(ពោធិ៍សាត់)៖ លោក ធឹម សុធារ៉ា អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ ត្រូវបានប្រកាសតែងតាំងជាប្រធានមន្ទីរជំនួសលោក ហួន បូនិត ដែលបានចូលនិវត្តន៍។ ពិធីប្រកាសតែងតាំងនេះ បានបា្ររព្ធធ្វើឡើងនារសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០១៦ នៅសាលប្រជុំសាលាខេត្តពោធិ៍សាត់ ក្រោមអធិបតីភាពលោក សួស គង់ រដ្ឋលេខាក្រសួងអភិវឌ្ឍន៍ជនបទ លោក ម៉ក់ រ៉ា អភិបាលរងខេត្ត និងលោក ឈុន សុង សមាជិកាក្រុមប្រឹក្សាខេត្ត។

លោក ហួន បូនិត អតីតប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ បានធ្វើសេចក្តីរាយការណ៍សង្ខេប ស្តីពីលទ្ធផលអនុវត្តការងារប្រចាំឆ្នាំ២០១៤ និង២០១៥ របស់មន្ទីរអភិវឌ្ឍន៍ជនបទ ដោយបញ្ជាក់តាមរយៈសមិទ្ធផល ដែលសម្រេចបានកន្លងមក បានធ្វើឲ្យការអភិវឌ្ឍន៍មូលដ្ឋាន មានសន្ទុះប្រែប្រួលមួយកំរិត ទាំងផ្នែកសង្កមកិច្ច និង សេដ្ឋកិច្ច ពិសេសជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ កាន់តែល្អប្រសើរឡើងពី ១ថ្ងៃទៅ១ថ្ងៃ។

បន្ទាប់មកលោក ទួន ភិរម្យ ប្រធាននាយកដ្ឋានរដ្ឋបាល និងបុគ្គលិក នៃក្រសួងអភិវឌ្ឍន៍ជនបទ បានអានប្រកាសលេខ ០៨៩/១៦ ក.អ.ជ.ប្រក ចុះថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០១៦ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ស្តីពីការតែងតាំង លោក ធឹម សុធារ៉ា ជាប្រធានមន្ទីរអភិវឌ្ឍន៍ជនបទជំនួសលោក ហួន បូនិត ដែលត្រូវចូលនិវត្តន៍។

ថ្លែងក្នុងឱកាសនោះ លោក ម៉ក់ រ៉ា និងលោក សួស គង់ បានថ្លែងថា ដោយមានគោលនយោបាយត្រឹមត្រូវ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទើបធ្វើឲ្យសមិទ្ធិផលនានា ក្នុងខេត្តបានបោះជំហាន ទៅមុខយ៉ាងឆាប់រហ័ស និងមានភាពរីកចម្រើនគួរឧ្យកត់សម្គាល់ដូចជា ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តជនបទ មានផ្លូវគ្រប់ច្រកល្ហក តាមជនបទ ធ្វើឲ្យចរាចរណ៍ពីទីប្រជុំជន ទៅទីជនបទ ភូមិ-ឃុំ ទំនាក់ទំនងគ្នាបានគ្រប់រដូវ មានស្ថានភាពល្អជាច្រើន បង្កើតជាប្រព័ន្ធស្រោចស្រព និងរំដោះទឹក ពេលមានគ្រោះទឹកជំនន់។

ក្រៅពីសមិទ្ធផល ដែលបានលើកបង្ហាញខាងលើនេះ ក៏មានសមិទ្ធផល ដ៏ច្រើនសន្ធឹកសន្ធាប់ទៀត ដែលស្ថាប័ន អង្គភាពដៃគូ វិស័យឯកជន សម្រេចបានសម្រាប់កិច្ចអភិវឌ្ឍន៍លើគ្រប់វិស័យទូទាំងខេត្ត។

ទាំងអស់នេះ សបញ្ជាក់យ៉ាងច្បាស់ថា ការងារអភិវឌ្ឍន័ជនបទ ពិតជាពុំអាចកាត់ផ្តាច់បាន ពីការជួយជ្រោមជ្រែង គាំទ្រយ៉ាងខ្លាំងក្លា ពីសំណាក់ក្រសួងស្ថាប័ននានា ថ្នាក់ជាតិ ក៏ដូចជាម្ចាស់ជំនួយសប្បុរសជន អង្គការក្រៅរដ្ឋាភិបាល អង្គការជាតិ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន។

លោក សួស គង់ បានផ្តាំផ្ញើដល់ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទថ្មីដែលត្រូវបានប្រកាសនាពេលនេះគឺ៖ ១/ត្រូវបន្តខិតខំអនុវត្តឲ្យបានសម្រេច នូវគោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំនាក់កាលទី៣ របស់រាជរដ្ឋាភិបាល ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ និងធ្វើជាត្រីវិស័យសម្រាប់ការអនុវត្តន៍ ភារកិច្ចរបស់មន្ទីរឲ្យទទួលបានជោគជ័យ។ ២/ខិតខំពង្រឹង និងពង្រីកនូវចំណេះដឹង តម្លាភាព និងភាពជឿជាក់។ ៣/បន្តប្រពៃណីកិច្ចសហការ ឲ្យបានកាន់តែល្អប្រសើរ ជាមួយស្ថាប័នពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងគ្រប់ប្រភេទ អង្គការដៃគូ សប្បុរសជន និង វិស័យឯកជន និង ប្រជាពលរដ្ឋ ដើម្បីកៀងគរធនធាន ក្នុងកិច្ចអភិវឌ្ឍន៍មូលដ្ឋាន ឲ្យមានភាពរីកចម្រើន ជាបន្តបន្ទាប់ និង៤/ បន្តពង្រឹងសាមគ្គីភាព ផ្ទៃក្នុងឲ្យកាន់តែល្អប្រសើរថែមទៀត៕