(ពោធិ៍សាត់)៖ កម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ បានឃាត់ខ្លួនមុខសញ្ញា ចែកចាយគ្រឿងញៀនសកម្មម្នាក់ រួចហើយបញ្ជូនទៅ សាលាដំបូងនៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦នេះ។

ស្រ្តីសង្ស័យត្រូវបានចាប់ខ្លួននៅល្ងាចថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦ ស្ថិតនៅចំណុច (៨១៦១៨-៨៦១៣៩) ក្នុងភូមិរ៉ា សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ក្រោមការសម្របសម្រួលពីលោក ឡុង ជាប ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត។  

លោកវរសេនីយ៍ទោ ញឹម នី មេបញ្ជាការរងអាវុធហត្ថខេត្ត បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា មុខសញ្ញាដែលចែកចាយ គ្រឿងញៀនដ៏សកម្មម្នាក់នេះមានឈ្មោះ ជា សុខា អាយុ៤១ឆ្នាំ រស់នៅភូមិពោធិ៍តាគួយ សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។

លោកមេបញ្ជាការរងអាវុធហត្ថខេត្ត បានឲ្យដឹងទៀតថា កម្លាំងរបស់យើង បានចេញប្រតិបត្តិការបង្ក្រាប ខណៈដែលទទួលបាន ព័ត៌មានថា មុខសញ្ញាខាងលើ កំពុងរៀបចែកចាយគ្រឿងញៀននៅចំណុចភូមិសង្កាត់កើតហេតុខាងលើ ដោយដកហូតវត្ថុតាងរួមមាន ៖ ម៉ូតូ SUZUKI Smash ពណ៌ខ្មៅ ពាក់ស្លាកលេខ 1E-3207 ម្សៅក្រាមពណ៌សថ្លា (ម៉ាទឹកកក Ice) ២កញ្ចប់តូច, លុយខ្មែរ ៤ម៉ឺនរៀល, ទូរស័ព្ទម៉ាក SINGTECT ១គ្រឿង និងវត្ថុមួយចំនួនទៀត៕

Posted by Sheet on Thursday, March 31, 2016