(ភ្នំពេញ)៖ លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន បានមកបំពេញទស្សនកិច្ចផ្លូវការនៅក្នុងប្រទេសកម្ពុជា រយៈពេល២ថ្ងៃ នាថ្ងៃទី១២ និងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ តបតាមការអញ្ជើញរបស់ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ដើម្បីពង្រឹងបន្ថែមទៀតនូវមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការក្នុងនាមជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។ គោលដៅសំខាន់ៗនៃដំណើរទស្សនកិច្ចនេះ គឺការប្រគល់ពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាជំនួយចិនជូនកម្ពុជា និងចុះហត្ថលេខាលើឯកសារចំនួន៦។ យន្តហោះដឹកគណៈប្រតិភូចិន ដឹកនាំដោយ លោក វ៉ាំង យី បានចុះចតនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅម៉ោង១១៖១៥នាទីព្រឹកថ្ងៃទី១២ ខែកញ្ញា ក្រោមការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ភាគីខាងកម្ពុជា។

ក្រោយពេលមកដល់កម្ពុជា និងទទួលទានអាហារថ្ងៃត្រង់រួច ប្រមុខការទូតចិន ចាប់ផ្តើមមានជំនួបទ្វេភាគីជាមួយ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នៅទីស្តីការក្រសួងការបរទេសកម្ពុជា នាវេលាម៉ោង២៖៣០នាទីរសៀល ដែលពិភាក្សាលើទិដ្ឋភាពផ្សេងៗ នៃកិច្ចសហប្រតិបត្តិការទ្វេភាគី រួមមាន ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ពាណិជ្ជកម្ម និងការវិនិយោគ ការអប់រំ សន្តិសុខនិងការពារជាតិ ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិដែលជាប្រយោជន៍ និងកង្វល់រួមផងដែរ។ បន្ទាប់ពីបញ្ចប់ជំនួបនេះ ភាគីទាំងពីរក៏បានធ្វើសន្និសីទរួមគ្នាមួយ ដើម្បីផ្តល់ព័ត៌មានសំខាន់ៗទៅដល់អ្នកសារព័ត៌មាន និងសាធារណជន។

ផ្តើមមានប្រសាសន៍នៅក្នុងសន្និសីទរួមគ្នានេះ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានថ្លែងអំណរគុណដល់ប្រទេសចិន ដែលបានជួយប្រទេសកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងបានជួយស្តារសេដ្ឋកិច្ច-សង្គមកម្ពុជា ដែលរងគ្រោះដោយសារជំងឺកូវីដ១៩។ លោកថ្លែងថា គ្មានប្រទេសណាមួយនៅលើលោកដែលបានជួយដល់ប្រទេសកម្ពុជា ដូចដែលរដ្ឋាភិបាលចិន បានជួយដល់កម្ពុជាជាបន្តបន្ទាប់នោះឡើយ។ បន្ថែមពីនេះ លោកឧបនាយករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណប្រទេសចិន ចំពោះការបន្តជួយកម្ពុជា ដើម្បីបន្តការអភិវឌ្ឍរបស់ខ្លួន ទៅតាមមាគ៌ាផ្ទាល់របស់ខ្លួន និងបានផ្តល់ជំនួយឧបត្ថម្ភ ផ្នែកអភិវឌ្ឍន៍នៅគ្រប់កាលៈទេសៈទាំងអស់។ លោក ប្រាក់ សុខុន បានថ្លែងថា «យើងខ្ញុំកត់សំគាល់ដោយរីករាយបំផុតថា ទំនាក់ទំនង និងមិត្តភាពជិតស្និតរវាងមេដឹកនាំកំពូលនៃប្រទេសទាំងពីរ បានរួមចំណែកសំខាន់ ក្នុងការពង្រឹងកិច្ចសហប្រតបត្តិការ ភាពជាដៃគូយុទ្ធសាស្រ្ដគ្រប់ជ្រុងជ្រោយ ក្នុងដំណាកកាលថ្មីក៏ដូចជា រួមចំណែកក្នុងកិច្ចប្រឹងប្រែងរួមគ្នា កសាងសហគមន៍ ដើម្បីផលប្រយោជន៍នៃប្រជាជនទាំងពីរនេះ»។

