(ព្រះសីហនុ)៖ បុរសល្មោភកាមម្នាក់​ បានប៉ងចាប់រំលោភក្មេងស្រីអាយុ៨ឆ្នាំ ជាសិស្សសាលាប៉ុន្តែទង្វើដ៏ថោកទាប មិនបានសម្រេចនោះឡើយ ក្រោយពីមានគេមកទាន់ កុំអីក្មេងស្រីក្លាយជាចំណីតណ្ហារបស់ជននេះបាត់ទៅហើយ។

ករណីខាងលើនេះបានកើតឡើង​ នៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦ ស្ថិតនៅសង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ ប៉ុន្តែជននេះត្រូវបានកម្លាំងនគរបាលចាប់វាយខ្នោះ កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ចាត់ការតាមច្បាប់។

មន្រ្តីនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ជនសង្ស័យរូបនេះមានឈ្មោះ ផន ប៊ុនធឿន អាយុ៤៩ឆ្នាំ រស់នៅក្នុងព្រះវិហារសយាយស៊ូ សង្កាត់លេខ១ ក្រុងព្រះសីហនុ ហើយត្រូវបានបញ្ជូនទៅកាន់តុលាការ នៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០១៦នេះ។ ដោយឡែកក្មេងស្រីរងគ្រោះ មានឈ្មោះ ស.ស.ល រស់នៅក្រុងព្រះសីហនុ។

បើតាមមន្រ្តីនគរបាលរូបនេះ ខណៈក្មេងស្រីរងគ្រោះ នៅតែម្នាក់ឯងស្រាប់ ជនសង្ស័យចាប់ប៉ងរំលោភ តែពេលនោះមានគេមកទាន់ ក៏ជនសង្ស័យដកខ្លួនតែម្តង ហើយក្រោយកើតហេតុឪពុកម្តាយ បានប្តឹងទៅសមត្ថកិច្ច ចុះមកចាប់ខ្លួនជនសង្ស័យភ្លាមៗផងដែរ៕