(កណ្តាល)៖ មន្រ្តីអាវុធហត្ថខេត្តកណ្តាលចំនួន៤៦នាក់ ត្រូវបានប្រកាសផ្ទេរភារកិច្ច និងមន្រ្តីអាវុធហត្ថចំនួន៦នាក់ទៀត ត្រូវបានប្រកាសដំឡើងឋានន្តរស័ក្តិនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦នេះ ក្រោមវត្តមានរបស់លោកឧត្តមសេនីយ៍ឯក ភួង ស៊ីភិន មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្តលើផ្ទៃប្រទេស។

នៅក្នុងពិធីនេះ ក៏មានអញ្ជើញចូលរួមផងដែរ ពីអភិបាលរងខេត្តកណ្តាលលោក គឹម រិទ្ធី មេបញ្ជាការអាវុធហត្ថខេត្តកណ្តាលលោកឧត្តមសេនីយ៍ត្រី សំ តុលា ស្នងការរងនគរបាល មេបញ្ជាការរងតំបន់សឹងរងខេត្ត តំណាងបញ្ជាការដ្ឋានអង្គរក្ស ប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញាខេត្ត និងមនី្ទរជុំវិញខេត្តកណ្តាលជាច្រើនផ្សេងទៀត។

នៅក្នុងកិច្ចប្រជុំខាងលើនេះ លោកឧត្តមសេនីយ៍ សំ តុលា បានលើកឡើងនូវលទ្ធផលប្រតិបត្តិការ នៃការបំពេញភារកិច្ចរបស់កងកម្លាំងរបស់ខ្លួន នាពេលកន្លងទៅ ព្រមទាំងបាន និងកំពុងបន្តបំពេញការងារកាន់តែខ្លាំងឡើង ដើម្បីពង្រឹងបញ្ហាសន្តិសុខ និងសណ្នាប់ធ្នាប់ជូន ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

លោកមេបញ្ជាការបានបញ្ជាក់ថា សម្រាប់ការងារសន្តិសុខនេះ លោកបានដាក់ផែនការឲ្យកម្លាំងចុះល្បាត ទាំងថ្ងៃទាំងយប់ គ្រប់គោលដៅទាំងអស់ ដែលអាចចេញជួយអន្តរាគមន៍ភ្លាមៗ នៅពេលមានហេតុការណ៍ និងបទល្មើសអ្វីមួយកើតឡើង។

លោកឧត្តមសេនីយ៍ ភួង ស៊ីភិន បានថ្លែងកោតសរសើរដល់កម្លាំងអាវុធហត្ថខេត្តកណ្តាល ដែលកន្លងមក បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងលើកិច្ចការពារសន្តិសុខ ដូច្នេះដើម្បីជាការលើកទឹកចិត្តជូននោះ នាយឧត្តមសេនីយ៍ សៅ សុខា បានសម្រេចយល់ព្រមតាមសំណើ របស់មេអង្គភាពចំពោះការសុំផ្ទេរភារកិច្ច និងដំឡើងឋានន្តរស័ក្តិ ជូនដល់មន្រ្តីអាវុធហត្ថទាំង៥២នាក់នេះ។ យ៉ាងណាក៏ដោយលោកឧត្តមសេនីយ៍បានជំរុញឲ្យ កម្លាំងអាវុធហត្ថខេត្តទាំងអស់ ត្រូវខិតខំបន្តទៀតលើការពង្រឹងបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ និងការរស់នៅប្រចាំរបស់ប្រជាពលរដ្ឋ កាន់តែល្អប្រសើរឡើង ជាពិសេសលើការទប់ស្កាត់បទល្មើស ដែលអាចកើតមានឡើង៕