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានឆ្លៀតរំលឹកអំពីការផ្តល់ជំនួយ និងផ្គត់ផ្គង់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩របស់ចិន ដល់ប្រទេសកម្ពុជាជាបន្តបន្ទាប់ ដែលរហូតមកដល់ពេលនេះ ប្រទេសកម្ពុជាទទួលបានវ៉ាក់សាំងបង្ការការពារមេរោគកូវីដ-១៩ ពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងប្រជាជនចិនចំនួន ២៦.៨ លានដូសហើយ។ ជាមួយគ្នានោះ ប្រមុខការទូតចិន លោក វ៉ាង យី បានបញ្ជាក់បន្ថែមថា នៅពេលខាងមុខនេះ រដ្ឋាភិបាលចិននឹងផ្ដល់ជំនួយវ៉ាក់សាំងបង្ការការពារមេរោគកូវីដ-១៩ ចំនួន ៣ លានដូសបន្ថែមទៀត ដល់រាជរដ្ឋាភិបាលកម្ពុជា។

នៅក្នុងសន្និសីទសារព័ត៌មានរវាងប្រមុខការទូតកម្ពុជា-ចិន ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានឆ្លៀតគូសរំលេច អំពីការគ្រប់គ្រងបំណុលរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលលោកបញ្ជាក់ថា កម្ពុជាមិនទាន់មានហានិភ័យជាមួយនឹងបំណុលនោះទេ ហើយពេលនេះកម្ពុជាចេះគ្រប់គ្រងបំណុលរបស់ខ្លួនឱ្យនៅក្នុង​កម្រិតមួយដែល​អាចគ្រប់គ្រងបាន ហើយចេះប្រើប្រាស់ប្រាក់កម្ចីទាំងនោះ បានយ៉ាងសមរម្យទៀតផង។ លោកបានបញ្ជាក់យ៉ាងដូច្នេះថា៖ «បើនិយាយពីការគ្រប់គ្រងបំណុលវិញ យើងត្រូវយល់ថា អ្វីទៅជាអន្ទាក់បំណុលនោះ? បំណុលជាតិអាចមានហានិភ័យ ចាប់ពីទំហំបំណុលនេះ កើនឡើងលើសពី ៤០ភាគរយ នៃ GDP (ផលិតផលក្នុង​ស្រុកសរុប) តើប ណុលកម្ពុជាមានប៉ុន្មាន គឺអត់ដល់៣០ភាគរយទេ អញ្ចឹងយើងចេះគ្រប់គ្រងបំណុលរបស់យើងឱ្យនៅក្នុងកម្រិតមួយដែលអាចយើងគ្រប់គ្រងបាន ហើយយើងចេះ គ្រប់គ្រងហិញ្ញវត្ថុរបស់យើង យើងចេះគ្រប់គ្រងសេដ្ឋកិច្ចរបស់យើង យើងខ្ចីលុយយើងចេះប្រើប្រាស់កម្ចីនោះ ឱ្យសមរម្យ»។

ដោយលើកឡើងបន្តពីប្រមុខការទូតកម្ពុជា, លោក វ៉ាង យី ប្រមុខការទូតចិន ក៏បានថ្លែងថា មិត្តភាពកម្ពុជា និងចិន មិនត្រឹមតែផ្តល់ផលប្រយោជន៍ដល់ប្រជាជនទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្ហាញជាគំរូមួយដល់សហគមន៍អន្តរជាតិ ក៏ដូចជាការកសាងវាសនារួម ដោយគោរពគ្នាទៅវិញទៅមក។ លោកវ៉ាង យី បានសង្កត់ធ្ងន់ថា ចិនមិនបានភ្ជាប់លក្ខខណ្ឌក្នុងកិច្ចសហប្រតិបត្តិការណ៍នោះទេ ហើយចិនប្រឆាំងដាច់ខាតចំពោះទង្វើនិយាយហើយមិនធ្វើ ហើយភាគីចិនរីករាយសហការជាមួយភាគីកម្ពុជា សម្រាប់គម្រោងអភិវឌ្ឍនានា ដើម្បីធ្វើឱ្យទំនាក់ទំនងរវាងកម្ពុជា និងចិនរឹងដូចជាដែក។

បន្ទាប់ពីបញ្ចប់ជំនួប និងសន្និសីទជាមួយប្រមុខការទូតកម្ពុជា លោក វ៉ាង យី បានបន្តអញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រគល់-ទទួល​ជាផ្លូវការនូវពហុកីឡដ្ឋាន​ជាតិមរតកតេជោ រួមគ្នាជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ ពហុកីឡដ្ឋានជាតិមរតកតេជោ ជាជំនួយរបស់ចិនជូនដល់ប្រទេសកម្ពុជា ដែលក្លាយជាពហុកីឡាដ៏ធំខ្នាតអន្តរជាតិ មិនធ្លាប់មាននៅក្នុងប្រទេសកម្ពុជា ស្ថិតនៅសង្កាត់សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ថ្លែងក្នុងពិធីប្រគល់ និងទទួលពហុកីឡដ្ឋានជាតិនេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងនូវចំណុចសំខាន់ៗមួយចំនួន៖

