(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើដល់ធនាគារពិភពលោក ជួយពិនិត្យលទ្ធភាពក្នុងការ ជួយបំពាក់ប្រព័ន្ធគ្រប់គ្រងយានយន្តដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់ដោយស្វ័យប្រវត្តិ ឬ AI Camera and Weigh-in Motion Sensor Centralized Database Solution System នៅតាមទីតាំងផ្លូវជាតិសំខាន់ៗមួយចំនួននៅកម្ពុជា។

ក្នុងឱកាសទទួលជួបសម្តែងការគួរសមពីលោកស្រី Maryam Salim នាយិកាគ្រប់គ្រងថ្មីនៃការិយាល័យធនាគារពិភពលោកប្រចាំកម្ពុជា នាថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ លោកទេសរដ្ឋមន្ត្រី បញ្ជាក់ដែរថា ប្រព័ន្ធ គ្រប់គ្រងយានយន្តដឹកជញ្ជូន លើសទម្ងន់កំណត់នេះ មានអត្ថប្រយោជន៍ជួយកាត់បន្ថយការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បង្កឱ្យផ្លូវឆាប់ខូចមុនអាយុកាល មាន សមត្ថភាពអាចចាប់ល្បឿនយានយន្ត ដឹងពីល្បឿន អត្តសញ្ញាណ និងទម្ងន់ផ្ទុករបស់យានយន្តដឹកជញ្ជូន ទប់ស្កាត់គ្រោះថ្នាក់ ចរាចរណ៍ផងដែរ។

សូមជម្រាបជូនថា លោកស្រី Maryam Salim ទើបទទួលបានការតែងតាំងពីធនាគារពិភពលោក ជានាយិកាគ្រប់គ្រងថ្មីនៃការិយាល័យធនាគារពិភពលោកប្រចាំកម្ពុជា ជំនួសលោកស្រី Inguna Dobraja ដែលត្រូវផ្លាស់ទៅបម្រើការនៅសាធារណរដ្ឋ Moldova បន្ទាប់ពីបានដឹកនាំការិយាល័យធនាគារពិភព លោកប្រចាំកម្ពុជា អស់រយៈពេលមួយអាណត្តិកន្លងមក។

លោកស្រី Maryam Salim មានបទពិសោធន៍ ការងារអស់រយៈពេលជាង២០ឆ្នាំក្នុងធនាគារពិភពលោក មុនពេលលោកស្រីត្រូវបានផ្លាស់មកកម្ពុជា លោកស្រីបានកាន់តំណែងជានាយិកាគ្រប់គ្រងការិយាល័យធនាគារពិភពលោកប្រចាំប្រទេសអាល់បានីផងដែរ។

លោកទេសរដ្ឋមន្ត្រី ក៏បានស្នើឱ្យធនាគារពិភពលោកពិនិត្យលទ្ធភាពលើការរៀបចំកម្មវិធី ដើម្បីដោះ ស្រាយបញ្ហាសំខាន់ៗមួយចំនួនទាក់ទង នឹងបញ្ហាសុវត្ថិភាព ចរាចរណ៍ផ្លូវគោក ដែលបច្ចុប្បន្នបានបណ្តាលឱ្យមនុស្សពី៤ទៅ៥នាក់ស្លាប់ និងរងរបួសពី១០ទៅ១៥នាក់ ជារៀងរាល់ថ្ងៃនៅលើដងផ្លូវ និងបញ្ហាគំនូសចរាចរណ៍ និងសញ្ញាចរាចរណ៍គ្រប់ផ្លូវទាំងអស់នៅកម្ពុជា ដើម្បីជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យនៅកម្រិតទាបតាមដែលអាចធ្វើទៅបាន។

ជាការឆ្លើយតបលោកស្រី Maryam Salim បានធ្វើការកត់សម្គាល់ និងសម្តែងចំណាប់អារម្មណ៍ចំពោះសំណើនានាដែល លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើក ឡើង ទាក់ទង ទៅនឹងគម្រោងអភិវឌ្ឍន៍នានារបស់ក្រសួង និងបានគូសបញ្ជាក់ថា ក្រុមការងារនឹងធ្វើការពិនិត្យពិចារណា និងសម្របសម្រួលចំពោះសំណើទាំងនោះ។

បន្ថែមពីនេះលោកស្រីនាយិកា បានសម្ដែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះប្រទេសកម្ពុជា ដែលទទួលបានការរីកចម្រើន យ៉ាងឆាប់រហ័ស ក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ ជាពិសេសសមិទ្ធផលសម្រេចបានលើការបំពេញការងារ ក្នុងភាពជាដៃគូរយៈពេលកន្លងមក ជាមួយក្រសួងលើវិស័យដឹកជញ្ជូន ការងារគ្រប់គ្រងទឹកកខ្វក់ និងសមិទ្ធផលសម្រេចបានគួរឱ្យកត់សម្គាល់ផ្សេងទៀត ដោយលោកស្រីជឿជាក់ថា ការបំពេញតួនាទីរបស់លោកស្រីក្នុងអាណត្តិរយៈពេល ៤ឆ្នាំនៅកម្ពុជានេះ នឹងបន្តភាពជាដៃគូរឹងមាំថែមទៀត ដើម្បីសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត។

បន្ថែមពីនេះលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានជម្រាបជូនលោកស្រីនាយិកាដែរថា ក្រសួងបានបង្កើតវិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន ដែលផ្ដល់វគ្គបណ្ដុះបណ្ដាលលើជំនាញ វិស្វកម្មផ្លូវថ្នល់ ស្ពាន និងបានសហការជាមួយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានចុះអនុស្សរណៈជាមួយសាកលវិទ្យាល័យ បរទេសមួយចំនួន និងគ្រោងចុះអនុស្សរណៈបង្កើនភាពជាដៃគូជាមួយក្រុមហ៊ុនឯកជន និងសមាគមភស្ដុភារកម្មកម្ពុជា(CLA) ដើម្បីកសាងសមត្ថភាពសម្រាប់វិទ្យាស្ថាន។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានបង្ហាញពីបំណងចង់សហការជាមួយធនាគារពិភពលោក លើការស្វែងរកសាស្រ្តាចារ្យ និងអ្នកជំនាញល្អៗបន្ថែមទៀត ដែលអាចផ្តល់ការបង្រៀនដោយផ្ទាល់ ឬតាមអនឡាញដល់និស្សិតរបស់វិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូនផងដែរ៕