(បន្ទាយមានជ័យ)៖ សមត្ថកិច្ចបានឃាត់មនុស្ស៣៨នាក់ ដែលបំពានវិធានការរដ្ឋបាល នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កាលពីល្ងាចថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ ហើយពេលយកទៅធ្វើសំណាក រកឃើញវិជ្ជមានកូវីដចំនួន១នាក់ រួចអាជ្ញាធរក៏បានផាកពិន័យតាមច្បាប់ផងដែរ។
លោក ហ៊ឹល រ៉ាយ៉ា ប្រធានគណៈបញ្ជាការឯកភាពក្រុងសិរីសោភ័ណ បានប្រាប់ថា ការឃាត់ខ្លួនមនុស្ស៣៨នាក់នេះ បានធ្វើឡើងពេលលោកដឹកនាំកម្លាំងចុះរឹតបន្តឹងវិធានការដ្ឋបាល នៅក្នុងភូមិសាស្រ្តក្រុង ចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ពិសេសវីរុសបំប្លែងថ្មី Delta។
លោកបានបញ្ជាក់ថា «ការអនុវត្តរឹតបន្តឹងនេះ ធ្វើឡើងដូចភ្លៀងរលឹម ដោយផ្តោតសំខាន់ មិនឲ្យមានសកម្មភាពនៃការជួបជុំផ្សេងៗ ដូចជា៖ ការជួបជុំផឹកស៊ី, លែងល្បែងស៊ីសង, សកម្មភាពលេងកីឡា, មានលក្ខណៈប្រមូលផ្តុំដែលល្មើសនឹងវិធានការសុខាភិបាល គឺអាជ្ញាធរអនុវត្តដោយគ្មានការលើកលែង»។
លោកបន្តថា ចំពោះអ្នកដែលមិនពាក់ម៉ាស់ មិនគោរពតាមវិធានការសុខាភិបាល នឹងត្រូវមានការផាកពិន័យតាមច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។
លោកក៏បានដាក់បទបញ្ជាដល់គ្រប់សង្កាត់ ត្រូវធ្វើការរឹតបន្តឹងមិនត្រូវឲ្យមានសកម្មភាពប្រជុំផ្តុំណាមួយក្នុងមូលដ្ឋានដោយគ្មានអនុញ្ញាតនោះទេ ត្រូវសហការជាមួយកងកម្លាំងពាក់ព័ន្ធ ចុះអនុវត្តឲ្យបានជាប់ជាប្រចាំ។
ទន្ទឹមនឹងនោះលោក ក៏បានអំពាវនាវដល់ពលរដ្ឋ ចូលរួមអនុវត្តនៅវិធានការសុខាភិបាល និងវិធានការរាជរដ្ឋាភិបាល «៣កាពារ និង៣កុំ» ឲ្យបានខ្ជាប់ខ្ជួនដោយមិនត្រូវមើលស្រាលជំងឺកូវីដ-១៩ឡើយ៕