* សម្តេចបានចាត់ទុកថា ការទទួលនូវពហុកីឡដ្ឋានជាតិមរតកតេជោ នាពេលនេះ គឺគ្រាន់តែជាសមិទ្ធផលដើមរដូវ នៃទំនាក់ទំនងដែកថែបកម្ពុជា-ចិន ដែលផ្តល់ដោយប្រធានាធិបតីចិន ស៊ី ជិនពីង តែប៉ុណ្ណោះ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សមិទ្ធដែលកម្ពុជាទទួលបាននាពេលនេះ គឺមិនមែនជាការចៃដន្យនោះទេ ដែលបានកើតឡើងនូវសមិទ្ធផលពហុកីឡដ្ឋានមរតកតេជោ នាពេលនេះ សម្រាប់សមិទ្ធផលនេះ គ្មានអ្នកណា និងសូម្បីតែសម្តេចផ្ទាល់ក៏មិនដែលនឹកស្មានថា មានសមិទ្ធផលបែបនេះនោះទេ។

* សម្តេចតេជោ ហ៊ុន សែន បានសម្តែងការកោតសរសើរយ៉ាងខ្លាំងចំពោះសាធារណរដ្ឋប្រជាមានិតចិន ដោយសារតែចិនជាប្រទេសធំ តែមិនដែលប្រកាន់ទំនាក់ទំនងជាមួយប្រទេសតូច។ ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងទៀតថា ទំនាក់ទំនងល្អរវាងកម្ពុជា-ចិន ត្រូវបានកសាងដោយសម្តេចឪ និងមេដឹកនាំចិនជំនាន់មុន ហើយបន្តដោយអ្នកបន្តវេនជំនាន់នេះ។ សម្តេចតេជោ ថ្លែងអំណរគុណដល់ លោកប្រធានាធិបតីចិន ស៊ី ជិនពីង និងថ្នាក់ដឹកនាំចិន ដែលតាំងគាំទ្រដល់គម្រោងអភិវឌ្ឍប្រទេសកម្ពុជាផងដែរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងដែរថា មិត្តភាពដែកថែបកម្ពុជាចិន គឺមានន័យថាមិត្តដែលទុកចិត្តគ្នា គ្មានពេលណារង្គោះរង្គើរ វាងភាគីទាំង២នោះទេ ទោះបីត្រូវទទួលសំពាធពីអ្នកណាក៏ដោយ ដែលបន្ថែមន័យសង្កត់ទៅលើទំនាក់ទំទងក្នុងក្របខណ្ឌដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ សម្តេចបានថ្លែងថា មិត្តភាពដែកថែបនេះវាមិនមែនជាការចៃដន្យកើតឡើងនោះទេ ក៏ប៉ុន្តែមានការត្រួសត្រាយផ្លូវដោយព្រះបិតាជាតិរបស់យើង ជាមួយនឹងមេដឹកនាំជំនាន់ដើមរបស់ចិន ដោយកម្ពុជាបានទទួលស្គាល់សាធារណរដ្ឋប្រជាមានិតចិន តាំងពីចិនមិនទាន់ចូលជាសមាជិកអង្គការសហប្រជាជាតិមកម្ល៉េះ។

* សម្តេចបានគូសបញ្ជាក់ឲ្យដឹងថា ទំនាក់ទំនងល្អរវាង កម្ពុជា-ចិន ត្រូវបានកសាងដោយ ព្រះបាទ សម្តេចព្រះ នរោត្ដម សីហនុ ជាមួយនិងថ្នាក់ដឹកនាំចិនជំនាន់មុន ហើយបន្ដដោយអ្នកបន្ដវេនជំនាន់នេះ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងប្រវិត្ដសាស្ដ្រ ចិន និងកម្ពុជា មិនមែនត្រឹមតែសម័យនេះទេ គឺច្រើនសតវត្សហើយ ប៉ុន្ដែអ្វីដែលគួរឲ្យកត់សម្គាល់ បំផុត គឺទំនាក់ទំនងដែលកសាងឡើង ដោយព្រះករុណព្រះបិតា សម្ដេចព្រះនរោត្ដមសីហនុ ព្រះបរមរតនកោដ្ដ ជាមួយនឹងថ្នាក់ដឹកនាំចិនជំនាន់មុន បន្ដរហូតមកដល់ពេលនេះ នៅមានអ្នកបន្ដវេន ពង្រឹងនូវទំនាក់ទំនងនេះ»។

