(ភ្នំពេញ)៖ ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) បានបង្ហាញក្ដីសង្ឃឹមថា តាមរយៈការហ្វឹកហាត់នៅពហុកីឡដ្ឋានជាតិមរតកតេជោ កីឡាករ-កីឡាការិនីកម្ពុជានឹងទទួលបានមេដាយមាសច្រើនជាងគេ នៅក្នុងការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នាពេលខាងមុខនេះ។

ទឹកចិត្តសោមនស្សរបស់ប្រមុខការទូតមិត្តចិនខាងលើនេះ ត្រូវបានស្ដែងឡើងក្នុងឱកាសដែលលោក រួមជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលជាផ្លូវការនូវពហុកីឡដ្ឋានជាតិមរតកតេជោ នារសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១។

គួរជម្រាបថា ប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាស៉ីហ្គេម (Sea Game) លើកទី៣២ នៅឆ្នាំ២០២៣ ខាងមុខ ដូច្នេះហើយទើបរាជរដ្ឋាភិបាលកម្ពុជាខិតខំកសាងពហុកីឡដ្ឋានជាតិដ៏ធំមួយ សម្រាប់ត្រៀមទទួលរៀបចំព្រឹត្តិការណ៍កីឡានេះ ដោយបានប្រសិទ្ធនាមថា «ពហុកីឡដ្ឋានជាតិមរតកតេជោ» ខណៈនាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១នេះ។

ប្រមុខការទូត វ៉ាង យី បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសង្ឃឹមថា ប្រជាជន និងកីឡាករកម្ពុជាអាចហាត់ប្រាណ ហាត់កីឡាកាន់តែច្រើននៅក្នុងពហុកីឡដ្ឋានជាតិនេះ ហើយក៏សង្ឃឹមថា ក្រុមកីឡាករ-កីឡាការិនីកម្ពុជានឹងទទួលបានមេដាយមាសច្រើនជាងគេនៅក្នុងស៉ីហ្គេម ឆ្នាំ២០២៣»

គួរជម្រាបថា វិមានកីឡាដ្ឋានដែលជាជំនួយរបស់ប្រទេសចិននេះ គឺត្រូវបានចំណាយថវិកាសាងសង់ប្រមាណ ១៦០ លានដុល្លារអាមេរិក និងចំណាយពេលសាងសង់ជាង ៤ ឆ្នាំ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា «ថ្ងៃបើកការដ្ឋាសាងសង់វិមានពហុកីឡាដ្ឋាន គឺនៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧ ពោលគឺចំថ្ងៃខួបកំណើតរបស់សម្ដេចតេជនាយករដ្ឋមន្ត្រីតែម្ដង»