលបង្រៀនដោយ អ្នកជំនាញនៃសាកលវិទ្យាល័យអឺរ៉ុប ជាដៃគូផងដែរ។

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងវិទ្យាសា្ថនបច្ចេកវិទ្យាកម្ពុជានឹងធ្វើកាសិក្សារួមគ្នាពីតម្រូវការជំនាញផ្នែកស្វ័យប្រវត្តិកម្មនៅក្នុងស្រុក ដើម្បីឈានទៅអភិវឌ្ឈកម្មវិធីសិក្សាផ្នែកស្វ័យប្រវត្តិកម្មសម្រាប់និស្សិតផង៕