(ភ្នំពេញ)៖ ប្រមុខការទូតកម្ពុជា លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានប្រកាសថា កម្ពុជាមិនទាន់មានហានិភ័យជាមួយនឹងបំណុលនោះទេ ហើយពេលនេះកម្ពុជាចេះគ្រប់គ្រងបំណុលរបស់ខ្លួនឱ្យនៅក្នុងកម្រិតមួយដែលអាចគ្រប់គ្រងបាន ហើយចេះប្រើប្រាស់ប្រាក់កម្ចីទាំងនោះ បានយ៉ាងសមរម្យទៀតផង។

ការប្រកាសរបស់ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានធ្វើឡើងនៅក្នុងសន្និសីទរួមមួយជាមួយ លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន ក្រោយបញ្ចប់ជំនួបទ្វេភាគី នៅទីស្តីការក្រសួងការបរទេស នារសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១នេះ។

លោកឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់យ៉ាងដូច្នេះថា៖ «បើនិយាយពីការគ្រប់គ្រងបំណុលវិញ យើងត្រូវយល់ថា អ្វីទៅជាអន្ទាក់បំណុលនោះ? បំណុលជាតិអាចមានហានិភ័យ ចាប់ពីទំហំបំណុលនេះ កើនឡើងលើសពី ៤០ភាគរយ នៃ GDP (ផលិតផលក្នុងស្រុកសរុប) តើប ណុលកម្ពុជាមានប៉ុន្មាន គឺអត់ដល់៣០ភាគរយទេ អញ្ចឹងយើងចេះគ្រប់គ្រងបំណុលរបស់យើងឱ្យនៅក្នុងកម្រិតមួយដែលអាចយើងគ្រប់គ្រងបាន ហើយយើងចេះ គ្រប់គ្រងហិញ្ញវត្ថុរបស់យើង យើងចេះគ្រប់គ្រងសេដ្ឋកិច្ចរបស់យើង យើងខ្ចីលុយយើងចេះប្រើប្រាស់កម្ចីនោះ ឱ្យសមរម្យ»

ការលើកឡើងរបស់ ប្រមុខការទូតកម្ពុជា បានធ្វើឡើងបន្ទាប់ពី មានសារព័ត៌មានអន្តរជាតិមួយចំនួន ជាពិសេសសារព័ត៌មានអាមេរិក បានវាយប្រហារចំពោះការផ្តល់ជំនួយ និងប្រាក់កម្ចីរបស់ចិនមកលើប្រទេសកម្ពុជា ដោយវិភាគថា ជំនួយរបស់ចិនមកកម្ពុជាជាអន្ទាក់បំណុល។ ទោះជាយ៉ាងនេះក្តី កម្ពុជាបានច្រានចោលព័ត៌មាននេះជាបន្តបន្ទាប់។

លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានបញ្ជាក់បន្ថែមទៀតថា កម្ចីដែលកម្ពុជាបានពីប្រទេសចិនមក គឺបម្រើឱ្យហេដ្ឋរចនាសម្ព័ន្ធ ពង្រីកហេដ្ឋរចនាសម្ព័ន្ធទាំងអស់របស់ប្រទេស។ លោកបានលើកឡើងដែរថា ការអភិវឌ្ឍរបស់កម្ពុជាគ្រប់វិស័យនាពេលនេះ មិនអាចកាត់ផ្តាច់ពីការគាំទ្ររបស់ចិនបានទេ។

បើគិតចាប់ពីឆ្នាំ១៩៩៣ រហូតមកដល់ដំណាច់ឆមាសទី១ ឆ្នាំ២០២១ រាជរដ្ឋាភិបាលបានចុះកិច្ចព្រមព្រៀងខ្ចី ឥណទានសម្បទាន ជាមួយដៃគូអភិវឌ្ឍន៍នានាសរុប ចំនួន១៤.៨៤ប៊ីលានដុល្លារអាមេរិក ក្នុងនោះ៖ វិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្ត គ្របដណ្តប់ប្រមាណ ៨៤% និងវិស័យអាទិភាពចំពោះមុខផ្សេងទៀតប្រមាណ១៦% ខណៈដែលផលិតផលក្នុងស្រុកសរុប (GDP) កម្ពុជាកាលពីឆ្នាំមុន មានចំនួន១០៩ ០៦២ ប៊ីលានរៀល និង ផសស សម្រាប់មនុស្សម្នាក់មានប្រមាណ១៦៥៣ ដុល្លារអាមេរិក៕