(​ស៊ីដ​នី​)៖ រដ្ឋាភិបាល​អូស្ត្រាលី នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​ព្រមាន​ប្រជាពលរដ្ឋ​របស់​ខ្លួន កុំឲ្យ​ធ្វើដំណើរ​ទៅ​កាន់​ទីក្រុង Ankara និង​ទីក្រុង Istanbul របស់​ប្រទេស​តួ​ក​គី ដោយសារតែ​មាន​ការ​គំរាម​ដោយ​អំពើ​ភេរវកម្ម នេះ​បើ​តាម​សារព័ត៌មាន​ស៊ិនហួ ចេញផ្សាយ​នៅ​ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​២០១៦​នេះ​។​

​ការ​គំរាម​ប្រឆាំង​ការធ្វើ​ដំណើរ​នេះ ត្រូវ​បាន​រឹតបន្តឹង​ឡើង បន្ទាប់ពី​មាន​មនុស្ស​ជាង​៨០​នាក់ ត្រូវបាន​សម្លាប់​នៅ​ក្នុង​ការ​បំផ្ទុះ​គ្រាប់បែក ដាច់ដោយឡែក​ពីគ្នា​ចំនួន​៤​ដង នៅក្នុង​ទីក្រុង​ង​ចំនួន​២ នា​ឆ្នាំ​នេះ​, នេះ​បើ​តាម​រដ្ឋមន្ត្រីការបរទេស​អូស្ត្រាលី លោកស្រី Julie Bishop បានឲ្យ​ដឹង​យ៉ាង​ដូច្នេះ​។ ប្រជាជន​អូស្ត្រាលី ត្រូវបាន​ផ្តល់​ដំបូន្មាន​ឲ្យ​ពិចារណា​ឡើងវិញ ប្រសិនបើ​មិន​ចាំបាច់​ក្នុងការ​ធ្វើ​ដំណើរ ទៅ​កាន់​ទីក្រុង​ទាំង​ពីរ​នេះ ដោយ​នេះ​គឺជា​ការព្រមាន​គ្រោះថ្នាក់​កម្រិត​ខ្ពស់​បំផុត​ជា​លើក​ទី​២​។

«​ក្រុម​ភេរវកម្ម​បាន​បន្ត គំរាម​វាយប្រហារ​បន្ថែមទៀត ក្នុងនោះ​រួម​ទាំង​មាន​គោលដៅ លើ​ភ្ញៀវ​ទេសចរណ៍ និង​ក្រុម​បណ្តា​ប្រទេស​លោកខាងលិច​»​។ នេះ​បើ​តាម​របាយការណ៍​លោកស្រី Bishop​។ ការព្រមាន​នេះ បាន​ធ្វើឡើង​ស្របពេល​ដែល​ប្រជាជន​អូស្ត្រាលី​រាប់ពាន់នាក់ រៀបចំ​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​ឧបទ្វីប Gallipoli Peninsula របស់​តួ​ក​គី ដើម្បី​ប្រារព្ធ​ពិធី​រំលឹក​ខួប នៃ​ការចុះ​ចត​របស់​កងកម្លាំង​អូស្ត្រាលី និង​ណូវែល​សេ​ឡង់ (ANZAC Day) នៅ​ក្នុង​ការ​លុកលុយ​ដ៏​អកុសល​មួយ កាលពី​ថ្ងៃ​ទី​២៥ ខែ​មេសា ឆ្នាំ​១៩១៥ អំឡុង​ពេល​សង្គ្រាមលោក​លើក​ទី​១​។​

​លោកស្រី Bishop បន្តថា រដ្ឋាភិបាល​អូស្ត្រាលី មិន​បានដឹង​ពី​ការគំរាមកំហែង​ជាក់លាក់​ណាមួយ ទៅលើ​ភ្នាក់ងារ​រៀបចំ​គម្រោង សម្រាប់​ពិធី ANZAC Day ដែល​គ្រោង​នឹង​ធ្វើ​នៅ​លើ​ឧបទ្វីប Gallipoli Peninsula នោះទេ​។ លោកស្រី​បញ្ជាក់​ថា ភ្នាក់ងារ​ធ្វើ​ដំណើរ​របស់​ជនជាតិ​អូស្ត្រាលី គួរតែ​កាត់បន្ថយ​ការដឹកជញ្ជូន​ភ្ញៀវ​ទៅ​កាន់​ទីក្រុង Istanbul និង Ankara៕