* សម្តេចតេជោ ហ៊ុន សែន បានរំលឹកជាថ្មីនូវប្រសាសន៍ដែលធ្លាប់បានឆ្លើយនឹងសំណួរ របស់អ្នកសម្របសម្រួលក្នុងសន្និសីទ ស្តីពីអនាគតអាស៊ីដែលចោទសួរថា សម្តេចមានទំនោរងាកទៅរកចិន? នៅពេលនោះសម្តេចបានឆ្លើយតបត្រង់ ជាសំណួរទៅវិញថា «បើមិនឲ្យខ្ញុំពឹងចិន តើឲ្យខ្ញុំទៅពឹងនរណា? ហើយបើចិនមិនជួយកម្ពុជា តើនរណាមកជួយជំនួស?»។ សម្តេចតេជោ ហ៊ុន សែន សង្កត់ធ្ងន់ថា ប្រសិនបើគ្មានចិនទេនោះ កម្ពុជាក៏មិនមានវ៉ាក់សាំងការពារជំងឺកូវីដ១៩ សម្រាប់ចាក់ជូនប្រជាជនកម្ពុជាច្រើន ដូចសព្វថ្ងៃនេះដែរ ហើយការចាក់វ៉ាក់សាំងនេះ បានជួយអាយុជីវិតរបស់ប្រជាជនខ្មែរទៀតផង។


* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រទេសកម្ពុជាបានប្រកាន់យកគោលនយោបាយសន្តិសហវិជ្ចមាន អព្យាក្រឹត អចិន្ត្រៃយ៍ ដោយធ្វើមិត្តជាមួយប្រទេសទាំងអស់ មិនយកប្រទេសណាមួយធ្វើជាសត្រូវឡើយ លើកលែងតែភេរវករតែប៉ុណ្ណោះ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រទេសកម្ពុជា បន្តស្វាគមន៍ប្រទេសទាំងអស់ ដែលចង់បរិច្ចាគវ៉ាក់សាំងកូវីដ១៩ ឱ្យមកកម្ពុជា ទាំងតាមយន្តការកូវ៉ាក់ ទ្វេភាគី ឬពហុភាគី។

* នៅក្នុងពិធីនេះ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសអំពីដំណឹងដែលសម្តេចទទួលបានមេដាយមាសសន្តិភាពពិភពលោក World Summit Peace ពីមហាសន្និបាតនៃក្តីសង្ឃឹមលើកទី៧ អមជាមួយទឹកប្រាក់ ១លានដុល្លារ នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១។ ជាមួយនឹងដំណឹងពិសេសនេះ សម្តេចបានប្រកាសឧបត្ថម្ភថវិកា១លានដុល្លារ ដែលទទួលបានជាមួយមេដាយមាសសន្តិភាពពិភពលោក យកទៅកសាងផ្ទះជូនអតីតយុទ្ធជន

* ដោយឡែក ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) ក៏បានមានប្រសាសន៍មួយចំនួន នៅក្នុងពិធីនេះដែរ។ លោកបានបង្ហាញក្ដីសង្ឃឹមថា តាមរយៈការហ្វឹកហាត់នៅពហុកីឡដ្ឋានជាតិមរតកតេជោ កីឡាករ-កីឡាការិនីកម្ពុជានឹងទទួលបានមេដាយមាសច្រើនជាងគេ នៅក្នុងការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នាពេលខាងមុខនេះ។ ប្រមុខការទូត វ៉ាង យី បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសង្ឃឹមថា ប្រជាជន និងកីឡាករកម្ពុជាអាចហាត់ប្រាណ ហាត់កីឡាកាន់តែច្រើននៅក្នុងពហុកីឡដ្ឋានជាតិនេះ ហើយក៏សង្ឃឹមថា ក្រុមកីឡាករ-កីឡាការិនីកម្ពុជានឹងទទួលបានមេដាយមាសច្រើនជាងគេនៅក្នុងស៉ីហ្គេម ឆ្នាំ២០២៣»។ លោក វ៉ាង យី បានថ្លែងថា នាវាជោគវាសនារួមកម្ពុជាចិន នឹងបោះជំហានយ៉ាងស្រស់សង្ហាទៅមុខជានិច្ច ហើយចាត់ទុកថា សុខទុក្ខប្រជាជនកម្ពុជា គឺជាសុខទុក្ខរបស់ប្រជាជនចិន។

