(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ត្រី អេង ហ៉ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចេញសេចក្តីប្រកាសព័ត៌មានដោយស្នើឲ្យម្ចាស់ផេកមួយ ធ្វើការកែតម្រូវអំពីការផ្សព្វផ្សាយរបស់ខ្លួន ដោយចោទថាកម្លាំងអាវុធហត្ថ ខេត្តកំពតបានចាប់បុរសម្នាក់ដោយអយុត្តិធម៌រឿងចាប់រំលោភក្មេងស្រីមិនទាន់គ្រប់អាយុ។
បើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១នេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «កាលពីវេលាប្រមាណម៉ោង ១២៖៣០នាទីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ មានអ្នកសារព័ត៌មានចំនួន២នាក់ និងប្រជាពលរដ្ឋចំនួន៤នាក់ បានមកឈរនៅខាងមុខបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពត ហើយធ្វើការឡាយវីដេអូ ផ្សព្វផ្សាយតាមរយៈ Page Facebook ឈ្មោះ ហង្ស សំណាង ដែលមានចំណងជើងថា «អយុត្តិធម៌បំផុតចាប់ដាក់គុកដោយគ្មានដីកា ភូមិកែបថ្មី ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត 06/09/2021 លើកទី២»។
ក្រោយពីទទួលបានសេចក្តីរាយការណ៍អំពីព័ត៌មានខាងលើនេះ ពីលោកឧត្តមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពត និងបានធ្វើការពិនិត្យឯកសារសំណុំរឿងក្តីករណី «លួងលោមរួមភេទជាមួយអនីតិជន អាយុក្រោម១៥ឆ្នាំ ប្រព្រឹត្តនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោងប្រហែល២១និង៣០នាទី នៅចំណុចភូមិកែបថ្មី ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត»។
ឧត្តមសេនីយ៍ត្រី អេង ហ៉ី សូមជម្រាបជូនអ្នកសារព័ត៌មាន សាធារណជន និងបុគ្គលដែលជាសាច់ញាតិពាក់ព័ន្ធនឹងរឿងក្តីនេះ ជ្រាបថា មន្ត្រីនគរបាលយុត្តិធម៌ នៃកងរាជអាវុធហត្ថខេត្តកំពត បានទទួលពាក្យបណ្ដឹងពីឈ្មោះ មឿន សារិន ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ត្រូវជាឪពុករបស់ជនរងគ្រោះ (ឈ្មោះ ច ឆ ភេទស្រី អាយុ១៤ឆ្នាំ) ប្តឹងឈ្មោះ ម៉េង បូរី ភេទប្រុស មុខរបរនេសាទ រស់នៅភូមិកែបថ្មី ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត ពីបទលួងលោមកូនស្រីរបស់គាត់មកដល់ខេត្តកំពត និងសេពសន្ថវៈ។
អ្នកនាំពាក្យបានបន្តថា បន្ទាប់មកមន្ត្រីជំនាញយុត្តិធម៌ បានចាត់ការពាក្យបណ្តឹងតាមនីតិវិធីរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ និងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកំពតនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ ជាមួយគ្នានោះដែរ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពត ឈ្មោះ គាំ គង្គា ក៏បានចេញដីកាបង្គាប់ឱ្យឃុំខ្លួនបណ្ដោះអាសន្ន នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ ផងដែរ។
ឧត្តមសេនីយ៍ត្រី អេង ហ៉ី បានគូសបញ្ជាក់ថា៖ «ខ្ញុំបាទសូមបញ្ជាក់ថា ការអនុវត្តនីតិវិធីទៅលើករណីរឿងក្តីខាងលើនេះ ពិតជាត្រឹមត្រូវតាមក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ហើយរឿងក្តីនេះបានផុតពីសមត្ថកិច្ចរបស់ជំនាញកងរាជអាវុធហត្ថ ក្រោយពីបានបញ្ជូនសំណុំរឿងតាមរយៈដីកាបញ្ជូន ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០»៕