(ភ្នំពេញ)៖ លោក ស្រី ចំរើន តំណាងឱ្យក្រុមនិស្សិត និងយុវជន ដែលទាមទារឱ្យ​ លោក កឹម សុខា ឆ្លើយបំភ្លឺចំពោះសំឡេងខ្សែអាត់ស្នេហា បានប្រាប់ Fresh News ឱ្យដឹងនៅល្ងាចថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦នេះថា លោកបានត្រៀមខ្លួនរួចជាស្រេច ហើយស្វាគមន៍ចំពោះបណ្តឹងរបស់គណបក្សសង្រ្គោះជាតិ។

ការលើកឡើងរបស់លោក ស្រី ចំរើន តំណាងក្រុមនិស្សិតនេះ បានធ្វើឡើងបន្ទាប់ពី គណបក្សសង្រ្គោះជាតិ បានព្រមានប្តឹងលោកទៅតុលាការ ជុំវិញករណីលោក ដឹកនាំក្រុមនិស្សិតហែក្បួនទាមទារឱ្យ លោក កឹម សុខា ឆ្លើយបំភ្លឺរឿងសំឡេងខ្សែអាត់ ដោយបានប្រើប្រាស់ទង់ជាតិ មួក និងសម្លៀកបំពាក់គណបក្សសង្រ្គោះជាតិ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦។

លោក ស្រី ចំរើន បានឱ្យដឹងថា «សម្រាប់រូបខ្ញូំ គឺខ្ញុំសូមស្វាគមន៍ និងត្រៀមខ្លួនរួចជាស្រេចចំពោះ សេចក្តីថ្លែងការណ៍របស់លោក កឹម សុខា  និងបណ្តឹងរបស់​គណបក្សសង្គ្រោះជាតិ មកលើរូបខ្ញុំ»

លោកបានបន្ថែមថា «ចំពោះការពាក់អាវ មួក និងកាន់ទង់សង្គ្រោះជាតិក្នុងការហែញត្តិនោះ គឺ ជាសិទ្ធរបស់ពួកគាត់ យើងអត់មានទៅបង្ខិតបង្ខំគាត់បានឡើយ  ព្រោះកន្លងមកពួកគាត់​ក៏ធ្លាប់បានចូលរួម​ហែក្បួនជាច្រើន  ក្នុងគណបក្សសង្គ្រោះជាតិ ព្រមទាំងគាំទ្រទៅលើ លោក កឹម សុខាផងដែរ តែដោយសារលោក កឹម សុខា មិនព្រម បកស្រាយការពិត​ជាសារ​ធារណៈ​ចំពោះរឿងរ៉ាវអាស្រូវស្នហាដែលបានបែកធ្លាយ ទើបពួកគាត់ សម្រេច ពាក់អាវ និងមួក ហើយលើកទង់សង្គ្រោះជាតិក្នុងពេលហែញត្តិ ដើម្បីចង់បង្ហាញថា យុវជន ដែលធ្លាប់បានគាំទ្រលោក កឹម សុខា ពេលនេះពួកគាត់ចង់អោយលោកកឹម សុខា ឆ្លើយតបមកពួកគាត់ផង»

លោកថា ប្រសិនបើ គណបក្សសង្គ្រោះជាតិ  លោកចង់ប្តឹង សូមប្តឹងចុះ។ លោក ចំរើន៖ «ខ្ញុំហ៊ាន ប្រឈមមុខ តតាំងតាមផ្លូវច្បាប់ជាមួយ លោក កឹម សុខា តែសូមលោក ត្រលប់ទៅសិក្សា​ច្បាប់​រដ្ឋធម្មនុញ្ញឡើងវិញ មាត្រាតី៣៥ បានចែងថា ប្រជាពលរដ្ឋទាំងពីរភេទមានសិទ្ធចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមនិងវប្បធម៌ជាតិ។ ដូចនេះពួកគាត់​មានសិទ្ធិ ធ្វើក្បួនយាត្រា សិទ្ធបញ្ចេញមតិ តវ៉ា រឿងរ៉ាវអ្វីមួយ ដែលពួកគាត់មិនពេញចិត្តពីសំណាក់ថ្នាក់ដឹកនាំ  ហើយប្រជារាស្រ្តមានសិទ្ធ សួរតំណាងរាស្រ្ត តែបើប្រជារាស្ត្រសួរ តំណាងរាស្រ្តមិនបាន តើ លោក កឹម សុខា ធ្វើតំណាងរាស្រ្តដើម្បីអ្វី ? លោក កឹម សុខា គួរសិក្សាច្បាប់ រដ្ឋធម្មនុញ្ញ លទ្ធិប្រជាធិបតេយ្យ និងពាក្យថា តំណាងរាស្ត្រ ឡើងវិញ​»...ខ្ញុំសូមប្រកាសជាជំហរថា បើតុលាការសម្រេចក្តីអោយខ្ញុំខុស គឺខ្ញុំហ៊ានទទួលខុសត្រូវចំពោះមុខច្បាប់ ព្រោះខ្ញុំមិនកំសាកដូចលោក កឹម សុខា នោះទេ»

សូមជំរាបថា នៅព្រឹកមិញនេះ បន្ទាប់ពីកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា លោក អេង ឆៃអ៊ាង តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ បានអះអាងថា គណបក្សសង្រ្គោះជាតិពេលនេះ កំពុងរៀបចំបែបបទដើម្បីដាក់ពាក្យប្តឹង លោក ស្រី ចំរើន ដោយសារតែលោក​បានប្រើប្រាស់ទង់ សម្លៀកបំពាក់ និងមួករបស់គណបក្សសង្រ្គោះជាតិ យ៉ាងអនាធិបតេយ្យ​​នៅពេលហែរក្បួន៕