ក្រោយបញ្ចប់ពិធីប្រគល់ និងទទួល ពហុកីឡដ្ឋានជាតិមរតកតេជោ លោក វ៉ាង យី បានបន្តចូលជួបសម្តែងការគួរសមផ្លូវការជូន សម្តេចតេជោ ហ៊ុន សែន នៅវិមានសន្តិភាព។ នៅក្នុងជំនួបនោះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសអំពីដំណឹងច្បាស់ការណ៍មួយថា ចិនបានសម្រេចផ្តល់ជំនួយវ៉ាក់សាំងកូវីដ ចំនួន៣លានដូសថែមទៀតដល់ប្រទេសកម្ពុជា ដើម្បីចាក់ដូសទី៣ ជូនពលរដ្ឋដោយឥតគិតថ្លៃ នៅក្នុងដំណើរទស្សនកិច្ចរបស់ លោក វ៉ាង យី លើកនេះ។ បន្ថែមពីនេះ សម្តេចបានបញ្ជាក់ទៀតថា ចិនក៏ប្តេជ្ញាជួយជំរុញដល់ការនាំផលិតផលកសិកម្មកម្ពុជា ដែលក្នុងនោះក៏មានមៀននៅប៉ៃលិន និងបាត់ដំបងផងដែរ ទៅកាន់ទីផ្សារប្រទេសចិន។

បន្ទាប់ពីបញ្ចប់ជំនួប សម្តេចតេជោ ហ៊ុន សែន និង លោក វ៉ាង យី ក៏បានអញ្ជើញជាអធិបតីភាព ក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន៦ ដែលក្នុងនោះឯកសារនោះរួមមាន៖
ទី១៖ លិខិតប្រគល់-ទទួល សម្ភារមនុស្សធម៌ក្នុងវិស័យបោសសម្អាតមីន ដោយលោកទេសរដ្ឋមន្ត្រី លី ធុជ និងលោក វ៉ាង វិនធៀន (WANG Wentian) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។
ទី២៖ កិច្ចព្រមព្រៀងសហប្រតិបត្តិការស្តីអំពីការគាំទ្រមន្ទីរពេទ្យដៃគូរ រវាងគណៈកម្មាធិការសុខាភិបាលជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន និងក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដោយលោក ម៉ម ប៊ុនហេង និងលោក វូ ហ្សីនហាវ ( Wu Jianghao) ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន។
ទី៣៖ លិខិតប្រគល់-ទទួលបរិក្ខារ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត រវាងរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន និងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដោយលោក ម៉ម ប៊ុនហេង និងលោក គៀន ខឹមីង (H.E. Qian Keming) អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៃសាធារណរដ្ឋប្រជាមានិតចិន។
ទី៤៖ កិច្ចព្រមព្រៀងសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេសស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណង ចំនួន១,៧៥០,០០០,០០០យ័នចិន (ប្រមាណ ២៧០លានដុល្លារអាមេរិក) ដោយលោក វង្សី វិស្សុត និងលោក ដេង បូគិង (Deng Boqing) អនុប្រធានភ្នាក់ងារអភិវឌ្ឍន និងសហប្រតិបត្តិការអន្តរជាតិ។
ទី៥៖ លិខិតប្រគល់-ទទួលថវិកាចំនួន ២,៥លានដុល្លារអាមេរិក ជូនរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការងារបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា ដោយលោក វង្សី វិស្សុត និងលោក គៀង ខឺមីង (QIAN Keming) អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៃសាធារណរដ្ឋប្រជាមានិតចិន។
ទី៦៖ កិច្ចព្រមព្រៀងស្ដីពីគម្រោងកិច្ចសហប្រតិបត្តិការរបស់មូលនិធិពិសេសមេគង្គ-ឡានឆាង ដោយលោក សុខ សូកេន និង លោក វូ ហ្សីនហាវ ( Wu Jianghao) ឧបការីរដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន។

សម្តេចតេជោ ហ៊ុន សែន និងមន្រ្តីជាន់ខ្ពស់កម្ពុជា បានរៀបចំអាហារស្វាគមន៍ដល់ លោក វ៉ាង យី ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជា បន្ទាប់ពីបញ្ចប់កម្មវិធីចុះហត្ថលេខានេះ ។

រហូតដល់ព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ លោក វ៉ាង យី បានបន្តជួបពិភាក្សាការងារជាមួយ លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង សហប្រធានគណ:កម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន និង លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅសណ្ឋាគារឡឺរ៉ូយ៉ាល់ (Le Royal)។ បន្ទាប់ពីជួបពិភាក្សាជាមួយ ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង និងឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រួចហើយ លោក វ៉ាង យី ជួបទទួលទានអាហារការងារពេលព្រឹកជាមួយ មន្រ្តីជាន់ខ្ពស់របស់កម្ពុជាចំនួន៤រូបទៀត (សរុបទាំងអស់៦រូប) ដែលសុទ្ធសឹងតែមានតួនាទីសំខាន់ៗក្នុងជួររាជរដ្ឋាភិបាល។ កម្មវិធីនេះជាកម្មវិធីចុងក្រោយសម្រាប់ទស្សនកិច្ចរបស់លោក។

