(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសជាថ្មីថា ប្រទេសកម្ពុជា បន្តស្វាគមន៍ប្រទេសទាំងអស់ ដែលចង់បរិច្ចាគវ៉ាក់សាំងកូវីដ១៩ ឱ្យមកកម្ពុជា ទាំងតាមយន្តការកូវ៉ាក់ ទ្វេភាគី ឬពហុភាគី។

ការប្រកាសបែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេច និងលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន បានអញ្ជើញធ្វើជាអធិបតីក្នុងពិធីប្រគល់-ទទួល ជាផ្លូវការនូវពហុកីឡដ្ឋានជាតិមរតកតេជោ នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១នេះ។

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសយ៉ាងដូច្នេះថា៖ «ហើយយើងក៏នៅតែបន្តស្វាគមន៍ ជាមួយមិត្តភក្ត បរទេសទាំងអស់ដែលបានបរិច្ចាគជួយយើង ខ្ញុំមិនទាត់ចោលទេ ខ្ញុំអរគុណជាមួយប្រទេសទេសទាំងឡាយ ដែលបានផ្តល់វ៉ាក់សាំងឱ្យកម្ពុជា ក្នុងរយៈពេលកន្លងទៅ តាមកូវ៉ាក់ក្តី តាមទ្វេភាគីក្តី»

ជាមួយគ្នានេះដែរសម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ថា នៅល្ងាចនេះសម្តេចនឹងជួបពិភាក្សាជាមួយលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន បន្ថែមទៀត ព្រោះកម្ពុជា ត្រូវការវ៉ាក់សាំងកូវីដ១៩ សម្រាប់ចាក់ដូសទី៣ ជូនប្រជាពពលរដ្ឋ ខណៈបច្ចុប្បន្ននេះ កម្ពុជា បាននឹងកំពុងដំណើរការចាក់ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធជួរមុខជាដើម។

បន្ថែមពីនេះ សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា នៅខែ១០ ខាងមុខនេះ នឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៣ ដើម្បីរក្សាភាពស៊ាំនៅក្នុងសហគមន៍ ដើម្បីឈានទៅបើកសាលារៀន បើកសេដ្ឋកិច្ចឡើងវិញ ហើយយើងត្រូវរៀន និងរស់នៅជាមួយកូវីដ១៩ ច្រើនឆ្នាំបន្តទៀត ដោយតម្រូវឱ្យរស់នៅតាមបែបគន្លងថ្មី ព្រោះជំងឺកូវីដ១៩ វាបានបំផ្លាញទំនៀមទំលាប់ និងបានកែប្រែឥរិយាបថដែលមានពីមុនជាដើម។

បានបញ្ជាក់ថា មកដល់ពេលនេះ ប្រទេសកម្ពុជាទទួលបានវ៉ាក់សាំងបង្ការការពារមេរោគកូវីដ-១៩ ពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងប្រជាជនចិនចំនួន ២៦.៨ លានដូសហើយ។

ជាមួយគ្នានោះ ប្រមុខការទូតចិន លោក វ៉ាង យី បានបញ្ជាក់បន្ថែមថា នៅពេលខាងមុខនេះ រដ្ឋាភិបាលចិននឹងផ្ដល់ជំនួយវ៉ាក់សាំងបង្ការការពារមេរោគកូវីដ-១៩ ចំនួន ៣ លានដូសបន្ថែមទៀត ដល់រាជរដ្ឋាភិបាលកម្ពុជា។

ក្រៅពីនេះប្រទេសកម្ពុជា បានទទួួលវ៉ាក់សាំងពីអាមេរិក តាមរយៈកូវ៉ាក់ ប្រភេទ (Johnson&Johnson), វ៉ាក់សាំងប្រភេទ (អាស្ត្រាហ្សេនីកា) ជាជំនួយរបស់អង់គ្លេស, និងវ៉ាក់សាំងប្រភេទ (អាស្ត្រាហ្សេនីកា) ជាជំនួយរបស់ជប៉ុន ជាដើម។

គួរជម្រាបដែរថា គិតត្រឹមយប់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិបានចាក់វ៉ាក់សាំងបង្ការការពារកូវីដ-១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធនៅទូទាំងប្រទេស សរុបចំនួន ១១,៤២៩,៨៣៥ នាក់ហើយ៕