(ភ្នំពេញ)៖ លោក ហឿន សំនៀង នាយកវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុន អ អិម អេ ខេមបូឌា ភីអិលស៊ី ដែលដឹកនាំដោយលោក ងន សាំង ប្រធានក្រុមហ៊ុន អ អិម អេ ប្រចាំប្រទេសកម្ពុជា និងបានឯកភាពគ្នាលើគោលការណ៍សំខាន់ៗ ចំនួន៧ចំណុច។

ភាគីទាំង២បានឯកភាពគ្នាលើគោលការណ៍ដូចជា៖ សហការបណ្តុះបណ្តាលលើជំនាញបច្ចេកទេស, សហការក្នុងការផ្តល់ជំនួយបច្ចេកទេសលើកម្មវិធីអប់រំ និងបណ្តុះ បណ្តាល, សហការស្រាវជ្រាវ និងអនុវត្គគម្រោងរួមគ្នាលើវិស័យដែលពាក់ព័ន្ធ, ការផ្លាស់ប្តូរមន្ត្រី សាស្ត្រាចារ្យ អ្នកស្រាវជ្រាវ និងបុគ្គលិក, ការផ្លាស់ប្តូរព័ត៌មាន និងសម្ភារបរិក្ខាផ្នែកបច្ចេកទេសផ្សេងៗ, ការបង្កើតសន្និសីទ សិក្ខាសាលាកម្មវិធីបណ្តុះបណ្តាល និងព្រឹត្តិការណ៍នានារួមគ្នា, ការផ្តល់ឱកាសឱ្យនិស្សិត ផ្លាស់ប្តូរបទ ពិសោធន៍សិក្សា និងចុះអនុវត្តការងារជាក់ស្តែង។

ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា បានធ្វើឡើងនាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ នេះ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមអធិបតីលោកស្រី ឥម នីថារ៉ា រដ្ឋលេខាធិការនិងជាតំណាងលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងមានការចូលរួមពីមន្ត្រីពាកព័ន្ធ ជាច្រើនរូប។

លោក ហឿន សំនៀង បានរាយការណ៍អំពីវឌ្ឍនភាពរបស់វិទ្យាស្ថាន ព្រមទាំងគូសបញ្ជាប់ថា និស្សិតជំនាន់ទី១ ចំនួន ១៩១នាក់ សិក្សាលើជំនាញចំនួន៦ ក្នុងដេប៉ាតឺម៉ង់ ចំនួន ៣ រួមមាន៖ ទី១ ដេប៉ាតឺម៉ង់សំណង់ សាធារណការ៖ ជំនាញសំណង់ផ្លូវថ្នល់ ផ្លូវល្បឿនលឿន ស្ពាន ផ្លូវដែក កំពង់ផែ និងជំនាញប្រព័ន្ធចម្រោះទឹកកខ្វក់, ២៖ ដេប៉ាតឺម៉ង់គ្រប់គ្រងដឹកជញ្ជូន និងភស្តុភារកម្ម៖ ជំនាញសេដ្ឋកិច្ច និងគ្រប់គ្រងដឹកជញ្ជូនផ្លូវគោក និងជំនាញគ្រប់គ្រងភស្ដុភារកម្ម និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ និង៣៖ ដេប៉ាតឺម៉ង់ នាវាចរណ៍៖ ជំនាញបរិបាលនាវា និងស៊ីននាវា ហើយការបណ្តុះបណ្តាលរបស់វិទ្យាស្ថាន បានផ្តោតទៅលើគុណតំលៃសំខាន់ចំនួន ៣ គឺជំនាញ ចំណេះដឹង និងសីលធម៌។

លោកស្រី ឥម នីថារ៉ា បានលើកឡើងថា ក្រោមការចង្អុលបង្ហាញ និងចក្ខុវិស័យដ៏វែងឆ្ងាយរបស់លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ត្រូវបានបង្កើតឡើងក្នុងគោលបំណង បណ្តុះបណ្តាលធនធានមនុស្ស ប្រកបដោយសមត្ថភាព ចំណេះដឹងទូលំទូលាយ និងសីលធម៌វិជ្ជាជីវៈ ដើម្បីដោះស្រាយ បញ្ហា កង្វះជំនាញបច្ចេកទេស ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន។