ក្នុងសេចក្តីប្រកាសរបស់ លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង លើបណ្តាញសង្គម Facebook បានឱ្យដឹងថា ក្នុងជំនួបនេះ លោកឧបនាយករដ្ឋមន្ត្រី បានលើកជាអាទិ៍ការកសាងហេដ្ឋារចនាសម្ព័ន្ធដូចជា គម្រោងសាងសង់ផ្លូវជាតិលេខ71C គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ41 លេខ33 លេខ31 និងផ្លូវជាតិលេខ3 គម្រោងប្រព័ន្ធទឹកកខ្វក់ក្រុងព្រះសីហនុ ព្រមទាំងការកសាងខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្ររវាងទីក្រុងព្រះសីហនុ-ទីក្រុងហុងកុង ដើម្បីពន្លឿនប្រព័ន្ធអ៉ីនធឺណេតនៅកម្ពុជា។ ដោយឡែក លោក វ៉ាង យី បានលើកឡើងនូវចំណុចមួយចំនួនដូចជា ការជំរុញការសាងសង់ផ្លូវជាតិលេខ ៧១C, ការបញ្ជូនអ្នកបច្ចេកទេសមកសិក្សាផ្លូវជាតិលេខ៣ ដែលមានការខូចខាតប្រវែង ២០គីឡូម៉ែត្រ, ការយកចិត្តទុកដាក់ និងជំរុញបន្ថែមទៀតលើគម្រោងខ្សែកាបិ៍អុបទិក ក្រោមបាតសមុទ្ររវាងទីក្រុងព្រះសីហនុ-ទីក្រុងហុងកុង ហើយលោកស្នើឲ្យសមត្ថកិច្ចកម្ពុជាជួយគ្រប់គ្រង Casino online ដើម្បីកុំប៉ះពាល់ទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ។ ត្រង់ចំណុចនេះ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានឆ្លើយថាសម្តេចតេជោ ហ៊ុន សែន បានសម្រេចលុបបំបាត់ Casino online រួចហើយ។

បន្ទាប់ពីបញ្ចប់ការបំពេញទស្សនកិច្ច រដ្ឋមន្រ្តីក្រសួងការបរទេសចិន បានចាកចេញពីប្រទេសកម្ពុជា នៅម៉ោង៩ព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១នេះ។ ដំណើរទស្សនកិច្ចផ្លូវការរបស់លោក វ៉ាង យី មកកាន់កម្ពុជាលើកនេះ បានបន្តពង្រឹងបន្ថែមទៀតនូវមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការនៃភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរ កាន់តែស្អិតល្មួតថែមទៀត ក្នុងបរិបទនៃបញ្ហាប្រឈមជាសកលដែលកំពុងកើតមាន។

នេះមិនមែនជាលើកទី១ទេ ដែលលោក វ៉ាង យី មកកាន់ប្រទេសកម្ពុជា។ កាលពីឆ្នាំ២០២០ កន្លងទៅ លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន ក៏ធ្លាប់បានដឹកនាំគណៈប្រតិភូ មកបំពេញទស្សកិច្ចផ្លូវការនៅកម្ពុជា រយៈពេល២ថ្ងៃ ផងដែរ គឺថ្ងៃទី១១ និងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងឯកសារ៣ទៀត ក៏ដូចជាពង្រឹង និងពង្រីកបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រោងជ្រោយជាមួយកម្ពុជាផងដែរ។

សម្រាប់ទស្សនកិច្ចនាខែកញ្ញា ឆ្នាំ២០២១នេះ ត្រូវបាននអ្នកជំនាញមើលឃើញថា ផ្តល់នូវចំណេញមហាសាលដល់កម្ពុជាទាំងផ្នែកនយោបាយ និងសេដ្ឋកិច្ច ទោះបីជាទស្សនកិច្ចរបស់ លោក វ៉ាង យី លើកនេះបានផ្សារភ្ជាប់ជាមួយប្រទេស៣ផ្សេងទៀត ដែលក្នុងនោះមានប្រទេសវៀតណាម សិង្ហបុរី និងកូរ៉េខាងត្បូងក៏ដោយ។ បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា របស់រាជបណ្ឌិត្យសភាកម្ពុជា បានយល់ឃើញថា ជាទិដ្ឋភាពនយោបាយ វាជាសារមួយដែលអាចបញ្ជាក់បានថា នៅពេលណានិយាយពីអាស៉ីអាគ្នេយ៍ ឬនិយាយពីអាស៊ាន ចិនមិនដែលភ្លេចកម្ពុជា ដែលជាមិត្តដែកថែបរបស់ខ្លួននោះទេ។

