(រតនគិរី)៖ រថយន្ដដឹកលើសទម្ងន់កំណត់ចំនួន៥គ្រឿង ត្រូវបានក្រុមការងារចម្រុះរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន សម្រេចឃាត់ទុកមួយឆ្នាំដោយសារដឹកលើទម្ងន់លើកំណាត់ផ្លូវជាតិលេខ៧៦ ក្បែរគល់ស្ពានស្រុកលំផាត់ ខេត្តរតនគិរី ក្នុងទិសដៅទៅខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១នេះ។

ប្រតិបត្តិការនេះធ្វើឡើងដោយក្រុមការងារចល័តចម្រុះ សម្រាប់ឆ្មក់ត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់របស់គណៈកម្មាធិការសម្របសម្រួល អចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យ យានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ដឹកនាំដោយលោក សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន អមដំណើរដោយ លោក ឯក រដ្ឋ អនុរដ្ឋលេខាធិការ និងមានការសហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី។

លោក សាយ សាមាន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី បានឱ្យដឹងថា ដោយអនុវត្តតាមអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោនោះក្រុមការងារ បានសហកាជាមួយសមត្ថកិច្ចពាក់ព័ន្ធ ឃ្លាំមើលយានយន្តកែច្នៃ ខុសបច្ចេកទេស និងលើសទំងន់កម្រិតកំណត់នៅតាមដងផ្លូវទាំងអស់ ក្នុងភូមិសាស្ត្រខេត្តរតនគិរី។ ជាក់ស្តែង នៅយប់ថ្ងៃទី៤និងទី៥ ខែកញ្ញានេះ បានស្ទាក់រថយន្តធុនធ្ងន់ចំនួន៥គ្រឿង ដឹកខ្សាច់លើកំណាត់ផ្លូវជាតិលេខ៧៦ ក្បែរគល់ស្ពានស្រុកលំផាត់ ក្នុងទិសដៅ ទៅខេត្តមណ្ឌលគិរី។

លោក សេង ឈួន បានបញ្ជាក់ឲ្យដឹងថា ដោយអនុវត្តតាមអនុសាសន៍របស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន មន្ត្រីជំនាញនឹងចុះត្រួតពិនិត្យចំពោះរថយន្តទាំងឡាយណា ដែលដឹកលើសទម្ងន់ដោយគ្មានការលើកលែងនោះទេ ពោលគឺធ្វើការផាកពិន័យទៅតាមផ្លូវច្បាប់កំណត់។

ជាមួយគ្នានេះ លោក សេង ឈួន ក៏បានសំណូមពរដល់ម្ចាស់យានយន្តទាំងអស់ កុំដឹកលើសទម្ងន់នៃកម្រិតកំណត់ បើពុំដូច្នេះទេនឹងត្រូវទទួលការផាកពិន័យ ឬឃាត់យានយន្តរក្សាទុករយៈពេល១ឆ្នាំ តាមច្បាប់ស្តីពីផ្លូវថ្នល់ជាក់ជាមិនខានឡើយ។

សូមបញ្ជាក់ថា យោងតាមច្បាប់ចរាចរណ៍ផ្លូវគោកមាត្រា ៦០ ចំពោះអ្នកប្រើប្រាស់យានយន្តដឹកជញ្ជូនធន់ធ្ងន់ ដែលដឹកទំនិញលើផ្លូវថ្នល់ដែល៖

*ទី១៖ មិនចូលថ្លឹងនៅស្ថានីយជញ្ជីង តាមបណ្តាញផ្លូវត្រូវពិន័យអន្តរកាលជាប្រាក់ចំនួន ៥០ម៉ឺនរៀល។
*ទី២៖ ផ្ទុកទម្ងន់មិនលើស៥% នៃទម្ងន់កំណត់ ត្រូវធ្វើការព្រមានជាលាយលក្ខណ៍អក្សរ។
*ទី៣៖ ផ្ទុកទម្ងន់លើសពី៥% ទៅ១០% នៃទម្ងន់កំណត់ត្រូវរើ ទំនិញ និងឃាត់យានយន្តចំនួន១០ថ្ងៃ និងពិន័យអន្តរកាលជាប្រាក់ ១០ម៉ឺនរៀលក្នុង១តោន។
*ទី៤៖ ផ្ទុកទម្ងន់លើសពី១០%ទៅ២០% នៃទម្ងន់កំណត់ត្រូវរើ ទំនិញ និងឃាត់យានយន្តចំនួន១ខែ និងពិន័យអន្តរកាលជាប្រាក់ ២០ម៉ឺនរៀលក្នុង១តោន និងដកប័ណ្ណបើកបរ ព្យួរទុក ៦ខែ។
*ទី៥៖ ផ្ទុកទម្ងន់លើសពី២០% នៃទម្ងន់កំណត់ត្រូវរើ ទំនិញ និងឃាត់យានយន្តចំនួន១ឆ្នាំ និងពិន័យអន្តរកាលជាប្រាក់ ៣០ម៉ឺនរៀលក្នុង១តោន និងដកប័ណ្ណបើកបរ ព្យួរទុកចំនួន២ឆ្នាំ៕