(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានថ្លែងអំណរគុណដល់ប្រទេសចិន ដែលបានជួយប្រទេសកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងបានជួយស្តារសេដ្ឋកិច្ច-សង្គមកម្ពុជា ដែលរងគ្រោះដោយសារជំងឺកូវីដ១៩។

ការថ្លែងអំណរគុណរបស់ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន រួមមានគ្នាជាមួយលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន នៅរសៀល ថ្ងៃទី១២ ខែកញ្ញានេះ ដោយភាគីទាំងពីរកំពុងបន្តធ្វើសន្និសីទរួមគ្នាមួយ នៅទីស្តីការក្រសួងការបរទេស។

ឧបនាយករដ្ឋមន្ត្រី បានឱ្យដឹងថា ប្រទេសបចិន បានបោះដៃជួយដល់ប្រទេសនានានៅលើលោកដែលត្រូវការវ៉ាក់សាំង និងសម្ភារៈពេទ្យដែលជំនះជំងឺកូវីដ១៩នេះដែរ។

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងអំណរគុណយ៉ាងដូច្នេះថា៖ «ហើយខ្ញុំសូមឆ្លៀតយកឱកាសនេះ ដើម្បីអរគុណរដ្ឋាភិបាលចិន និងប្រជាជនចិន ចំពោះជំនួយ និងសហប្រតិបត្តិការដែលគាំទ្រដល់កិច្ចប្រឹងប្រែងរបស់យើងក្នុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ហើយក្នុងការតស៊ូ ងើបឡើងវិញខាងផ្នែកសង្គម សេដ្ឋកិច្ច ពីផលពិបាលដែលប៉ះពាល់ដោយសារជំងឺកូវីដ១៩នេះ ហើយក៏ជាឧទារហណ៍មួយនៃសាមគ្គីភាព ដែលចិនបានបង្ហាញចំពោះកម្ពុជា ដែលមកម៉ោងនេះ គឺយើងបានទទួលវ៉ាក់សាំងចំនួន ២៦លាន ៨សែន ពីប្រទេសចិន ដែលក្នុងនោះមានជំនួយឧបត្ថម្ភ ចំនួន៤លាន ៣សែនដូស»

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបន្ថែមទៀត គ្មានប្រទេសណាមួយនៅលើលោកដែលបានជួយដល់ប្រទេសកម្ពុជា ដូចដែលរដ្ឋាភិបាលចិន បានជួយដល់កម្ពុជា ជាបន្តបន្ទាប់នេះជាដើម។

បន្ថែមពីនេះ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានថ្លែងអំណរគុណប្រទេសចិន ចំពោះការបន្តជួយកម្ពុជា ដើម្បីបន្តការអភិវឌ្ឍរបស់ខ្លួន ទៅតាមមាគ៌ាផ្ទាល់របស់ខ្លួន និងបានផ្តល់ជំនួយឧបត្ថម្ភ ផ្នែកអភិវឌ្ឍន៍នៅគ្រប់កាលៈទេសៈទាំងអស់។

គួរជម្រាបថា រាល់វត្តមានជំនួយនានាទាំងវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សម្ភារៈបរិក្ខា និងថវិការ របស់ចិន ដល់រដ្ឋាភិបាលកម្ពុជា បានបង្ហាញច្បាស់ពីស្មារតីនៃមិត្តភាពដែកថែបរវាងចិន និងកម្ពុជា ដែលជាស្មារតីជួយជ្រោមជ្រែងគ្នារាល់ការលំបាក។ ជាពិសេសបានបង្ហាញនូវស្មារតីចូលរួមដ៏ខ្លាំងក្លារបស់ចិន ក្នុងការជួយប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា៕