រហូតមកដល់ពេលនេះ ទំនាក់ទំនងកម្ពុជា និងចិន មានរយៈពេលជាង៦៣ឆ្នាំហើយ ដោយបានចាប់ផ្តើមបង្កើតដោយព្រះមហាវីរក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និង ជូ អេនឡាយ ហើយត្រូវបានដំឡើងជាបន្តបន្ទាប់រហូតមកដល់ពេលនេះ។ នៅក្នុងខែធ្នូឆ្នាំ២០១០ កម្ពុជា-ចិន បានសម្រេចដំឡើងទំនាក់ទំនងការទូតឲ្យដល់កម្រិត «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» អំឡុងជំនួបវាង នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីចិន វេន ជាប៉ាវ (WenJiabao)។ បន្ថែមពីនេះកាលពីឆ្នាំ២០១៨ អំឡុងពេលបំពេញទស្សនកិច្ចរបស់ លោកនាយករដ្ឋមន្ត្រី លី ខឺឈាង ភាគីទាំងពីរក៏បានកសាងនូវសហគមន៍មួយ ជោគវាសនាតែមួយ ដោយធ្វើឲ្យទំនាក់ទំនងដៃជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកាន់តែប្រសើរថែមទៀត។


អត្ថបទសំខាន់ៗពាក់ព័ន្ធដំណើរទស្សនកិច្ចរបស់លោក វ៉ាង យី (Wang Yi) មកកាន់ប្រទេសកម្ពុជារយៈពេល២ថ្ងៃ៖

១៖ ប្រមុខការទូតកម្ពុជាបញ្ជាក់ថា កម្ពុជាមិនទាន់មានហានិភ័យជាមួយបំណុលជាតិនោះទេ និងចេះប្រើប្រាស់កម្ចីយ៉ាងសមរម្យ
http://fna.asia/c4e8b49

២៖ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ថ្លែងអំណរគុណរដ្ឋាភិបាលចិន ដែលជួយកម្ពុជាការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងជួយស្តារសេដ្ឋកិច្ច-សង្គម
http://fna.asia/9271ec9

៣៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ ការអភិវឌ្ឍកម្ពុជាគ្រប់វិស័យ មិនអាចកាត់ផ្តាច់ពីការគាំទ្ររបស់ចិនបានទេ
http://fna.asia/07f4784

៤៖ លោក ប្រាក់ សុខុន៖ មកដល់ពេលនេះ កម្ពុជាទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ពីមហាមិត្តចិនជាង ២៦លានដូសហើយ ក្នុងនោះជំនួយឧបត្ថម្ភចំនួន៤លាន ៣សែនដូស
http://fna.asia/e1da96a

៥៖ ប្រមុខការទូតចិន សន្យាខិតខំធ្វើយ៉ាងណាជំរុញឲ្យផលិតផលកសិកម្មកម្ពុជា ចូលទៅទីផ្សារចិនកាន់តែច្រើន
http://fna.asia/ae847d8

៦៖ សម្តេចតេជោ ហ៊ុន សែន សម្តែងការគោរពចិន ដែលចិនជាប្រទេសធំ តែមិនប្រកាន់ទំនាក់ទំនងជាមួយប្រទេសតូច
http://fna.asia/abb3581

៧៖ សម្ដេចតេជោ ហ៊ុន សែន ប្រកាសឧបត្ថម្ភថវិកា១លានដុល្លារ ដែលទទួលបានជាមួយមេដាយមាសសន្តិភាពពិភពលោក យកទៅកសាងផ្ទះជូនអតីតយុទ្ធជន
http://fna.asia/8f6ba51

៨៖ សម្តេចតេជោ ហ៊ុន សែន៖ មិត្តភាពដែកថែបកម្ពុជាចិន គឺមានន័យថាមិត្តទុកចិត្តគ្នា បន្ថែមលើដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ
http://fna.asia/bfe30af

៩៖ សម្តេចតេជោ ហ៊ុន សែន ចាត់ទុកការទទួលពហុកីឡដ្ឋានជាតិមរតកតេជោ ជាសមិទ្ធផលដើមរដូវ នៃទំនាក់ទំនងដែកថែប ដែលផ្តល់ដោយប្រធានាធិបតីចិន ស៊ី ជិនពីង
http://fna.asia/6d32c5d

