(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១នេះ បានគូសបញ្ជាក់ឲ្យដឹងថា ទំនាក់ទំនងល្អរវាង កម្ពុជា-ចិន ត្រូវបានកសាងដោយ ព្រះបាទ សម្តេចព្រះនរោត្ដមសីហនុ ជាមួយនិងថ្នាក់ដឹកនាំចិនជំនាន់មុន ហើយបន្ដដោយអ្នកបន្ដវេនជំនាន់នេះ។

ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចតេជោ ហ៊ុន សែន និងលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន អញ្ជើញធ្វើជាអធិបតី ក្នុងពិធីប្រគល់-ទទួលជាផ្លូវការ នូវពហុកីឡដ្ឋានជាតិមរតកតេជោ នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១នេះ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងប្រវិត្ដសាស្ដ្រ ចិន និងកម្ពុជា មិនមែនត្រឹមតែសម័យនេះទេ គឺច្រើនសតវត្សហើយ ប៉ុន្ដែអ្វីដែលគួរឲ្យកត់សម្គាល់ បំផុត គឺទំនាក់ទំនងដែលកសាងឡើង ដោយព្រះករុណព្រះបិតា សម្ដេចព្រះនរោត្ដមសីហនុ ព្រះបរមរតនកោដ្ដ ជាមួយនឹងថ្នាក់ដឹកនាំចិនជំនាន់មុន បន្ដរហូតមកដល់ពេលនេះ នៅមានអ្នកបន្ដវេន ពង្រឹងនូវទំនាក់ទំនងនេះ»

ឆ្លៀតក្នុងឱកាសនេះ សម្ដេចតេជោ ហ៊ុន សែន តាមរយៈលោក វ៉ាង យី បានថ្លែងនូវអំណរគុណដ៏ជ្រាលជ្រៅ ជូនចំពោះរដ្ឋាភិបាល និងប្រជាជនចិន ជាពិសេសជូនចំពោះ លោកប្រធានាធិបតីចិន ស៊ី ជិនពីង និងថ្នាក់ដឹកនាំចិន ដែលបានគាំទ្រ ដល់គម្រោងអភិវឌ្ឍប្រទេសកម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន ក៏បានអរគុណជាពិសេស ដល់ប្រទេសចិន ដែលបានកាត់បន្ថយការស្លាប់ ប្រជាជនកម្ពុជា នៅក្នុងមហន្ដរាយនៃជំងឺរាលដាលកូវីដ-១៩ នូវការផ្ដល់ជូនជំនួយវ៉ាក់សាំង។

សម្ដេចតេជោ នាយករដ្ឋមន្ដ្រី បានលើកឡើងថា ពិតមែនតែកម្ពុជា មានជំងឺឆ្លងច្រើន ប៉ុន្ដែអត្រានៃការស្លាប់ អត្រានៃការចូលមន្ទីរពេទ្យ មានកម្រិតទាប ដោយសារតែពួកគេ បានទទួលនូវវ៉ាក់សាំង។ ហើយកម្ពុជា មិនទាន់ហូរហៀរទៅដោយមនុស្ស ដែលខ្វះមន្ទីរពេទ្យសម្រាកនោះទេ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ជំនួយវ៉ាក់សាំងរបស់ចិននោះហើយ ដែលយើងត្រូវឃើញថា ជួយមិត្ដល្អ គឺជួយគ្នាក្នុងគ្រាមានអាសន្ន ព្រោះបើក្នុងពេលមានអាសន្ន បែរជារត់ចោលគ្នា តើធ្វើមិត្ដល្អជាមួយគ្នាយ៉ាងម៉េច។

គូសបញ្ជាក់ថា មកដល់ពេលនេះកម្ពុជា មានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រមាណ២៥លានដូសរួចហើយ។ វ៉ាក់សាំងនេះ គឺមានទាំងជំនួយពីប្រទេសជាមិត្ត និងការបញ្ជាទិញ របស់រាជរដ្ឋាភិបាល ពីក្រុមហ៊ុនរបស់ចិន។

កម្ពុជា បានក្លាយទៅជាប្រទេសមួយ ក្នុងចំណោមប្រទេសតិចតួចប៉ុណ្ណោះ ដែលសម្រេចបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋបានលឿន។

មិនត្រឹមតែប្រជាពលរដ្ឋកម្ពុជាប៉ុណ្ណោះ ដែលបានកោតសរសើរលើចំណាត់ការ របស់រាជរដ្ឋាភិបាលលើការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នេះ អង្គារសុខភាពពិភពលោក ប្រទេសជាមិត្ត និងអង្គការដៃគូអភិវឌ្ឍន៍នានា សុទ្ធតែបានកោតសរសើរលើលទ្ធផលកម្ពុជាសម្រេចបាន។

លទ្ធផលចាក់វ៉ាក់សាំងដែលកម្ពុជាសម្រេចបាន ត្រូវបានគេមើលឃើញថា ប្រទេសចិន ជាអ្នករួមចំណែកដ៏សំខាន់ ព្រោះចិន បានធានាដល់ការផ្គត់ផ្គង់វ៉ាក់សាំង តាមតម្រូវការរបស់កម្ពុជា៕