លោកទេសរដ្ឋមន្ដ្រី តែងតែចង់ឃើញកូនខ្មែរគ្រប់ជំនាន់មានសមត្ថភាពសាងសង់ផ្លូវ ស្ពានឆ្លងកាត់ទន្លេមេគង្គ ទន្លេបាសាក់ ទន្លេសាប ដោយខ្លួនឯងនិងប្រកបដោយ គុណភាពជូនជាតិមាតុភូមិនាពេលអនាគត ដូចបុព្វបុរសយើងនាសម័យមុន ដែលមានសមត្ថភាពកសាង ប្រាង្គប្រាសាទដ៏ស្រស់បំព្រង និងមានគុណភាពជាប់បានរាប់រយពាន់ឆ្នាំហើយ ថែមទាំងល្បីល្បាញពាសពេញសាកលលោកទៀតផង។

លោកស្រី ឥម នីថារ៉ា បានបន្ថែមថា តាមរយៈកិច្ចសហប្រតិបត្តិការនេះក្រុមហ៊ុន អ អិម អេ ខេមបូឌា ដែលជាក្រុមហ៊ុនមួយមានភាពល្បីល្បាញលើឆាកអន្តរជាតិ និងមានឯកទេសផ្នែកវិស្វកម្មយានយន្ត បច្ចេកទេស ឧបករណ៍ធន់ធ្ងន់ ក៏ដូចជាបានចូលរួមយ៉ាងសកម្មគាំទ្រដល់សកម្មភាពសង្គមផងនោះ នឹងផ្តល់កិច្ចសហការជិតស្និទ្ធ ជាមួយវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន សំដៅចូលរួមពង្រឹងគុណភាព នៃការអប់រំឱ្យសមស្របទៅនឹងតម្រូវការទីផ្សារ ក៏ដូចជាផ្តល់ជំនួយបច្ចេកទេស ដែលជាគុណប្រយោជន៍ដល់និស្សិត អាចផ្តល់ឱ្យនិសិ្សតទទួលបាននូវភាពប្រសើរឡើងនៃឱកាសការងារ ជំនាញចំណេះដឹង និងផ្ដល់អត្ថប្រយោជន៍ដល់គូភាគី ទៅវិញទៅមក។

លោក ងន សាំង បានឱ្យដឹងដែរថា ជារៀងរាល់ឆ្នាំក្រុមហ៊ុនបានចំណាយថវិកាប្រមាណជាង ៥០ម៉ឺនដុល្លារ សម្រាប់ការវិនិយោគលើការបណ្ដុះបណ្ដាលបច្ចេកទេស និងជំនាញផ្សេងៗដល់បុគ្គលិក និងសិស្សនិស្សិតតាមសាលាបច្ចេកទេសនានា ដើម្បីទទួលបានឱកាសមកសិក្សា និងអនុវត្តផ្ទាល់ជាមួយអ្នកឯកទេសរបស់ក្រុមហ៊ុន នៅតាមបណ្ដាក្រុមហ៊ុននានាដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន អ អិម អេ ខេមបូឌា ក្រៅពីនេះក្រុមហ៊ុន ក៏បានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពមនុស្សធម៌ និងកិច្ចការសង្គមនានាជាច្រើនផងដែរ។

លោក ងន សាំង បានបញ្ជាក់ទៀតថា កិច្ចសហការរបស់ក្រុមហ៊ុន ជាមួយវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន នឹងផ្តោតលើក្របខណ្ឌអប់រំ កម្មវិធីបណ្តុះ បណ្តាល និងផ្តល់ជំនួយផ្នែកបច្ចេកទេស នឹងផ្តល់ជាប្រយោជន៍ដល់ប្អូនៗសិស្ស និស្សិត ក៏ដូចជាយុវជនខ្មែរជំនាន់ក្រោយដើម្បីឆ្លើយតប ទៅនឹងតម្រូវការទីផ្សារការងារ ផ្នែកបច្ចេកទេស៕