១០៖ លោក វ៉ាង យី សង្ឃឹមថា តាមរយៈការហ្វឹកហាត់នៅពហុកីឡដ្ឋានជាតិមរតកតេជោ កម្ពុជានឹងទទួលបានមេដាយមាសច្រើនជាងគេក្នុងការប្រកួតស៊ីហ្គេម ២០២៣
http://fna.asia/e6dab9a

១១៖ សម្តេចតេជោ ហ៊ុន សែន៖ ទំនាក់ទំនងល្អ កម្ពុជា-ចិន កសាងដោយសម្តេចឪ ជាមួយមេដឹកនាំចិនជំនាន់មុន និងបន្តវេនដោយអ្នកជំនាន់នេះ (Video inside)
http://fna.asia/0e080ab

១២៖ សម្តេចតេជោ ហ៊ុន សែន ចោទសួរជាថ្មី «បើមិនឲ្យខ្ញុំពឹងចិន តើឲ្យខ្ញុំទៅពឹងនរណា? តើខ្ញុំមានកំហុសទេ ទាក់ទងមិត្តចិន ហើយបាននាំមកនូវសមិទ្ធផលយ៉ាងច្រើន សម្រាប់ជាតិ?»
http://fna.asia/caf4345

១៣៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសជាថ្មីថា កម្ពុជាបន្តស្វាគមន៍ប្រទេសទាំងអស់ ដែលបរិច្ចាគវ៉ាក់សាំងឱ្យកម្ពុជា ទាំងតាមយន្តការកូវ៉ាក់ ទ្វេភាគី ឬពហុភាគី
http://fna.asia/89898dc

១៤៖ សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាប្រកាន់គោលនយោបាយសន្តិសហវិជ្ជមាន ធ្វើមិត្តជាមួយប្រទេសទាំងអស់មិនធ្វើជាសត្រូវឡើយ
http://fna.asia/16a3d5c

១៥៖ TOP NEWS: ចិនផ្តល់ជំនួយវ៉ាក់សាំងកូវីដ៣លានដូសថែមទៀតដល់កម្ពុជា ដើម្បីចាក់ដូសទី៣ ជូនពលរដ្ឋដោយឥតគិតថ្លៃ
http://fna.asia/2c21c10

១៦៖ ឯកសារចំនួន៦ ត្រូវបានចុះហត្ថលេខាដោយកម្ពុជា-ចិន ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន និងលោក វ៉ាង យី
http://fna.asia/2a9a641

១៧៖ ប្រមុខការទូតចិន ប្រាប់សម្តេចតេជោ ហ៊ុន សែន ថាចិននឹងនាំចូលផលិតផលកសិកម្មកម្ពុជា ទៅកាន់ទីផ្សារចិនឱ្យកាន់តែច្រើន ដើម្បីប្រយោជន៍កសិករខ្មែរ
http://fna.asia/c1fba67

១៨៖ លោក វ៉ាង យី ជួបពិភាក្សាការងារជាមួយឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង និងឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ព្រមទាំងទទួលទានអាហារការងារពេលព្រឹក ជាមួយមន្រ្តីជាន់ខ្ពស់របស់កម្ពុជា
http://fna.asia/e419fb6

១៩៖ ប្រមុខការទូតចិន បានចាកចេញពីកម្ពុជាហើយ ក្រោយបំពេញទស្សនកិច្ចរយៈពេល២ថ្ងៃ ប្រកបដោយផ្លែផ្កា និងស្អិតល្មួត
http://fna.asia/3c1841d

២០៖ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ចេញសេចក្តីប្រកាសអំពីលទ្ធផលជំនួបរវាងលោក និងប្រមុខការទូតចិន
http://fna.asia/664fc98

២១៖ ចិនផ្តល់ថវិកាចំនួន ២,៥លានដុល្លារ ជូនរាជរដ្ឋាភិបាលកម្ពុជាសម្រាប់ការងារបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា
http://fna.asia/59654f0

២២៖ លោក វ៉ាង យី៖ ចិននឹងបញ្ជូនអ្នកបច្ចេកទេសមកសិក្សាផ្លូវជាតិលេខ៣ កំពត-វាលរេញ ដែលមានប្រវែង២០គីឡូម៉ែត្រពិបាកសាងសង់
http://fna.asia/43d4b25

២៣៖ ប្រមុខការទូតចិនលោក វ៉ាង យី សន្យាពន្លឿនគម្រោងខ្សែកាប្លិ៍អុបទិក ក្រោមបាតសមុទ្រ ព្រះសីហនុ-ហុងកុង
http://fna.asia/68ae7e5