(កំពង់ស្ពឺ)៖ មុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់ ជាមន្ត្រីយោធានៅអង្គភាព «ង៧០» ត្រូវកម្លាំងនគរបាលស្រុកសំរោងទង ខេត្តកំពង់ស្ពឺ សហការជាមួយនគរបាលប៉ុស្តិ៍ត្រពាំងគងបានបង្រ្កាប និងចាប់ខ្លួនព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិព្រៃផ្តៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

លោកអនុសេនីយ៍ឯក យន់ វន នាយនគរបាលប៉ុស្តិ៍ឃុំត្រពាំងគង បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ថ្លាង សុភី អាយុ៣៧ឆ្នាំ រស់នៅឃុំខាងលើ ហើយក្រោយចាប់ខ្លួន កម្លាំងនគរបាលបានដកហូតបានថ្នាំញៀនម៉ាទឹកក១២កញ្ចប់ ជញ្ជីងថ្លឹង១គ្រឿង និងទូរស័ព្ទ២គ្រឿង។ ជនសង្ស័យ រួមទាំងវត្ថុតាងត្រូវបានបញ្ជូនទៅកាន់ អធិការដ្ឋាននគរបាលស្រុកសំរោងទង ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